សម្គាល់មើលមើល៍! បើដៃគូរបស់អ្នកចេញសកម្មភាពស្តែង ៥ យ៉ាងនេះ បង្ហាញថាគេកំពុងស្រឡាញ់អ្នកខ្លាំងហើយ
នៅពេលដែលអ្នកចង់ដឹងថា តើដៃគូរបស់អ្នកកំពុងតែស្រឡាញ់អ្នកខ្លាំងឬអត់ រឿងទី ១ ដែលអ្នកមិនគួរធ្វើនោះ គឺសួរត្រង់ៗទៅកាន់ដៃគូ ព្រោះថាបើធ្វើបែបនេះវារៀងចាស់គំរឹលបន្តិចហើយ ផ្ទុយទៅវិញប្រសិនបើដៃគូពិតជាស្រឡាញ់អ្នកខ្លាំង គេនឹងបង្ហាញសកម្មភាពទាំង ៥ យ៉ាងនេះឱ្យអ្នកឃើញ មានដូចជា ៖
១. តែងតែរកពេលវេលាជជែក និង នៅក្បែរអ្នក
នៅពេលដែលដៃគូស្រឡាញ់អ្នកខ្លាំង គេនឹងព្យាយាមរកគ្រប់វិធីសាស្ត្រដើម្បីជជែកនឹងអ្នក និង ណាត់ជួបអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាឡើយ ព្រោះគេចាត់ទុកអ្នកជាមនុស្សជំនិតរបស់គេ និង ជាផ្នែកមួយនៃជីវិតរបស់គេ ។ ដូច្នេះបើបានជួបប្រទះដៃគូបែបនេះ ចូររក្សាទុកកុំឱ្យបាត់បង់ឱ្យសោះ។
២. ហ្មត់ចត់នឹងអ្នក
ត្រង់នេះចង់សំដៅដល់ការយកចិត្តទុកដាក់ និង ចងចាំពីពាក្យសម្ដី សកម្មភាពតូចតាចជាប្រចាំថ្ងៃរបស់អ្នក ។ ឧទាហរណ៍ គេដឹងថាអ្នកក្រោកពីគេងចូលចិត្តធ្វើអ្វីមុនគេ? ពេលពិបាកចិត្តចង់ទៅទីណា? ចូលចិត្តអាហារបែបម៉ិច? ញ៉ាំកាហ្វេមិនដាក់ស្ករ មិនចូលចិត្តពាក់មួកអីជាដើម ។ ទាំងនេះបង្ហាញឱ្យឃើញថា អ្នកជាមនុស្សសំខាន់ ដែលរាល់សកម្មភាពរបស់អ្នក សុទ្ធតែនៅក្នុងការចងចាំរបស់គេ ។
៣. តែងតែលើកទឹកចិត្តអ្នក
ដៃគូដែលស្រឡាញ់អ្នកខ្លាំង ជាប្រភេទមនុស្សតែងតែស្របតាមគំនិតរបស់អ្នក មិនតែប៉ុណ្ណោះអ្វីដែលអ្នកគិតថានឹងចង់ធ្វើ គឺគេបានគិតដល់ថា និង ជ្រោមជ្រែងអ្នកឱ្យចេញផ្លែផ្កា ដើម្បីឱ្យអ្នកសម្រេចបំណង មានក្ដីសុខ ហើយគេក៏មានសុភមង្គល ។ ផ្ទុយទៅវិញក្នុងពេលដែលអ្នកមានបញ្ហា គេនឹងចាំលើកទឹកចិត្តអ្នក ជំរុញអ្នកជាថ្មី តែងផ្ដល់ភាពកក់ក្ដៅមិនឱ្យអ្នកឯកាឡើយ ។
៤. ផ្ដល់តម្លៃឱ្យអ្នក
នៅពេលដែលមនុស្សម្នាក់ស្រឡាញ់អ្នក គេចាប់ផ្ដើមផ្ដល់តម្លៃឱ្យអ្នក គោរពអ្នក និង តែងតែបង្ហាញអារម្មណ៍របស់គេប្រាប់ទៅកាន់មនុស្សជុំវិញខ្លួនថា គេមានមោទកភាពណាស់ដែលមានអ្នកជាដៃគូរបស់គេ ឬ តែងតែលើកសរសើរពីចំណុចល្អរបស់អ្នក ប្រាប់ទៅកាន់មនុស្សជុំវិញខ្លួនជាដើម ។
៥. តែងតែធ្វើគ្រប់សកម្មភាពដើម្បីឱ្យអ្នកសប្បាយចិត្ត
ពេលខ្លះគេធ្វើជាកំប្លែង ពេលខ្លះក៏ពញ្ញាក់អារម្មណ៍អ្នក ដើម្បីបានឃើញពីស្នាមញញឹមរបស់អ្នក ។ មិនតែប៉ុណ្ណោះ គេតែងតែបំពេញនូវរាល់តម្រូវការដែលអ្នកចង់បាន ព្រោះគោលជំហរដ៏ធំរបស់គេ គឺស្នាមញញឹមរបស់អ្នកគឺជាសេចក្ដីសុខរបស់គេ ។ មិនតែប៉ុណ្ណោះ គេជាមនុស្សដែលតែងតែព្យាយាមគោរពតាមពាក្យសន្យា មិនចង់ឃើញអ្នកកើតទុក្ខ មិនសប្បាយចិត្ត និង ក្ដីខកបំណង ៕