បុរសមាន ៦ យ៉ាងនេះ ទើបអាចចងចិត្តនារីៗឱ្យស្រឡាញ់មិនប្រែ
ក្នុងនាមជាមនុស្សប្រុស ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើនារីណាម្នាក់ ហើយចង់ឱ្យនាង ស្រឡាញ់អ្នកវិញ នោះតម្រូវឱ្យអ្នកធ្វើសកម្មភាពជាច្រើន ដើម្បីជម្រុញចំណាប់អារម្មណ៍របស់នាង និងតម្រូវឱ្យ ចេះប្រាស្រ័យទាក់ទង និង ចំណាយពេលវេលាស្គាល់នាង ដើម្បីឱ្យនាងចាប់ផ្ដើមទទួលយកអ្នកដាក់ក្នុងកែវភ្នែក ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ០៦ យ៉ាង ដើម្បីធ្វើឱ្យ មនុស្សដែលអ្នកស្រឡាញ់ គេស្រឡាញ់អ្នកវិញ ៖
១. ថែរក្សាខ្លួនអ្នកជាមុនសិន
ជាទូទៅមនុស្សស្រី តែងតែចាប់អារម្មណ៍ ទៅដល់បុរសទាំងឡាយណាដែលមានភាពរឹងមាំ អាចថែរក្សាខ្លួនឯង និងមនុស្សដែលខ្លួនស្រឡាញ់បាន ។ ទាំងនេះ គឺរួមបញ្ចូលទាំង ការសម្អិតសម្អាងខ្លួនឱ្យបានស្អាតបាត និងមើលទៅមានសុខភាពល្អ ព្រោះវាជាសញ្ញា បង្ហាញពីទំនុកចិត្តលើខ្លួនឯង និង ការគោរពសុខភាពចំពោះខ្លួនឯង ដែលជាភាពទាក់ទាញបំផុតទៅលើមនុស្សស្រី ។
២. បង្ហាញពីគុណសម្បត្តិរបស់អ្នក
មនុស្សស្រី មិនអាចសម្រេចចិត្តស្រឡាញ់អ្នក ដោយសារតែអ្នកស្រឡាញ់នាងតែម្យ៉ាងនោះទេ ព្រោះពេលខ្លះស្នេហា កើតឡើងដោយសារ ការគួបផ្សំ ជាមួយគុណសម្បត្តិរបស់អ្នក ដ៏គួរឱ្យទាក់ទាញ ដែលនាងចង់បាន។ ក្នុងនោះដែរ ស្នេហាតែងតែវិវឌ្ឍន៍ទៅតាមពេលវេលា ដូច្នេះរាល់សកម្មភាព និង គុណសម្បត្តិដែលអ្នកមាន នឹងអាចលេចចេញជារូបរាងឡើង បង្ហាញឱ្យនាងចាប់ផ្ដើមចាប់អារម្មណ៍លើអ្នកខ្លាំងជាងមុន និងធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញខ្ពស់ទៀតផង ។ គួរបញ្ជាក់ផងដែរថា គុណសម្បត្តិទាំងនោះមានដូចជាការចេះលេងសើច អំពើរសប្បុរស និងភាពស្មោះត្រង់ជាដើម ។
៣. ចាប់ផ្ដើមចូលទៅជិតនាង និងបើកចិត្តឱ្យទូលាយ
អ្នកគប្បីចាប់ផ្ដើម បង្កើតរឿងរ៉ាវអ្វីមួយដើម្បីបានចូលទៅជិតខ្លួនរបស់នាង ធ្វើការទំនាក់ទំនងគ្នា នឹងសិក្សាពីភាសាកាយវិការ ហើយអ្វីដែលចាំបាច់បំផុតនោះ គឺអ្នកត្រូវធ្វើយ៉ាងណាឱ្យនាងមានអារម្មណ៍ថា រីករាយ និងមិនមានសម្ពាធក្នុងការទំនាក់ទំនងជាមួយអ្នក ។ ទន្ទឹមនឹងនោះ អ្នកត្រូវបើកចិត្តឱ្យទូលាយ គាំទ្រនូវផ្នត់គំនិត សកម្មភាព និងអត្តចរិតរបស់នាង ព្រោះចំណុចនេះគឺជាវគ្គសន្សំពិន្ទុដ៏ល្អសម្រាប់អ្នក ។
៤. ស្គាល់ឱ្យច្បាស់អំពីនាង
ការស្គាល់ឱ្យច្បាស់អំពីនាង គឺមិនត្រឹមតែ ការចងចាំថ្ងៃកំណើត និង ស្រុកកំណើតរបស់នាងប៉ុណ្ណោះទេ ។ អ្នកចាំបាច់ត្រូវ ចំណាយពេលជាមួយនាង ដើម្បីកសាងទំនុកចិត្ត និង រៀនអំពីការភ័យខ្លាច និងពេលវេលាដែលគួរឱ្យអាម៉ាស់បំផុតរបស់នាង (និងជួយឱ្យនាងសើច) ។ ការធ្វើបែបនេះនឹងធ្វើឱ្យនាងមានអារម្មណ៍ថាកក់ក្ដៅ នឹងយល់ថាមានតែអ្នកទេដែលយល់ពីនាងជាងគេ ។
៥. ស្មោះត្រង់និងខ្លួនឯង និង ស្មោះត្រង់ជាមួយនាងជានិច្ច
ភាពស្មោះត្រង់ គឺជាការបង្កើតនូវទំនុកចិត្ត នៅពេលណាដែលការទុកចិត្ត ត្រូវបានបាត់បង់ ស្នេហារបស់អ្នកនឹងមិនអាចវិលត្រឡប់មកដូចដើមវិញបានឡើយ ។ ដូច្នេះអ្នកត្រូវ ធ្វើខ្លួនជាមនុស្សស្មោះត្រង់ និង បើកចំហអំពីសកម្មភាព ក៏ដូចជាបំណងប្រាថ្នារបស់អ្នក។ ចំណុចនេះសំខាន់បំផុត បើអ្នកបន្តភាពស្មោះត្រង់នេះបានជារៀងរហូត នោះក្ដីស្រឡាញ់ដែលនាងមានចំពោះអ្នកគឺមិនថមថយឡើយ គឺមានតែកើនឡើងលើសដើម ។
៦. ជួយនាងឱ្យសម្រេចក្តីសុបិន្តរបស់នាង
ក្នុងនាមជាបុគ្គលម្នាក់ដែលស្រឡាញ់នាង តួនាទីរបស់អ្នកគឺត្រូវធ្វើយ៉ាងណាឱ្យនាងសប្បាយចិត្ត ច្រើនជាងកើតទុក្ខ ហើយរឿងដែលធ្វើឱ្យនាងសប្បាយចិត្តបំផុតនោះ គឺអាចជួយសម្រេចនូវក្ដីសុបិន្តរបស់នាងបាន ។ ការជួយនេះ ស្ថិតក្រោមរូបភាពដែលមានដូចជា ចំណាយពេលជាមួយនាង ធ្វើនូវអ្វីដែលនាងចង់ធ្វើ នឹងតែងតែលើកទឹកចិត្តនាងជាដើម ។ នៅពេលដែលនាង ឃើញថាអ្នកជាមនុស្សម្នាក់ដែលគាំទ្រនាង ក្នុងរឿងដែលនាងចង់បានសម្រាប់ជីវិត នាងនឹងដឹងថាអ្នកពិតជាមនុស្សសំខាន់បំផុតដែលនាងត្រូវការ ៕
ប្រភព ៖ WikiHow