មួយជាតិរបស់មនុស្សប្រុស ខ្លាចបំផុតប៉ះចំប្រពន្ធមានចរិត ៦ យ៉ាងនេះ
គ្រួសារមួយមានសុភមង្គលរីកចម្រើនទៅមុខ គឺអាស្រ័យលើគូស្វាមីភរិយាមានលក្ខណៈគុណសម្បត្តិ ប្រហាក់ប្រហែលគ្នា ។ បានប្រពន្ធដែលប្រកបដោយកិរិយាមាយាទ ចិត្តគំនិត ល្អ គឺទុកជាសំណាងធំ ក្នុងជីវិតរបស់មនុស្សប្រុស តែបើប៉ះចំប្រពន្ធមានចរិត ៦ យ៉ាងនេះ ទោះខាងប្រុសព្យាយាមយ៉ាងណា ក៏មិនអាចធ្វើឱ្យគ្រួសាររស់នៅប្រកបដោយសុភមង្គលបានឡើយ ។
១. ពូកែតែខាងធ្វើខ្លួនតែការងារផ្ទះសូន្យ
ការចេះស្រឡាញ់ខ្លួន គឺជារឿងល្អប្រសើរមួយ តែបើស្អាតតែខ្លួន នៅក្នុងផ្ទះរប៉ាត់រប៉ាយ កណ្ដុរ កន្លាត សឹងតែរត់បុក សួរថាតើគ្រួសារមួយអាចមានសុភមង្គលបានទេ ? ជាភរិយាល្អ ស័ក្ដិសមជាស្ត្រីប្រកបដោយសេចក្ដីថ្លៃថ្នូរ គឺត្រូវពូកែនឹងការងារផ្ទះដែរ ។
២. មិនគោរពសម្ដីកោងកាចដាក់ប្ដី
មនុស្សប្រុសអន់ចិត្តបំផុត នៅពេលដែលមនុស្សស្រីមិនផ្ដល់តម្លៃ ប្រើសម្ដីទ្រគោះបោះបោក មាក់ងាយ ពីមនុស្សស្រី ពិសេសគឺប្រពន្ធរបស់ខ្លួនឯង ។ ជាស្ត្រីថ្លៃថ្នូរ ប្រកបដោយចរិយាសម្បត្តិ មិនគួរប្រើចរិត កោងកាចដាក់ប្ដីឡើយ បើបានប្ដីមានចរិតស្លូតបូតកាន់តែគោរពថែមទៀត ។
៣. មិនចេះគ្រប់គ្រងលុយកាក់ដែលប្ដីខំរក
តួនាទីដ៏សំខាន់មួយរបស់ភរិយា គឺការគ្រប់គ្រងលុយកាក់ដែលប្ដីខំរក ត្រូវចេះបែងចែកការចំណាយ និង ការសន្សំឱ្យច្បាស់លាស់ ។ បើប្ដីរកបានប៉ុន្មានក៏មិនដែលសល់ ព្រោះប្រពន្ធចាយលុយមិនដឹងមុខ ខ្ជះខ្ជាយ សួរថា តើប្ដីមានកម្លាំងចិត្តឯណានឹងប្រឹងប្រែងតស៊ូទៅមុខទៀត ។
៤. ចូលចិត្តនិយាយពីគ្រួសារខ្លួនឯងប្រាប់អ្នកដទៃ
ទាំងរឿងទាំងរឿងអាក្រក់ចូលចិត្តយកទៅប្រាប់អ្នកជិតខាង មានកិច្ចការសំខាន់ក្នុងគ្រួសារមិនចេះលាក់ការណ៍ យកប្ដីទៅនិយាយដើមប្រាប់អ្នកដទៃ គឺសុទ្ធតែជាទង្វើដែលមនុស្សប្រុសគ្រប់រូបស្អប់បំផុត ។ ទោះមានរឿងអ្វីក៏ដោយដឹងឮតែក្នុងគ្រួសារខ្លួនឯងបានហើយ ព្រោះអ្នកដទៃមិនបានជួយអី ក្រៅពីចាំសើច ចាំយំ នោះទេ ។
៥. មិនដែលតាំងខ្លួនធ្វើជាម្ដាយ ជាប្រពន្ធគេ ចូលចិត្តធ្វើដូចនៅក្រមុំ
មនុស្សស្រីខ្លះពេលរៀបការហើយ មិនព្រមកាត់បន្ថយភាពហ៊ឺហា ឡូយឆាយ ដើរផឹកស៊ីជួបជុំមិត្តមិត្ត នោះទេ នៅធ្វើខ្លួនដូចក្រមុំ ។ កូន ប្ដីនៅផ្ទះ មិនដឹងបាយទឹកឯណា មិនដែលមានការទទួលខុសត្រូវ ព្រលែងដៃចោល មិនថាប្ដីនោះជាមនុស្សល្អប៉ុនណាក៏មិនអាចទទួលយកបានឡើយ ។
៦. ពូកែខាងរអ៊ូបញ្ឆេះកំហឹងដល់ប្ដី
នៅពេលដែលប្ដីធ្វើខុសអីបន្តិច មិនព្យាយាមជួយជ្រោមជ្រែង ផ្ដល់ជាគំនិត ឬ ដំណោះស្រាយឡើយ តែបែរជាមកអង្គុយរអ៊ូដាក់ត្រចៀកប្ដី ដូចលោកទេសនាទៅវិញ ។ មនុស្សប្រុសធុញបំផុត គឺការនិយាយម្ដងហើយម្ដងទៀតច្រំដែលៗ តាំងពីព្រឹកទល់យប់មិនព្រមឈប់ ។ ការរអ៊ូង៉ូវៗនេះ ប្រៀបដូចជាការបញ្ឆេះកំហឹងឱ្យមនុស្សស្លូតក្លាយជាកាចបាន ៕