ក្រៅពីលុយ និង ភាពកក់ក្ដៅ ប្រពន្ធនៅប្រទេសកម្ពុជា ចង់បាន ៥ យ៉ាងនេះបំផុតពីប្ដី
ទើបតែរៀបការហើយថ្មីៗស្រីៗចង់ឲ្យស្វាមីធ្វើរឿងមួយចំនួនដល់ខ្លួនខ្លាំងណាស់ តែដោយសារតែទើបតែចូលរោងការជាមួយគ្នាទើបមិនហ៊ាននិយាយ ។ ឥឡូវនេះ «ប្រជាប្រិយ» ជាអ្នកទម្លាយជំនួសស្រីៗដែលទើបនឹងក្លាយជាភរិយាគេថ្មីថ្មោងទាំងនោះទៅចុះ ។ តោះប្រុសៗសូមមកជ្រួតជ្រាបទាំងអស់គ្នា ៖
១. សូមឲ្យការជួបជុំផឹកស៊ីតែក្នុងកម្មវិធីសំខាន់ៗបានហើយកុំរាល់ថ្ងៃចោលប្រពន្ធពេក
បុរសមួយចំនួនគិតថាវាជារឿងធម្មតាសម្រាប់ខ្លួន តែដែលគិតទេថាក្នុងចិត្តប្រពន្ធកំពុងចាំប្ដី នៅឯផ្ទះមានអារម្មណ៍អន្ទះអន្ទែងបែបណា ? ការសេពគប់មិនភក្ដិចៀសមិនផុតពីរឿងនេះឡើយ តែសូមកុំឲ្យវាក្លាយជាទម្លាប់ ព្រោះគ្មានភរិយាឯណាស្រឡាញ់ប្ដីក្លិនតែស្រាឡើយ ។
រូបតំណាង
២. សូមឲ្យប្ដីចំណាយពេលដ៏រវល់ផ្ដល់ភាពកក់ក្ដៅឲ្យប្រពន្ធកូនខ្លះ
រឿងនេះបុរសជាប្ដីអាចគិតថាប្រពន្ធទំនងជាមិនអាក់អន់ស្រពន់ចិត្តអ្វីឡើយ ព្រោះគិតថាខ្លួនរវល់ខ្លាំងរហូតគ្មានពេលឲ្យប្រពន្ធកូន ព្រោះតែរកលុយផ្គត់ផ្គង់គ្រួសារ ។ យ៉ាងណាបើគិតតែរឿងការងាររហូតភ្លេចគិតមនុស្សដែលអ្នកស្រឡាញ់នៅតែក្នុងផ្ទះ គ្មានឱកាសបានសាងភាពផ្អែមល្ហែមនោះក៏មិនអាចធ្វើឲ្យជីវិតគ្រួសារមានសុភមង្គលបានដែរ ។
៣. បើសិនជាអាចកិច្ចការងារផ្ទះទាំងឡាយសូមជួយប្រពន្ធខ្លះផងកុំប្រកាន់ខ្លួនពេកអី
ការងារផ្ទះភាគច្រើនភរិយាជាអ្នកទទួលរ៉ាប់រង មិនថាការរៀបចំទុកផ្ទះសម្បែង ម្ហូបអាហារ បោកសម្លៀកបំពាក់ និង មានកិច្ចការជាច្រើនទៀត ។ ដូច្នេះនាងត្រូវទទួលបន្ទុកច្រើនទាំងការងារក្នុង និង ការងារក្រៅ ។ សូមប្ដីកុំប្រកាន់ខ្លួន កុំគិតថាការងារស្រី ការងារប្រុស បើឃើញនឹងភ្នែកហើយក៏ដាក់ដៃជួយប្រពន្ធខ្លះទៅ ព្រោះវាមិនបានធ្វើឲ្យធ្លាក់តម្លៃអ្វីឡើយ តែផ្ទុយមកវិញធ្វើឲ្យគ្រួសារកាន់តែមានសុភមង្គល ។
៤. សូមឲ្យស្រឡាញ់នាង និង គ្រួសារនាងដូចគ្រួសារអ្នកដែរ
ក្រៅពីស្រឡាញ់នាងហើយ ប្រពន្ធចង់ឲ្យប្ដីផ្ដល់កិត្តិយស និង តម្លៃទៅគ្រួសារនាងដូចគ្នា ។ នាងនឹងមានអារម្មណ៍ថាអ្នក និង នាងមិនមែនគ្រាន់តែជាប្ដីប្រពន្ធ តែជាគ្រួសារតែមួយដូចចេញពីឈាមតែមួយ ហើយកាន់តែធ្វើឲ្យនាងមានភាពកក់ក្ដៅព្រមស្ម័គ្រខ្លួនក្បែរអ្នកគ្មានថ្ងៃផ្លាស់ប្ដូរ ។
៥. សូមឲ្យស្មោះត្រង់ជាមួយនាងកុំប្រឡូកប្រឡាកជាមួយអ្នកផ្សេង
មនុស្សស្រីក្រោយរៀបការហើយគឺនាងបានដាក់ចិត្តថាស្រឡាញ់តែប្ដីម្នាក់ ប្រគល់ចិត្ត និង បេះដូងដ៏ស្មោះរបស់នាងឲ្យទៅអ្នក ។ គ្មានមនុស្សស្រីឯណាលើលោកនេះសប្បាយចិត្ត ពេលឮថាប្ដីមានស្រីនោះទេ មិនថាស្រីនោះមានឋានៈក្នុងបេះដូងប្ដីជាអ្វីក៏ដោយក៏នាងមិនអាចទទួលយកបានដែរ ។ សូមឲ្យស្វាមីគ្រប់រូបកុំបំផ្លាញក្ដីសុខ និង សុភមង្គលគ្រួសារ ព្រោះតែបុគ្គលទី ៣ ឲ្យសោះ ព្រោះតែអ្នកដែលព្រមកាន់ដៃអ្នក ព្រមរួមសុខ រួមទុក្ខជាមួយអ្នក គឺមានប្រពន្ធនេះហើយ ៕
រូបតំណាង