ក្រមុំៗត្រៀមទៅ! ក្រោយក្លាយជាប្រពន្ធគេ ត្រូវប្រឈមរឿង ៦ យ៉ាងមិនធ្លាប់ជួបសោះក្នុងជីវិត
មិនថាបុរស ឬ នារីមិនអាចជៀសផុតពីជីវិតគូឡើយ ហើយជីវិតគូនេះជាដំណាក់កាលមួយដែលផ្លាស់ប្ដូរជីវិតអ្នកឲ្យផ្លាស់ប្ដូរស្ទើរទាំងស្រុង ។ ខាងក្រោមនេះជារឿងដែលនារីៗត្រូវប្រឈមក្រោយរៀបការហើយ ដែលមិនធ្លាប់ជួបពីមុនសោះ ៖
១. បញ្ហាការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ
ក្រោយពេលរៀបការហើយស្រីៗមានតួនាទីសំខាន់មួយគឺការចាត់ចែងលុយកាក់ដែលរកបាន មិនថាលុយដែលរកបានដោយប្ដី និង លុយដែលរកបានដោយខ្លួនឯងឡើយ។ កាលជីវិតនៅម្នាក់ឯងមិនដែលខ្វល់ខ្វាយរឿងលុយកាក់ច្រើនឡើយ សំខាន់ឲ្យតែផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់។ ក្នុងនាមជាប្រពន្ធត្រូវចេះចាត់ចែងលុយកាក់ឲ្យបានត្រឹមត្រូវដើម្បីឲ្យគ្រួសារមានភាពរីកចម្រើន មានសេដ្ឋកិច្ចរឹងមាំ។
២. ទម្លាប់រស់នៅប្រចាំថ្ងៃត្រូវផ្លាស់ប្ដូរ
ការដើរដេក ឈរ អង្គុយ ការនិយាយស្ដី និង ទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួនឯងត្រូវផ្លាស់ប្ដូរស្ទើរទាំងស្រុង។ ក្លាយជាប្រពន្ធគេមិនអាចសម្រេចចិត្ត ឬ ធ្វើអ្វីតាមតែចិត្តទៀតឡើយ មិនអាចគេងទ្រមក់ដូចពីមុន ទៅណាមកណាក៏មិនចេះតែម្នាក់ឯងឆ្កុយៗទៀតឡើយ ពោលគឺត្រូវផ្លាស់ប្ដូរស្ទើរគ្រប់បែបយ៉ាង។
៣. បន្ទុកគ្រួសារត្រូវទទួលខុសត្រូវច្រើនជាងមុន
កាលនៅលីវត្រូវខ្វល់ខ្វាយតែពីខ្លួនឯង និង គ្រួសារប៉ុណ្ណោះ តែពេលក្លាយជាប្រពន្ធគេ ជាកូនប្រសាគេ ត្រូវយកចិត្តទុកដាក់ទាំងឪពុកម្ដាយបង្កើត ទាំងឪពុកម្ដាយក្មេក ហើយក៏ត្រូវប្រឈម បញ្ហាជាច្រើនទាំងសាច់បង្កើត និង សាច់ថ្លៃ។
៤. ជីវិតឯករាជ្យច្រើនជាងមុនចាប់ផ្ដើមក្លាយជាមនុស្សចាស់ទុំ
មិនទាន់រៀបការគឺស្ថិតនៅក្រោមការឃុំគ្រង មើលខុសត្រូវ ដោយឪពុកម្ដាយ។ ក្រោយរៀបការហើយ ត្រូវរៀនទទួលខុសត្រូវលើខ្លួនឯង មានសេរីភាពច្រើនជាងមុន ចាប់ផ្ដើមចេះគិត ចេះធ្វើអ្វី ដោយចេញ ពីខ្លួនឯង ហើយក៏ចាប់ផ្ដើមក្លាយជាមនុស្សចាស់ទុំជាងមុនដែរ។
៥. ត្រៀមខ្លួនក្លាយជាម្ដាយគេយល់កាន់តែច្បាស់ពីទំហំនៃក្ដីស្រឡាញ់
នេះជារឿងថ្មីបំផុតដែលមិនធ្លាប់ឆ្លងកាត់ពីមុនសោះ គឺការក្លាយជាម្ដាយគេ ។ អំឡុងពេលពពោះ រហូតដល់ពេលសម្រាលនាមជាម្ដាយត្រូវជួបការលំបាកស្ទើរគ្រប់បែបយ៉ាងទាំងការមើលថែទាំខ្លួនឯង ទាំងកូនក្នុងផ្ទៃ ពេលខ្លះអាចចាញ់កូនត្រូវតមអាហារ ឬ អាចធ្វើឲ្យឡើងគីឡូខុសពីធម្មតា ។ ដំណាក់ កាលនេះអ្នកនឹងយល់កាន់តែច្បាស់ថា ធ្វើជាម្ដាយគេគឺមិនងាយស្រួលឡើយ តែអារម្មណ៍ម្យ៉ាងទៀត អ្នកហាក់មានក្ដីសុខ សុភមង្គល ខុសពីពេលណាៗទាំងអស់ក្នុងជីវិត ព្រោះតែឥទ្ធិពលនៃក្ដីស្រឡាញ់ទៅកូន និង ការផ្ដល់ភាពកក់ក្ដៅពីស្វាមី។
៦. ត្រៀមខ្លួនក្លាយជាជីវិតគូ
ជីវិតគូមិនខុសអីពីចានក្នុងរាវតែងប៉ះទង្គិចគ្នា។ ជីវិតគូមិនមែនគ្រាន់តែនិយាយពាក្យថាស្រឡាញ់ អស់បញ្ហាឡើយ គឺត្រូវប្រឈមរឿងរ៉ាវជាច្រើនមានផ្អែម ប្រៃ ល្វីង ជូចត់ ពេលខ្លះមានក្ដីសុខខ្លាំង ហើយពេលខ្លះក៏ត្រូវស្រក់ទឹកភ្នែក។ ដំណាក់កាលនេះត្រូវទាមទារឲ្យមានការអត់ធ្មត់ ការយោគយល់ និង ការលើកលែង ទើបជីវិតគូអាចដើរទៅមុខជារៀងរហូត។
៧. ប្រែប្រួលរូបសម្រស់
ក្រោយរៀបការហើយអ្នកអាចនឹងផ្លាស់ប្ដូរសម្រស់ ជួនកាលអាចស្អាតជាងពីមុន ឬ ជួនកាល អាចស្គម ឬ ធាត់ជាងមុនដែលអាស្រ័យលើស្ថានភាពដែលអ្នករស់នៅ។ ជាពិសេសក្រោយពេលមានកូនហើយ អ្នកនឹងកាន់តែចាប់អារម្មណ៍ថារូបរាងខុសគ្នាពីមុនដាច់។ ការរក្សាសុខភាព និង រូបរាងឲ្យនៅតែដូចដើមក៏អាស្រ័យលើការមើលខុសត្រូវលើខ្លួនឯងដែរ៕