ម្ដាយ Nine រងការរិះគន់ជាថ្មី ក្រោយបង្ហោះរូបមួយសន្លឹក ត្រឹម ២ ម៉ោងមុនកូនប្រុសចេញមុខប្រកាសដំណឹងបែកគ្នា
ព័ត៌មានដ៏ក្ដៅគគុក នៃការប្រកាសផ្ដាច់ចំណងស្នេហ៍រវាងកំពូលតារាសម្ដែងថៃ Nine Naphat និង Baifern Pimchanok នៅតែធ្វើឱ្យមហាជនជាច្រើនមិនអស់ចិត្ត បើទោះជាតារាប្រុស Nine Naphat ចេញមុខទទួលរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯង និង លើកឡើងបញ្ជាក់ច្បាស់ៗថា លោកមិនអាចគ្រប់គ្រង និង រក្សាចំណងស្នេហ៍នេះមិនបានល្អដោយខ្លួនឯង ហើយការផ្ដាច់ទំនាក់ទំនងគ្នានេះ គឺមិនពាក់ព័ន្ធនឹងម្ដាយរបស់លោកនោះឡើយ។
យ៉ាងណាមិញ ទោះជា Nine Naphat បដិសេធបែបនេះក្ដី ប៉ុន្តែសកម្មភាពរបស់ម្ដាយតារាប្រុសរូបនេះ នៅតែទទួលបានការរិះគន់ពីមហាជនដដែល។ ជាក់ស្ដែង នៅ ២ ម៉ោង មុន Nine ធ្វើសន្និសីទកាសែត លោកស្រី Moo Pimpaka បានបង្ហោះរូបភាពម្ហូបអាហារយ៉ាងធម្មតា ទាំងដែលដឹងថាកូនប្រុសកំពុងត្រៀមខ្លួនទម្លាយរឿងឈឺចាប់ក្នុងពេលប៉ុន្មានម៉ោងទៀតនោះ។
ការបង្ហោះរបស់លោកស្រី Moo Pimpaka នេះហើយ បានធ្វើឱ្យមហាជនជាច្រើនចូលទៅបញ្ចេញមតិរិះគន់ ដោយខ្លះលើកឡើងថា លោកស្រី Pimpaka កំពុងតែធូរចិត្ត និង រីករាយខ្លាំង ក្រោយកូនប្រុសបានបែកគ្នាជាមួយសង្សារ ខណៈអ្នកខ្លះទៀតបាននិយាយថា វាមិនមែនជារឿងចៃដន្យនោះទេទាំងដែលគាត់ជាម្ដាយ ពិតណាស់ដឹងច្បាស់ពីរឿងគ្រប់យ៉ាងរបស់កូន ដឹងថាកូនកំពុងឈឺចាប់បែកគ្នាជាមួយមនុស្សដែលខ្លួនស្រឡាញ់ តែខ្លួនបែរជាបង្ហោះរូបលេងធម្មតាបែបនេះ៕
ប្រភព៖ Kenh14