ផែនដីក្រឡាប់ចាក់! វាលខ្សាច់នៅអារ៉ាប៊ីសាអូឌីត ធ្លាប់តែក្ដៅហួតហែង ឥលូវមានព្រិលធ្លាក់សក្បុសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលតំបន់ Al-Jawf លាតសន្ធឹងនៅភាគខាងជើងវាលខ្សាច់ Al-Nafud ទទួលបទពិសោធមានព្រិលធ្លាក់ជាលើកដំបូង។ ទិដ្ឋភាពស្ដែងៗនៃការប្រែប្រួលអាកាសធាតុដ៏កម្រនេះ បានបង្ហាញឱ្យឃើញវាលខ្សាច់ដែលធ្លាប់តែក្ដៅស្ងួតហួតហែង ប្រែក្លាយទៅជាវាលទឹកកកសក្បុសគួរជាទីប្លែកភ្នែកបំផុត។ មនុស្សម្នាជាច្រើននាំគ្នាចុះពីលើឡានដើម្បីផ្តិតយកទេសភាពដ៏កម្រមួយនេះ។
គួរឱ្យដឹងថា សីតុណ្ហភាពនៅវាលខ្សាច់ Al-Nafud ជាធម្មតាអាចហក់ឡើងដល់ ៥៥ អង្សាសេតាមតំបន់ ដូច្នេះហើយការធ្លាក់ចុះនៃសីតុណ្ហភាពភ្លាមៗបានបង្កជាបាតុភូតដ៏កម្រមួយនេះកើតមានឡើង។ តាមសារព័ត៌មានរបស់រដ្ឋបានចេញផ្សាយថា ភ្លៀងធ្លាក់ខ្លាំង និង ការធ្លាក់ដុំទឹកកក បានកើតមានពាសពេញតំបន់ Al-Jawf កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។
ជាមួយគ្នានោះដែរ ខាងនាយកដ្ឋានឧតុនិយមជាតិប្រចាំប្រទេសអារ៉ាប់រួមក៏បានចាត់ទុកបាតុភូតអាកាសធាតុដ៏ចម្លែកនេះជាប្រព័ន្ធសម្ពាធទាបដែលបានផ្លាស់ពីសមុទ្រអារ៉ាប់ទៅប្រទេសអូម៉ង់។ អាកាសធាតុបែបនេះបាននាំខ្យល់សំណើមចូលទៅកាន់តំបន់ដែលធ្លាប់តែរាំងស្ងួត បង្កជាព្យុះភ្លៀងផ្គររន្ទះ ព្យុះដុំទឹកកក ពាសពេញប្រទេសអារ៉ាប់ និង បណ្ដាប្រទេសក្បែរខាងនោះ។
ប្រភព៖ Metro