អ្នកវិទ្យាសាស្ត្រផ្ទុះការបារម្ភ ក្រោយរកឃើញវីរុស «Zombie» កប់ក្នុងផ្ទាំងទឹកកកជិត ៥ ម៉ឺនឆ្នាំមុន នៅមានលទ្ធភាពឆ្លង
អ្នកវិទ្យាសាស្ត្រនៅបារាំងជាច្រើន បង្ហាញការបារម្ភពីការផ្ទុះឆ្លងនៅជំងឺរាតត្បាតថ្មី ក្រោយពួកគេធ្វើការដាស់វីរុស «Zombie» អាយុកាល ៤៨ ៥០០ ឆ្នាំមុន ដែលបានរកឃើញជាប់ក្នុងផ្ទាំងទឹកកកនាបឹងមួយកន្លែងក្នុងប្រទេសរុស្ស៊ី។
បើតាមការសិក្សាស្រាវជ្រាវពីក្រុមអ្នកវិទ្យាសាស្ត្រមកពី French National Centre for Scientific Research បានឱ្យដឹងថា បច្ចុប្បន្ន ពួកគេបានដាស់វីរុស «Zombie» មួយចំនួន ក្នុងចំណោមវីរុសបុរាណទាំង ១៣ ដែលពួកគេបានរុករកឃើញនៅក្នុងផ្ទាំងទឹកកកនាតំបន់ Siberia។ ក្នុងចំណោមនោះ ក៏មានវីរុសមួយអាយុកាលយូរជាងគេបំផុតរហូតដល់ ៤៨ ៥០០ ឆ្នាំមុន បានវិលត្រឡប់មកក្នុងសភាពដែលវាអាចបង្កជាហានិភ័យឆ្លងដល់ពពួកភាវៈដទៃទៀតបាន។
ក្រុមអ្នកវិទ្យាសាស្ត្រ ដែលដឹកនាំដោយអ្នកជំនាញផ្នែកមីក្រូជីវវិទ្យា Jean-Marie បានបញ្ជាក់ប្រាប់ថា វីរុសបុរាណទាំងនេះ គឺអាចជាការគំរាមកំហែងដ៏សំខាន់ដល់សុខភាពមនុស្ស សត្វ និង ភាវៈដទៃទៀត។ ក្នុងនោះដែរ ការសិក្សាបន្ថែមនឹងត្រូវបន្តធ្វើឡើង ដើម្បីវាយតម្លៃពីហានិភ័យគ្រោះថ្នាក់ ដែលភ្នាក់ងារចម្លងរោគទាំងនេះអាចបង្កឡើង នៅពេលណាមួយដែលផ្ទាំងទឹកកករលាយដោយសារការឡើងកម្ដៅផែនដី៕
ប្រភព៖ New York Post