ដល់.ក! Grace ត្រូវចោរគាស់ផ្ទះចូលលួចកាបូប និងគ្រឿងអលង្ការអស់ជិត ៨ ម៉ឺនដុល្លារ
តារាស្រី Grace KanKlao គឺជាតារាស្រីម្នាក់ដែលមានទេពកោសល្យសមត្ថភាពច្រើនយ៉ាង ហើយក្រៅពីអាជីពជាអ្នកសម្ដែង ស្រីស្រស់រូបនេះក៏ជាអ្នកបង្ហាញម៉ូដ អ្នកចម្រៀង និង មានស្នាដៃសិល្បៈជាច្រើនទៀតផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រីរូបនេះ ហាក់រាសីដាក់ជួបរឿងស៊យ ព្រោះត្រូវចោរចូលផ្ទះ មកប្រមូលអស់កាបូប និងរបស់របគ្រឿងអលង្ការប្រ៊េនៗជាច្រើន ដែលគិតជាទឹកប្រាក់សរុបប្រហែលជា ៣ លានបាត ស្មើរនឹងប្រហែល ៧៩ ០០០ ដុល្លារឯណោះ។
ភ្លាមៗនោះ នាងបានផ្តល់ដំណឹងឱ្យមហាជនអ្នកគាំទ្រ នៅតាមបណ្តាញសង្គមរបស់ខ្លួនថា «យប់មិញនេះ មានចោរចូលមកផ្ទះរបស់ Grace លួចបានកាបូប និង របស់ប្រ៊េនទៅបានសរុបទឹកប្រាក់ប្រហែលជា ៣ លានបាត ដែលមានដូចជា Chanel No.5 Perfume Bag, Chanel Boy ពណ៌មាស ពណ៌ខៀវ ពណ៌ខ្មៅ-ស ពណ៌គ្រីម និងកាបូប Prada ពណ៌មាស, Fendi ពណ៌ប្រផេះ YSL ពណ៌ក្រហម កងដៃ Chanel ៦ កង ខ្សែក្រវ៉ាត់ ខ្សែក ចិញ្ចៀន ក្រវិលម៉ាក Bulgari, Chanel, Dior ព្រមទាំងរបស់របប្រ៊េនផ្សេងៗជាច្រើនទៀត ត្រូវបានប្រមូលទៅទាំងអស់។ ពេលនេះ កំពុងតែទៅប្តឹងប៉ូលិស ហើយហាងណា ដែលទទួលទិញកាបូបប្រ៊េនដែលដឹងពីព័ត៌មាននេះ មុននឹងទិញសូមឆែកមើលមើលផងណា កុំឱ្យមានការទិញរបស់ចោរទៅ។ ចំណែកបើមានព័ត៌មានអ្វីដែលទាក់ទងសូមទាក់ទងមកខាងនេះវិញដូចគ្នា ពេលនេះកំពុងតែរករូបរបស់ដែលបាត់ សូមរំខានបន្តិចហើយណា ចំណែក Grace ក៏កំពុងនៅខុនដូ ហើយករណីនេះ មិនមានអ្នកណាគ្រោះថ្នាក់នោះទេ សូមអរគុណណាស់»។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រម្នាក់ៗ ជូនពរឱ្យតារាស្រីរូបនេះឆាប់រករបស់ឃើញផងដែរ៕