ចែកគ្នាដឹង! អ្នកបើកបរដែលត្រូវកាត់ពិន្ទុ បើចង់បានពិន្ទុវិញ អាចធ្វើតាមវិធីនេះនៅក្រសួង
តាមរយៈក្រសួងព័ត៌មាន នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានធ្វើការសម្ភាសមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ឈួន វ៉ន់ ឱ្យបានដឹងថា នៅលើបណ្ណបើកបរត្រូវបានកំណត់ពិន្ទុសរុបចំនួន ១២ ហើយពិន្ទុ នឹងកាត់ពី ១ ពិន្ទុ ទៅដល់ ៦ ពិន្ទុ ទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្តែង។ លោកបន្តថា ក្នុងករណីមានគ្រោះថ្នាក់ណាមួយ សមត្ថកិច្ចជំនាញនឹងពិនិត្យមើលជាក់ស្តែង ឧទាហរណ៍ បើមិនពាក់ខ្សែក្រវាត់ បើកបរលើសល្បឿន ឬ ស្រវឹង នោះការកាត់ពិន្ទុនឹងត្រូវបូកបញ្ចូលគ្នា ប៉ុន្តែមិនឱ្យលើសពី ៨ ពិន្ទុនោះទេ។
ចំពោះរឿងនេះ ឯកឧត្តមបានបន្តឱ្យដឹងថា អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនបំប៉នផ្នែកទ្រឹស្តីរយៈពេល ២ ថ្ងៃ នៅក្រសួង ដើម្បីបំពេញពិន្ទុវិញបាន ខណៈដែលការទៅរៀនបំប៉នម្តងអាចបាន ៤ ពិន្ទុតែប៉ុណ្ណោះ ខណៈក្នុងរយៈពេល ៦ ខែ ទើបអាចទៅរៀនម្តងទៀតបាន។ ដោយឡែក ក្នុងរយៈពេល ៣ ឆ្នាំ ក្នុងករណីប័ណ្ណបើកបរនៅសល់ ១ ឬ ២ ពិន្ទុក្តី បើមិនមានល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុឱ្យអស់ពិន្ទុនោះទេ នោះពិន្ទុនឹងត្រូវឡើងពេញមកវិញផងដែរ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅពេលកាត់អស់ពិន្ទុ នោះអ្នកបើកបរនឹងត្រូវដកហូតសិទ្ធិបើកបរ ហើយត្រូវរង់ចាំរយៈពេល ៦ ខែក្រោយ ទើបអាចប្រលងយកប័ណ្ណបើកបរឡើងវិញ ដើម្បីធានាបានសុវត្ថិភាព ក្នុងពេលបើកបរ និង មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ។
គួរឱ្យដឹងផងងដែរថា កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និង ការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេសចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ផ្តើមអនុវត្តសាកល្បង កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ហើយនឹងដំណើរ ការអនុវត្តពេញលេញនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣៕
ប្រភព ៖ ក្រសួងព័ត៌មាន