មិនធម្មតា! គ្រាន់តែផ្កាកុលាបតុបតែងក្នុងថ្ងៃមង្គលការរបស់ Poo Praya មានតម្លៃដល់ជិត ៤០ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីរូបស្រស់ Poo Praya បានចូលរោងការយ៉ាងពេញមុខពេញមាត់ហើយជាមួយស្វាមីអ្នកជំនួញរូបសង្ហាម្នាក់។ ក្នុងនោះ បើទោះបីជាស្វាមីរបស់នាង មានអាយុបងរហូតទៅដល់ ១២ ឆ្នាំក៏ដោយ ក៏អ្នកទាំងពីរមើលទៅស័ក្តិសមគ្នាណាស់ ហើយទទួលបានការសរសើរពីមហាជនដែរ។
យ៉ាងណាមិញ សម្រាប់ថ្ងៃមង្គលការរបស់ Poo Praya ដែលរៀបចំយ៉ាងអធិកអធមនៅ Beverly Hills សហរដ្ឋអាមេរិកនោះ បើទោះបីជា មិនមានអ្នកសិល្បៈបានចូលរួមច្រើនក៏ពិតមែន តែមង្គលការរបស់តារាសម្ដែងស្រីរូបនេះ គឺពោរពេញទៅដោយសេចក្តីសុខបំផុត។
ទន្ទឹមនឹងនោះ បើងាកទៅមើលពីការតុបតែងរៀបចំផ្កាក្នុងថ្ងៃមង្គលនោះវិញ គេឃើញថាមានភាពស្រស់ស្អាតខ្លាំង ប្រៀបបីដូចជាសួនស្នេហ៍បៃតងដែលមានផ្កាកុលាបរីកស្គុះស្គាយពេញរោងជ័យ។ សម្រាប់ចំនួនផ្កាកុលាបសរុប គឺមានរហូតទៅដល់ ២ ម៉ឺនទងឯណោះ បើនិយាយពីតម្លៃវិញ តារាស្រី Poo Praya បានឱ្យដឹងថាចំណាយអស់ ១២ លានបាត ដែលស្មើប្រមាណជិត ៤០ ម៉ឺនដុល្លារអាមេរិក៕