ថ្ងៃនេះ ១២ ឆ្នាំមុន គឺជាថ្ងៃយាងចូលទិវង្គត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលប្រជារាស្ត្រខ្មែរចាំមិនភ្លេច
នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ ព្រះវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានយាងចូលទិវង្គតកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ ព្រះវស្សា ដោយជរាពាធ។
បើត្រឡប់ទៅកាលពី ១២ ឆ្នាំមុន នៅរសៀលម៉ោង ២:៣០ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយាង និង អញ្ជើញដង្ហែព្រះបរមសពរបស់ទ្រង់ ពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដែលការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ព្រះបរមសពនៃ ព្រះបរមរតនកោដ្ឋ ត្រូវបានតម្កល់នៅព្រះបរមរាជវាំងប្រមាណ ៣ ខែ ក្រោយរយៈពេលនេះ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៣ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានប្រារព្ធពិធីដង្ហែចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេស និង អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនមកពីគ្រប់ទិសទី។
សូមជម្រាបផងដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
កាលនៅមានព្រះជន្ម ព្រះអង្គគឺជាឥស្សរជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជាក្នុងរយៈកាលប្រមាណ ៧ ទសវត្សរ៍កន្លងទៅ ព្រះអង្គបានឡើងគ្រងរាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែររហូតដល់ ២ លើក និង បានដាក់រាជ្យ ២ លើក ព្រះអង្គជាតួអង្គ និង ជាសាក្សីដ៏ចម្បងបំផុតនៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿង ក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សាជាតិ និង ការបង្កើតរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ទី ៩០៕