ទឹកដៃសមនឹងតម្លៃ! គំនូរដ៏វិចិត្ររបស់សិល្បករខ្មែរ ដាក់លក់មួយផ្ទាំងក្បែរ ១ ម៉ឺនដុល្លារ
ថ្មីថ្មោងនេះ លោក ណូត ដារ៉ូ ដែលគេស្គាល់ថា ជាសិល្បករជោគជ័យវ័យក្មេងមួយរូប ទើបបានបង្ហាញស្នាដៃគំនូរថ្មីក្រោមប្រធានបទ «Naturality» ឬ «ធម្មជាតិ»។ ជាមួយគំនូរប្រមាណ ១៤ ផ្ទាំង ខ្លះតូច ខ្លះធំ លោកបានបំផុសគំនិតពី សាមញ្ញភាព និង ស្លឹកឈើជ្រុះ ដែលបង្ហាញពីសិល្បៈនៃធម្មជាតិ។
ស្នាដៃគំនូរថ្មីនេះ លោកបានច្របាច់បញ្ចូលគ្នានៃធម្មជាតិ ជីវិត និង វប្បធម៌ ដោយផ្ទាំងគំនូរនីមួយៗប្រើពណ៌ព្រះអាទិត្យរះ ជាពណ៌អត្តសញ្ញាណរបស់លោក ហើយវាក៏ជាពណ៌មានលក្ខណៈរស់រវើក តំណាងឱ្យថាមពលព្រះអាទិត្យ និង មានតួនាទីជាមូលដ្ឋាននៅក្នុងការទ្រទ្រង់ជីវិតផងដែរ។
តាមការឃើញដោយផ្ទាល់ភ្នែក គំនូរវិចិត្រប្រកបដោយសិល្បៈទាំងនេះ ពិតជាមានការផ្ចិតផ្ចង់ លម្អិត ប្រណីត និង ជាស្នាដៃសិល្បៈប្លែកភ្នែកកម្រមានអ្នកធ្វើដូច។ ចំពោះតម្លៃវិញ បើតាមការដាក់លក់លើគេហទំព័ររបស់ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលជាអ្នកផ្តល់ទីតាំងដាក់តាំងផ្ទាល់ គំនូរទាំងនេះទៀតសោត មានតម្លៃចាប់ពី ១២០០ ដុល្លារ ដល់ ៩៦០០ ដុល្លារ។ សម្រាប់អ្នកចង់ទស្សនាផ្ទាល់ អាចទៅចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ យប់ នៅវិចិត្រសាល The Gallery នៃសណ្ឋាគារ។ គួរឱ្យដឹងដែរថា គំនូរនេះដាក់តាំងបង្ហាញត្រឹមខែ វិច្ឆិកា-ធ្នូ នេះប៉ុណ្ណោះ៕