សម្រិតសម្រាំងអស់ ៣ ឆ្នាំ ទីបំផុត វណ្ណដា ប្រកាសពេលវេលាបញ្ចេញ Album ចម្រៀងថ្មីយ៉ាងរំភើប
ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ តែលោកគឺជាតារាចម្រៀងរ៉េបវ័យក្មេងត្រូវបានបរទេសស្គាល់ជាតារាចម្រៀងរ៉េបកម្ពុជា ដែលតែងបង្ហាញវប្បធម៌ អរិយធម៌ទៅកាន់ពិភពលោក។
ងាកមកកាន់ការផលិតបទចម្រៀងក៏ដូចគ្នា រយៈពេលជាង ៦ ឆ្នាំមកនេះ វណ្ណដា បានផលិតបទចម្រៀងជាច្រើនបទ ដោយក្នុងនោះលោកបានបញ្ចេញ Album ចម្រៀងយ៉ាងកក្រើកដល់ទៅ ២ រួចមកហើយ រួមមាន «$KULL» និង «$KULL 2»។
ថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានឱ្យដឹងថា Album ទី ៣ របស់លោក ដែលបានចំណាយពេលផលិតអស់ប្រមាណ ៣ ឆ្នាំ បានរួចរាល់ហើយ។
ជាក់ស្តែង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ វណ្ណដា បានប្រកាសជាផ្លូវការនៃដំណើរទៅកាន់ការបង្ហាញ Album ចម្រៀងទី ៣ របស់លោកក្នុងកម្មវិធីពិសេសមួយ ដែលនឹងធ្វើឡើងនៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។
ក្នុងនោះ លោក វណ្ណដា បានបង្ហោះសាររៀបរាប់ថា៖ «សូមស្វាគមន៍មកកាន់ The VannDa Listening Party Experience: Road to Album III យើងមកបើកឆាកខែដំបូងនៃឆ្នាំ ២០២៥ ជាមួយគ្នា ហើយខ្ញុំពិតជារំភើបមែនទែន ដែលនឹងបានជួបអ្នកគាំទ្រទាំងអស់គ្នាឆាប់ៗនេះ ជាមួយអ្វីពិសេសៗជាច្រើន ដែលខ្ញុំបានត្រៀមនឹងបង្ហាញ ហើយអាចធ្វើឱ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីគោលដៅតន្ត្រីរបស់ខ្ញុំនៅក្នុងឆ្នាំថ្មីនេះ»។
លោក វណ្ណដា បន្តថា៖ «កម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៤ និង ២៥ ខែ មករា ឆ្នាំ ២០២៥ ហើយកន្លែងមានកំណត់ ដូច្នេះត្រៀមទាំងអស់គ្នាដើម្បីមកទទួលយកបទពិសោធន៍តន្ត្រីថ្មីៗជាមួយខ្ញុំ! នេះគ្រាន់តែជាមួយផ្នែកក្នុងកាដូររបស់ខ្ញុំ ជូនអ្នកទាំងអស់គ្នាក្នុងឆ្នាំ ២០២៥ ហើយខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលចិត្ត»៕