បណ្ឌិត ឯម រៀម រងការវែកញែកជាថ្មី ក្រោយបង្ហោះរូបភាពចំហល្វែងខ្លួនស្ទើរទាំងស្រុងលើ Story ហ្វេសប៊ុក
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនច្បាស់ជាបានជ្រាបហើយពី បណ្ឌិតច្នៃម៉ូដ ឯម រៀម ដែលធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍ និង បញ្ចេញមតិវែកញែកខ្លាំងជុំវិញការតុបតែងខ្លួន ក៏ដូចជាបង្ហោះសារផ្សេងៗជាបន្តបន្ទាប់នៅលើគណនី និង ផេកហ្វេសប៊ុករបស់លោក។ ក្នុងនោះ ទើបតែរយៈពេលខ្លីប៉ុណ្ណោះ ដែលបណ្ឌិត ឯម រៀម ហាក់ស្ងប់ស្ងាត់រងការរិះគន់ពីសំណាក់មហាជន។
យ៉ាងណាស្រាប់តែនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ បណ្ឌិតច្នៃម៉ូដល្បីឈ្មោះរូបនេះ ក៏បានឆក់ការចាប់អារម្មណ៍ជាថ្មីពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខណៈលោកបានបង្ហោះរូបភាពមួយសន្លឹកលើ Story គណនីហ្វេសប៊ុក ដែលជារូបភាពខ្លួនទទេពុំបានស្លៀកសម្លៀកបំពាក់អ្វីឡើយ ហើយបានកាន់ចានបង្អែមផ្លែឈើបិទបាំងកន្លែងពិសេសយ៉ាងទំនង រួចពោលត្អូញថាក្ដៅស្អុះខ្លាំង។
រូបភាពខាងលើនោះដែរ ក្រោយពីបានបង្ហោះភ្លាមៗក៏មានអ្នកចូលទៅចុងរូប Emoji និង បញ្ចេញមតិផ្សេងៗគ្នាជាច្រើន ដោយភាគច្រើនបណ្ឌិតច្នៃម៉ូដ ឯម រៀម ហាក់រងការរិះគន់ ច្រើនជាងសរសើរ។
ជាងនេះទៅទៀត ងាកទៅមើលគណនីហ្វេសប៊ុករបស់បុគ្គលល្បីឈ្មោះគឺ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានបង្ហោះសារក្នុងន័យមិនពេញចិត្តការបង្ហោះលោក ឯម រៀម ដោយរៀបរាប់ថា៖ «កន្លងមក ខ្ញុំមិនដែលបញ្ចេញមតិយោបល់ទើសការស្លៀកពាក់គាត់ទេ ដោយយល់ថា ខ្ញុំចេះដឹងមិនដល់ពីសិល្បៈនៃការច្នៃម៉ូត។ តែរូបនេះ មិនមានការស្លៀកពាក់ទេ តើគេហៅថាសិល្បៈច្នៃម៉ូតដែឬ? សូមបងប្អូនជួយមតិយោបល់ផង! បងរៀនបណ្ឌិតមកពីបារាំង បងមានគំនិតច្រើន អាចបកស្រាយបានច្រើនវិធី តែខ្ញុំសង្ឃឹមថាវាជារូបភាពកាត់ត ទៅចុះ (សុំកែរូបបន្តិច ខ្លាចចង្រៃដល់ page)»។
ក្រោយពីសារបង្ហោះពីមតិយោបល់របស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ហើយនោះ ក៏មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូលទៅបញ្ចេញមតិជាបន្តបន្ទាប់នៅខាងក្រោមនោះដែរ៕