សរសើរអ្នកច្នៃម៉ូដក្នុងស្រុក! ខោអាវម៉ូដសាមញ្ញតែមើលមកលំដាប់ខ្ពស់ ខូឡិកហ្សិនថ្មីនៅរដូវត្រជាក់ផ្សារភ្ជាប់អារម្មណ៍អាឡោះអាល័យ
ថ្មីៗនេះ លោក Don Protasio ជនជាតិហ្វីលីពីន ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូដហ្វេហ្សិន និង ជានាយកច្នៃប្រតិដ្ឋ ក៏ដូចជាអ្នករៀបចំកម្មវិធីដើរម៉ូដដ៏ធំនៅកម្ពុជា Phnom Penh Designers Week (PPDW) ទើបបានបញ្ចេញខូឡិកហ្សិនថ្មីប្រចាំម៉ាករបស់ខ្លួន សម្រាប់រដូវកាល fall/winter 2024-25។ ស្ទីលរបស់លោកនៅតែរក្សាភាពសាមញ្ញ និង មើលមកហ្វេហ្សិនលំដាប់ខ្ពស់ តែទោះយ៉ាង លោកតែងតែពាំនាំនូវអ្វីដែលជាចំណីអារម្មណ៍ថ្មីសម្រាប់អ្នកហ្វេហ្សិននិយមក្នុងស្រុកយើងជានិច្ច។
ខូឡិកហ្សិនថ្មីរបស់លោកមានឈ្មោះថា Memento។ ការឌីហ្សាញខូឡិកហ្សិននេះ មានលក្ខណៈតិចនិយម ជាម៉ូដបំផុសគំនិតពី អនុស្សាវរីយ៍នៃសម្លៀកបំពាក់ស្រលាញ់ជាទីបំផុត ឬ Memories of Cherished clothing ផ្សារភ្ជាប់ដោយអារម្មណ៍បែបអាឡោះអាល័យ។ លោកបានផ្តោតប្រើពណ៌ឌីហ្សាញរំលេចគ្នាដូចជា ពណ៌ខ្មៅ ពណ៌បៃតងចាស់ ពណ៌លឿងទុំ ពណ៌ប្រាក់ និង ពណ៌ស។ ឈុតនីមួយៗម៉ូដមើលមកលាត ប្រណីត ឥតខ្ចោះ និង ថ្លៃថ្នូរខ្ពង់ខ្ពស់៕