ឆ្នាំនេះកាន់តែពិសេស! Miss Planet International 2024 នឹងមានបេក្ខភាពជាសេដ្ឋិនីអារ៉ាប់រួមម្នាក់ មកចូលរួមប្រកួតនៅកម្ពុជាដែរ
ពិតណាស់ កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International លើកទី ៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយមានការចូលរួមប្រកួតពីបេក្ខភាពបវរកញ្ញាភពផែនដីឆ្នាំ ២០២៤ មកពី ៧០ ប្រទេសជុំវិញពិភពលោក។
ស្របពេលកម្មវិធីប្រកួត Miss Planet International លើកទី ៤ កំពុងបើកបង្ហាញមុខ និង ណែនាំពីបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដែលក្នុងនោះ មហាជនអ្នកគាំទ្រក៏ទទួលបានដំណឹងថាក្នុងចំណោមបេក្ខភាពបវរកញ្ញាចូលរួម ក៏ឃើញមាន Miss Planet មកពីប្រទេសអារ៉ាប់រួមផងដែរ។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានការភ្ញាក់ផ្អើល និង រំភើបចិត្ត ខណៈបានដឹងថា Miss Planet ដែលនឹងត្រូវតំណាងប្រទេសអារ៉ាប់រួមចូលរួមប្រកួត Miss Planet International 2024 នៅកម្ពុជា ត្រូវបានគេស្គាល់ថាជាសេដ្ឋិនីមួយរូបក្នុងទីក្រុងឌូបៃឈ្មោះថា Dr. Mahra Lutfi។
Miss Planet ដែលជាមហាសេដ្ឋីឌូបៃរូបនេះ មិនត្រឹមតែមានរូបស្រស់ស្អាតខ្លាំងពេញដោយសមត្ថភាព និង ចំណេះដឹង តែនាងក៏បុគ្គលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេស និង ធ្លាប់បានចូលរួមក្នុងកម្មវិធីធំៗជាច្រើនលំដាប់ពិភពលោក។ លើសពីនេះ ក្រឡេកទៅមើលគណនីអ៊ីនស្ដាក្រាមរបស់ Miss Planet តំណាងប្រទេសអារ៉ាបរួមរូបនេះ មានអ្នកចុច follow រហូតដល់ទៅជាង ៩ លាន ៩ សែននាក់ទៀតផង៕