ចែកគ្នាដឹង! នេះជាត្រណម ៩ យ៉ាង កុំធ្វើឱ្យសោះ កំលុងថ្ងៃចូលឆ្នាំចិន បើមិនចង់ខាតលាភ
ពិធីបុណ្យចូលឆ្នាំចិន ២០២៣ ឈានមកដល់ឆាប់ៗនេះហើយ តើបងប្អូនដែលជាប់សែស្រឡាយចិន និង អ្នកនិយមសែនចូលឆ្នាំចិននៅកម្ពុជា បានត្រៀមរណ្ដាប់រណ្ដាសែន និង យល់ដឹងពីត្រណមសំខាន់ៗ ក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះហើយឬនៅ?
បើមិនទាន់បានដឹង ក៏កុំបារម្ភ ព្រោះថ្ងៃនេះយើងនឹងលើកឡើងត្រណម ០៩ យ៉ាង ដែលចៀសវាងធ្វើ ក្នុងកំឡុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ ដែលមានដូចជា ៖
១. កុំបិទទ្វាឬបង្អួច ត្រូវបើកទាំងអស់នៅថ្ងៃទី ១
ពិតណាស់ បើតាមជំនឿចិន រាល់លាភសំណាងទាំងអស់គឺត្រូវការច្រកចូល ដើម្បីបង្កើនសំណាងរុងរឿង ដូច្នេះអ្នកដាច់ខាតមិនត្រូវបិទទ្វារ ឬ បង្អួចឡើយ គឺគួរបើកទ្វារបង្អួចចោលទាំងអស់។
២. កុំញ៉ាំបបរ
កុំញ៉ាំបបរនៅព្រឹកថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន។ អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាមិនអាចញ៉ាំវាបាននៅព្រឹកដំបូងនៃបុណ្យចូលឆ្នាំចិន? នោះគឺដោយសារ ប្រជាជនចិនយល់ថា បបរគឺជាអាហារសម្រាប់អ្នកក្រ។
៣. ហាមទៅលេងផ្ទះអ្នកដទៃនៅថ្ងៃទី ៣
ថ្ងៃទី ៣ គឺជាថ្ងៃហាមឃាត់ មិនអាចទៅលេងផ្ទះអ្នកដទៃបានឡើយ ។ អ្នកមិនត្រូវទៅដើរហើរផ្ទះអ្នកដទៃទេ ព្រោះថ្ងៃទី ៣ ជាថ្ងៃ «ឈីគូរី» ឬ ថ្ងៃឆ្កែក្រហម ឬថ្ងៃមាត់ក្រហម ។ យោងតាមវប្បធម៌ចិន ថ្ងៃមាត់ក្រហមនេះគឺងាយបង្កជម្លោះ ឬ វាយតប់គ្នា ។ ហើយបើជួបឆ្កែសម្បុរក្រហមក៏ជួបរឿងស៊យដែរ ព្រោះបើតាមជំនឿចិន ឆ្កែក្រហម គឺតំណាងឱ្យព្រះកំហឹង ។
៤. កុំបោសសម្អាតផ្ទះរហូតដល់ថ្ងៃទី ៥
លោកអ្នកចាំបាច់ត្រូវបោសសម្អាតផ្ទះ ឱ្យបានមុនថ្ងៃចូលឆ្នាំចិន លុះដល់ពេលចូលឆ្នាំចិនមកដល់ គឺដាច់ខាតកុំបោសផ្ទះឱ្យសោះ ព្រោះបើតាមជំនឿចិន គេយល់ថា ដូចបោសលាភសំណាងចេញពីផ្ទះអ៊ីចឹង ហេតុផលមួយវិញទៀតនោះ យើងក៏បានសម្រាកកម្លាំងផងដែរអំឡុងពេលបុណ្យចូលឆ្នាំ ។
៥. កុំបោកគក់ខោអាវ
ការបោកគក់ខោអាវ នៅថ្ងៃទី ១ និង ថ្ងៃទី ២ នៃបុណ្យចូលឆ្នាំចិន ត្រូវប្រជាជនចិនចាត់ទុកថាស៊យ ព្រោះ ២ ថ្ងៃនេះគឺជា ថ្ងៃកំណើតនៃ ព្រះគង្គា ។ ដូច្នេះប្រជាជនចិន គេមិនបោកគក់ខោអាវ កំឡុងថ្ងៃនេះទេ ព្រោះគេយល់ថា ជាការប្រមាថដល់ព្រះគង្គា។
៦. ហាមជូនអាំងប៉ាវដាក់ចំនួនលុយសេស
នៅពេលឱ្យអាំងប៉ាវទោកាន់នរណាម្នាក់ ត្រូវចាំបាច់ប្រកាន់ខ្ជាប់នឹងលេខគូជានិច្ច ។ រឹតតែប្រសើរនោះ គឺចំនួនលុយគួរចាប់ផ្តើមនិងបញ្ចប់ដោយលេខ ៨ ព្រោះ ប្រជាជនចិនយល់ថា វានឹងរឹតបង្កើនសំណាងសម្រាប់អ្នក ។
៧. កុំយំ
បើតាមជំនឿរបស់ប្រជាជនចិន គេយល់ថា ការយំនៅថ្ងៃចូលឆ្នាំគឺ នឹងនាំមកនូវសំណាងអាក្រក់ ដូច្នេះអ្នកចូរកុំយំ ហើយ អ្នកក៏គួរចៀសវាងធ្វើឱ្យក្មេងៗយំក្នុងកំឡុងថ្ងៃចូលឆ្នាំចិននេះផងដែរ។
៨. កុំកក់សក់ ឬ កាត់សក់
ជាភាសានៅប្រទេសចិន «ក្បាល» មានន័យថាជាការចាប់ផ្តើម។ ដូច្នេះអ្នកត្រូវបានណែនាំ មិនគួរកាត់ឬកក់សក់ នៅ ២ ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិននោះឡើយ ប្រសិនបើអ្នកចង់បានការចាប់ផ្តើមដ៏ល្អមួយ ។
៩. ចៀសវាងពណ៌ស និង ខ្មៅ
បុណ្យចូលឆ្នាំចិន អ្វីៗគឺសំខាន់ទៅលើពណ៌ ហើយពណ៌ដែលនាំមកនូវហ្វុងស៊ុយ នោះគឺត្រូវតែជាពណ៌ភ្លឺឆើត និង ក្រហម ។ ចំណែកឯ ការស្លៀកពាក់ឈុតស និង ខ្មៅគឺពាក់ព័ន្ធនឹងការកាន់ទុក្ខ ដូច្នេះអ្នកត្រូវចៀសវាងដាច់ខាត ពណ៌ស និង ខ្មៅ នៅថ្ងៃចូលឆ្នាំ៕