កាន់តែក្តៅ! Kan ពិធីករល្បីទូរទស្សន៍ Workpoint ត្រូវប្រកាសបញ្ចប់តួនាទីជាពិធីករ ក្រោយពាក់ព័ន្ធអាជីវកម្មអនឡាញបោកប្រាស់
ថ្មីៗនេះ នៅក្នុងប្រទេសថៃកំពុងផ្ទុះករណីដ៏កក្រើកមួយ ពោលគឺក្នុងចង្កោមសិល្បៈ ដោយមានតារាល្បីៗជាច្រើននាក់បានផុងខ្លួនពាក់ព័ន្ធជាមួយក្រុមហ៊ុនមួយឈ្មោះ The Icon Group ដែលធ្វើអាជីវកម្មអនឡាញបោកប្រាស់លុយកាក់របស់មនុស្សជាច្រើន រហូតមានជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្តឹង។
ក្នុងចំណោមតារាជាច្រើនដែលមានពាក់ព័ន្ធនោះក៏មានតារាសម្ដែងប្រុស និង ជាពិធីករដ៏ល្បីល្បាញម្នាក់ក្នុងប៉ុស្តិ៍ទូរទស្សន៍ Workpoint គឺលោក Kan Kantathavorn ដែរ ដោយកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ ពិធីករប្រុសរូបនេះត្រូវប៉ុស្តិ៍ទូរទស្សន៍ខាងលើបានប្រកាសលើគេហទំព័រ បញ្ជាក់ពីការបញ្ចប់តួនាទីរបស់រូបគេក្នុងនាមជាពិធីករគ្រប់កម្មវិធីទាំងអស់។
តាមរយៈសេចក្តីប្រកាសរបស់ទូរទស្សន៍ Workpoint លើគេហទំព័រនោះបានបញ្ជាក់ដែរថា ការប្រកាសពីការបញ្ចប់តួនាទីជាពិធីកររបស់ Kan Kantathavorn នេះដែរ គឺធ្វើឡើងបន្ទាប់ពីលោកផ្ទាល់បានស្នើសុំបញ្ចប់តួនាទីជាពិធីករគ្រប់កម្មវិធីដោយខ្លួនឯង និង បានបង្ហោះលើគណនី IG ផ្ទាល់ខ្លួន ដែលជាការបង្ហាញនូវទំនួលខុសត្រូវមួយក្នុងនាមជាមនុស្សរបស់មហាជន។
តាមរយៈការបង្ហោះលើ IG លោក Kan Kantathavorn បានបញ្ជាក់ថា ៖ «ដោយសារថ្មីៗនេះមានព័ត៌មានជាច្រើន បាន និង កំពុងផ្ទុះជាខ្លាំងទាក់ទងនឹងខ្លួនលោក ដោយលោកពិតជាមិនសប្បាយចិត្តនោះឡើយ ដូច្នេះដើម្បីបង្ហាញភាពស្មោះត្រង់ និង ជាទំនួលខុសត្រូវលោកសូមបញ្ឈប់តួនាទីជាពិធីករគ្រប់កម្មវិធីរហូតដល់មានភាពច្បាស់លាស់ និង គ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់»។ ជាមួយគ្នានោះ លោក Kan Kantathavorn បាននិយាយទៀតថា ៖ «លោកក៏បានត្រៀមខ្លួនផងដែរ ក្នុងការផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និង យុត្តិធម៌»។
គួរឱ្យដឹងដែរថា រឿងរ៉ាវដ៏ក្តៅគគុកនៃក្រុមហ៊ុនអាជីវកម្មអនឡាញមួយនេះ គឺមានពាក់ព័ន្ធមិនត្រឹមតែពិធីករ Kan Kantathaworn នោះទេ ពោលគឺមានតារាប្រុសស្រីជាច្រើនរូបទៀត ដោយក្នុងនោះមានការទម្លាយមុខពីមហាជនជាច្រើនផងដែរ ដែលមានដូចជា លោក Sam Yuranan, នាង Min Pechaya, លោក Boy Pakorn, លោក Dome pakorn ជាដើម៕