(វីដេអូ) ទោះជីវភាពលំបាក ជំពាក់លុយគេខ្ទង់ម៉ឺនដុល្លារ តែនាយក្រិន ផ្តល់ភាពកក់ក្តៅដល់កូនៗ មហាជនឃើញហើយស្ងើចសរសើរ
មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងតារាកំប្លែង ទេស សុជន ហៅ នាយក្រិន ច្បាស់ជាបានជ្រាបហើយកាលពីអំឡុងចុងឆ្នាំ ២០១៩ លោកត្រូវបានភរិយាទី ២ រត់ចោល លួចទៅមានអ្នកថ្មី ដោយបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យលោកមើលថែក្នុងបន្ទុក។
ក្រោយពីជួបរឿងឈឺចាប់នេះហើយ នាយក្រិន ក៏បាននាំកូនៗទាំង ៣ នាក់ចាកចេញពីភ្នំពេញ ដើម្បីទៅរស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបង ខណៈមុខជំនួញបើកភោជនីដ្ឋានត្រូវក្ស័យធន និង របរមួយចំនួនទៀតរលំ។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលផ្អាកអាជីពសិល្បៈរស់នៅស្រុកកំណើត នាយក្រិន ក៏ធ្លាក់ខ្លួនឈឺផង ទទួលបន្ទុកចិញ្ចឹមបីបាច់កូនៗទាំង ៣ ផង និង ឪពុកចាស់ជរាទៀត។ ម្យ៉ាងវិញទៀត ថ្មីៗនេះ នាយក្រិន ក៏បានទម្លាយថា លោកបានជំពាក់គេជាង ៩ ម៉ឺន ដុល្លារឯណោះ ដោយ ៦ ម៉ឺនដុល្លារ ជំពាក់ធនាគារ និង ៣ ម៉ឺន ពីការចងការអ្នកស្រុក អ្នកភូមិ។
ដោយឡែក បើទោះត្រូវស្ពាយឈ្មោះជាពោះម៉ាយមើលថែកូនៗ ៣ នាក់ និង ឪពុកជរាក្នុងបន្ទុកផង មានកាយសម្បទាមិនពេញលក្ខណៈដូចគេ និង ជំពាក់លុយគេផង ប៉ុន្តែ នាយក្រិន ពិតជាបំពេញតួនាទីជាឪពុកដ៏ល្អ ដោយមួយរយៈក្រោយនេះ លោកបានបង្កើត Chanel Youtube បង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃជាមួយកូនៗយ៉ាងសាមញ្ញ និង កក់ក្តៅ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រ អួលដើមក និង សរសើរដល់ នាយក្រិន កាន់តែខ្លាំងនោះ គឺបើទោះជាលោកជាឪពុក មានកាយសម្បទាមិនពេញលក្ខណៈដូចគេមែន ប៉ុន្តែលោកបានប្រដៅអប់រំកូនៗបានយ៉ាងល្អ ទាំងកាយវិការ និង សម្តីសំដៅនិយាយស្ដីមានសុជីវធម៌ណាស់៕
សូមទស្សនាវីដេអូ ខាងក្រោម៖