(វីដេអូ) ទម្លាយរឿងពិតពីក្រោយសត្វចម្លែក ខ្លួនកញ្ជ្រោងក្បាលមនុស្ស កំពុងផ្ទុះផ្អើលពេញ TikTok
ថ្មីៗនេះ ក្នុងបណ្ដាញសង្គម TikTok កំពុងផ្ទុះផ្អើលខ្លាំងល្បីសត្វចម្លែក មនុស្សភ្លូកទឹកភ្លូកដីទៅទស្សនា ដែលសត្វចម្លែកមួយនោះ មានដងខ្លួនជាសត្វកញ្ជ្រោង រីឯក្បាលគឺជាក្បាលមនុស្សសុទ្ធសាធ។
Mumtaz Begum ជាសត្វចម្លែកមួយដែលមានខ្លួនជាសត្វកញ្ជ្រោង ក្បាលជាមនុស្សលោក ដែលត្រូវបានដាក់បង្ហាញតាំងក្នុងប្រអប់ឈើជ្រុងដ៏ប្រណីតមួយនៅក្នុងសួនសត្វមួយកន្លែងនៅប្រទេសប៉ាគីស្ថាន។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺថា សត្វខ្លួនកញ្ជ្រោងក្បាលមនុស្សនោះ គឺអាចនិយាយជជែកលេងជាមួយភ្ញៀវទស្សនាបានយ៉ាងរីករាយផងដែរ។
ថ្លែងប្រាប់សារព័ត៌មាន Reuters នាង Mumtaz ដែលជាសត្វចម្លែកនោះបាននិយាយថា ៖«មនុស្សដែលបានមកទស្សនានៅទីនេះ គឺតែងតែត្រឡប់ទៅវិញដោយក្ដីរីករាយ ហើយពេលដឹងថាពួកគេរីករាយ វាក៏ធ្វើឱ្យខ្ញុំរីករាយដែរ។
បន្ថែមពីនេះទៅទៀត Mumtaz ក៏ត្រូវបានស្គាល់ថា ជាគ្រូទាយមួយរូបផងដែរ។ បើតាមសារព័ត៌មាន dailymail បានឱ្យដឹងថា ពពួកកូនសិស្សសាលា បាននាំគ្នាទៅជួបនាង ដើម្បីទស្សន៍ទាយមើលពីលទ្ធផលប្រឡងរបស់ពួកគេ ខណៈស្ត្រីៗជាម្ដាយគេវិញ បាននាំគ្នាទៅទស្សន៍ទាយមើលជោគវាសនាគូគាប់របស់កូនខ្លួន។
ទោះជាយ៉ាងណា រឿងរ៉ាវពិតប្រាកដនៃសត្វចម្លែកមួយនេះ គឺមិនដូចមហាជនមួយចំនួនស្មាននោះឡើយ។ សត្វចម្លែកខ្លួនកញ្ជ្រោងក្បាលមនុស្សនេះ តាមពិតគឺជាការរៀបចំឡើងតែប៉ុណ្ណោះ ដោយបុរសម្នាក់ឈ្មោះ Murad Ali ជាមនុស្សពីក្រោយការតែងខ្លួនជាសត្វ Mumtaz នេះ។ លោកធ្វើការផាត់មុខ និងតុបតែងជាមនុស្សស្រី ដោយមានដងខ្លួនជាសត្វកញ្ជ្រោង ហើយលោកធ្វើការងារមួយនេះរយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ។
តាមការបញ្ជាក់របស់ប្រធានសួនសត្វបានឱ្យដឹងដែរថា សត្វ Mumtaz គឺបានក្លាយជាសត្វតាំងបង្ហាញយូរយារណាស់មកហើយ ក្រោយមានមនុស្សមួយចំនួនមកពីខាងរោងសៀក ស្នើឱ្យរៀបតុបតែងសត្វចម្លែកនេះឡើយ ដើម្បីទាក់ទាញភ្ញៀវតាំងពី ៤០ ឆ្នាំមុនមកម្ល៉េះ។
តួអង្គសត្វនេះ គឺតែងតែដើរតួដោយមនុស្សប្រុស ព្រោះថាពួកគេគឺអាចមានប្រតិកម្មតបតល្អប្រសើរជាងមនុស្សស្រី ពេលមានមនុស្សមើលងាយប្រមាថលេងសើចលើរូបគេ។ គួរបញ្ជាក់ថា ដើម្បីអាចចូលទស្សនាសត្វ Mumtaz គ្រប់គ្នាត្រូវទិញសំបុត្រក្នុងតម្លៃ ១០ រ៉ូពី (០.១០ ដុល្លារ)៕