កុំប្រហែស! ពេលកូនតូចៗក្តៅខ្លួន ម៉ាក់ៗគួរចេះវិធីថែទាំទាំងនេះ ដើម្បីកូនៗមានសុវត្ថិភាព
ជាធម្មតានៅពេលកូនអ្នកក្តៅខ្លួនខ្លាំង អ្នកអាចសម្គាល់បានតាមរយៈការប៉ះស្បែករបស់ក្មេង នោះអ្នកក៏នឹងអាចមានអារម្មណ៍ដឹងបានដែរថា កូនអ្នកមានសីតុណ្ហភាពខុសពីធម្មតាមិនខាន។
វិធីមួយទៀតអ្នកអាចប្រើទែរម៉ូម៉ែត្រដើម្បីវាស់សីតុណ្ហភាពបាន។ ជាទូទៅសីតុណ្ហភាពធម្មតាគឺមានចន្លោះពី ៣៦ អង្សាសេ ទៅ ៣៧ អង្សាសេ ប៉ុន្តែបើលើសពីនេះ គឺមានន័យថាកុមារ ឬ ទារកមានបញ្ហាគ្រុនក្តៅហើយ។ ខាងក្រោមនេះជាប្រភេទទែម៉ូម៉ែត្រ ដែលលោកអ្នកអាចប្រើបាន ៖
• ទែរម៉ូម៉ែត្រប្រភេទឌីជីថល មានភាពសុក្រិតជាងដោយវាមានសំឡេង ប៊ីប នៅពេលវាស់ ដោយវិធីប្រើអ្នកត្រូវដាក់វានៅក្រោមក្លៀករបស់កូនអ្នក និង យកដៃរបស់កុមារ ឬ ទារកកៀបឱ្យជាប់។
• ទែរម៉ូម៉ែត្រត្រចៀក តម្រូវឱ្យវាស់ស្ទង់ត្រង់រន្ធត្រចៀក វាមានប្រសិទ្ធភាពត្រឹមត្រូវ និង ឆាប់រហ័ស ប៉ុន្តែវាពិបាកក្នុងការប្រើ និង មានតម្លៃថ្លៃបន្តិច។ ភាគច្រើនគេតែងឃើញប្រើតែសម្រាប់គ្រូពេទ្យជំនាញតែប៉ុណ្ណោះ។
• ប្រសិនបើសីតុណ្ហភាពមិនត្រឹមត្រូវ ទៅនឹងអ្វីដែលអ្នកបានស្ទាបលើស្បែក ឧបករណ៍វាស់ស្ទង់អាចមានបញ្ហាខូច ដូច្នេះអ្នកក៏មិនគួរពឹងផ្អែកទាំងស្រុងទៅលើឧបករណ៍វាស់ស្ទង់តែមួយមុខនោះដែរ។
តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីកាត់បន្ថយកម្តៅខ្លួនរបស់កូន?
អ្នកអាចសាកល្បងវិធីខាងក្រោមនេះដោយខ្លួនឯងដើម្បីជួយបន្ថយកម្តៅកុមារ ៖
• ឱ្យកូនរបស់អ្នកផឹកទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់។
• ឱ្យកុមារញ៉ាំអ្វីក៏បានបើកុមារឃ្លាន ប៉ុន្តែគួរផ្តល់ក្នុងបរិមាណតិចតួចបន្តិចម្តងៗ ឱ្យទៀងទាត់។
• សម្រាកឱ្យបានច្រើន ប៉ុន្តែមិនចាំបាច់គេងតែលើគ្រែនោះដែរ និង គេងនៅកន្លែងដែលមានផាសុកភាព និង ខ្យល់ចេញចូលបានល្អ។
• ស្លៀកសម្លៀកបំពាក់រលុង និង កុំឱ្យរឹបតឹងពេក ប៉ុន្តែអាចប្រើភួយដណ្តប់បានខ្លះ ប្រសិនបើមានអាការរងា និង ញាក់ ហើយយកភួយចេញវិញភ្លាមៗ ក្រោយកុមារឡើងកម្តៅបន្តិចវិញ។
• ប្រសិនបើអ្នកមិនមានភាពជឿជាក់ គួរយកកុមារទៅជួបគ្រូពេទ្យជាបន្ទាន់៕
ប្រភព៖ Babycenter.com