ក្លិនក្រអូបៗកុំចេះតែហិត! ផ្សែងធូប គ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព
ឯកសារពីក្រសួងសុខាភិបាលរបស់ប្រទេសថៃបានបង្ហាញថា កាលពីមុនការផលិតធូបធ្វើឡើងពីឈើក្រអូប នៅពេលដុតនឹងមិនធ្វើឱ្យក្រហាយភ្នែក និងច្រមុះទេ ប៉ុន្តែសព្វថ្ងៃនេះឈើក្រអូបមានតម្លៃខ្ពស់ និង កម្រណាស់ ។ ដូច្នេះអ្នកផលិតធូបបានប្តូរទៅប្រើអាចម៌រណា លាយជាមួយកាវ ហើយក្លិនក្រអូបចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមីដើម្បីផលិតជាធូបក្រអូប ។
នៅពេលយើងអុជធូបនឹងធ្វើឱ្យឆេះអាចម៌រណា កាវ និងសារធាតុគីមីផ្សេងៗ ។ សារធាតុទាំងនោះត្រូវបានហុយចេញដូចនឹងផ្សែងបារី និង ផ្សែងពុលពីរថយន្ត ។ ផ្សែងទាំងនោះមានដូច ធូលីតូចៗ កាបូនឌីអុកស៊ីត កាបូនម៉ូណូអុកស៊ីត មេតាណុល ស្ពាន់ធ័រឌីអុកស៊ីត អាសូតឌីអុកស៊ីត និងសារធាតុបង្កមហារីកជាច្រើនប្រភេទទៀត លើសពីនេះទៅទៀតមានធូបខ្លះផ្សែងរបស់វានៅបានយូររហូតដល់ ៣ ថ្ងៃ ៣ យប់ទើបរសាត់បាត់អស់ ។
ជាការពិតណាស់ជាតិពុលពីផ្សែងធូបនេះ វាគឺជាមូលហេតុមួយដែលធ្វើឱ្យកើតមានជំងឺមហារីកជាច្រើន សារធាតុបង្កជំងឺមហារីកដែលសំខាន់នៅក្នុងផ្សែងធូបមានដូចជា៖
១. សារធាតុ Benzopyrene វាគឺជាសារធាតុដែលមានសក្តានុពលខ្លាំងបំផុតដែលបង្កឱ្យមានជំងឺមហារីក អាចបណ្តាលឱ្យមានជំងឺមហារីកសួត មហារីកស្បែក និងមហារីកតម្រងនោម ។
២. សារធាតុ Benzene អាចបង្កឱ្យមានជំងឺមហារីកឈាមគ្រាប់ឈាមស ។
៣. សារធាតុ Butadiene គឺជាសារធាតុមួយដែលត្រូវបានមានបញ្ហាទៅលើគ្រាប់ឈាម អាចបង្កឱ្យមានជំងឺមហារីកឈាម ។
អ្នកស្រាវជ្រាវបានបន្ថែមទៀតថា នៅកន្លែងដែលអុជធូបច្រើន វាមានផ្ទុកសារធាតុ Benzopyrene ខ្ពស់រហូតទៅដល់ ៦៣ ដងនៃកន្លែងដែលមិនអុជធូប ហើយគេរកឃើញទៀតថា មនុស្សដែលធ្វើការនៅក្នុងវត្ត នៅកន្លែងដែលមានអុជធូបច្រើន គេរកឃើញសារធាតុបង្កមហារីកនៅក្នុងឈាម និង ទឹកនោម គឺខ្ពស់ជាងមនុស្សធម្មតារហូតដល់ ៤ ដង ៕