ក្រោយសម្រាលកូនហើយ ហាមអ្នកម្ដាយធ្វើរឿងទាំងនេះដាច់ខាត បើមិនចង់ប៉ះពាល់ដល់សុខភាពខ្លួនឯង និង កូន
ការមើលថែខ្លួនក្រោយពេលសម្រាលកូនហើយ គឺរឿងដ៏សំខាន់សម្រាប់អ្នកជាម្ដាយ ជាពិសេសក្នុងអំឡុងពេល ៦ សប្ដាហ៍ដំបូង ឬ មួយខែដំបូង បន្ទាប់ពីសម្រាលកូន។
ក្នុងនោះដែរ ស្វាមីក៏ត្រូវរួមចំណែកជួយមើលថែឱ្យបានល្អ និង មិនអនុញ្ញាតឱ្យភរិយាធ្វើរឿងហាមឃាត់ទាំង ៧ យ៉ាងនេះ ចៀសវាងប៉ះពាល់ដល់ផ្លូវចិត្តភរិយាក្រោយពេលសម្រាល ពិសេសលើស្រ្តីជាម្ដាយបំបៅកូនដោយទឹកដោះ។
១. ការប្រើប្រាស់ថ្នាំលេបដោយមិនពិគ្រោះជាមួយវេជ្ជបណ្ឌិត
ប្រភេទថ្នាំមួយចំនួនអាចប៉ះពាល់ដល់ម្ដាយដែលកំពុងបំបៅដោះកូនដោយទឹកដោះ វាអាចធ្វើឱ្យទឹកដោះមិនហូរ ដូចជាថ្នាំងងុយគេង ថ្នាំសម្រកទម្ងន់ ថ្នាំព្យាបាលមុន និង ថ្នាំបំបាត់ការឈឺចាប់ ជាដើម។ប្រភេទថ្នាំទាំងនេះសុទ្ធសឹងតែប៉ះពាល់ដល់ទារកបៅទឹកដោះម្ដាយ ព្រោះវាអាចចម្លងទៅក្មេងតាមរយៈទឹកដោះ ដូច្នេះមុននឹងប្រើប្រាស់ថ្នាំលេបប្រភេទអ្វីក៏ដោយ ម្ដាយត្រូវតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន។
២. ហាមមិនឱ្យផឹកគ្រឿងស្រវឹង កាហ្វេ និង តែ
ការផឹកគ្រឿងស្រវឹង វាអាចប៉ះពាល់ដល់ម្ដាយ ហើយអាចធ្វើឱ្យម្ដាយធ្លាក់ឈាមមិនឈប់ក្រោយពេលសម្រាលកូន ជាពិសេសភេសជ្ជៈមានជាតិអាល់កុល វាអាចប៉ះពាល់ដល់ទារកដែលបៅដោះម្ដាយផងដែរ។
៣. មិនត្រូវរួមភេទ បន្ទាប់ពីសម្រាលកូនហើយបានមួយខែ ទៅ ៦ សប្ដាហ៍
អំឡុងពេលសម្រាលកូនហើយ Perineum គឺមិនទាន់ស្ងួតទាំងស្រុងនោះទេ ហើយសារធាតុ amniotic ក៏នៅតែហូរផងដែរ ដូច្នេះហើយគឺមិនអាចរួមភេទបានទេនៅអំឡុងពេលនោះ ដោយសារតែការរួមភេទនៅពេលទើបសម្រាលកូនហើយ នៅមានមុខរបួសអាចបណ្តាលឱ្យមានការឆ្លងមេរោគ endometritis ទើបត្រូវការឱ្យមានការអត់ធ្មត់។
៤. កុំលើករបស់ធ្ងន់
សម្រាប់អ្នកម៉ាក់ទើបសម្រាលកូនហើយ មិនគួរយករបស់ធ្ងន់បានទេ ព្រោះអាចប៉ះពាល់ដល់សាច់ដុំស្បូន និង របួសដែលទើបវះកាត់ពេលសម្រាលមិនទាន់ជាសះ ដូច្នេះហើយការងារដែលប្រើកម្លាំងខ្លាំង អាចទុកឱ្យលោកប៉ាជាអ្នកជួយចាត់ចែង ចំណែកអ្នកម៉ាក់គួរសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីមានទឹកដោះបំបៅកូន។
៥. កុំព្យាយាមហាត់ប្រាណច្រើនពេក
ការបង្ខំខ្លួនឯងឱ្យធ្វើចលនាខ្លាំងពេក ក្នុងអំឡុងខែដំបូងបន្ទាប់សម្រាលកូនហើយ អាចធ្វើឱ្យស្បូនស្រុត និង ប៉ះពាល់ដល់ទ្វារមាស ដូច្នេះហើយបើអ្នកម៉ាក់ចង់ធ្វើលំហាត់ប្រាណ គ្រាន់តែពត់ដៃពត់ជើង ឬ ដើរតិចៗបានហើយ។
៦. កុំញ៉ាំអាហារមានរសជាតិផ្អែមញឹកញាប់
ដោយសារតែអាហារមានរសជាតិផ្អែមមានជាតិស្ករខ្ពស់ ហើយមិនបានផ្តល់សារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ដល់ទារកដែលបៅដោះម្ដាយនោះទេ ហើយថែមទាំងធ្វើឱ្យកង្វះអាហារូបត្ថម្ភ និង ការធំធាត់ចំពោះកុមារ។
៧. កាត់បន្ថយការតានតឹង
អ្នកម៉ាក់គួរកាត់បន្ថយអារម្មណ៍តានតឹងទាំងផ្លូវកាយ និង ផ្លូវចិត្ត ដើម្បីជួយដល់ការផ្គត់ផ្គង់ទឹកដោះកូន។ ជាពិសេស គឺលោកប៉ាត្រូវជួយកាត់បន្ថយបន្ទុក កុំឱ្យភរិយាមានភាពតានតឹង ដើម្បីឱ្យប្រពន្ធមានអារម្មណ៍ធូរស្រាល៕
ប្រភព៖ teenee