ច្បាស់ៗមួយ! WHO ណែនាំឱ្យប្រើទឹកក្តៅមានសីតុណ្ហភាព 70⁰C ឆុងទឹកដោះគោ ទើបត្រឹមត្រូវតាមក្បួនខ្នាត
ជាការពិតណាស់ ទឹកដោះម្ដាយជាអាហារល្អឥតខ្ចោះសម្រាប់ទារក និង កុមារ ដោយវាសម្បូរទៅដោយអាហារូបត្ថម្ភច្រើនមុខ។ ជាពិសេសទឹកដោះជាប្រព័ន្ធការពាររាងកាយដែលជួយការពារទារក និង កុមារពីជំងឺផ្សេងៗទៀតផង។ ក្នុងនោះ អង្គការសុខភាពពិភពលោក និង ក្រសួងសុខាភិបាល ក៏បានផ្ដល់អនុសាសន៍ថាគ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូង និង បន្តបំបៅរហូតដល់កុមារអាយុ ២ ឆ្នាំ ឬលើសពីនេះ។
យ៉ាងណាមិញ ក៏មានលក្ខខណ្ឌមួយចំនួនដែលមិនត្រូវបានអនុញ្ញាតឱ្យម្ដាយធ្វើការបំបៅដោះកូនដែរ ដូចជាម្ដាយកំពុងព្យាបាលដោយគីមី មានជំងឺអេដស៍ ជំងឺរលាកថ្លើម និង របេង-ល-។ កត្តាទាំងនេះ ក៏ត្រូវបានតម្រូវឱ្យម្ដាយធ្វើការផ្ដល់នូវការបំបៅកូនដោយម្សៅទឹកដោះគោជំនួសទឹកដោះម្ដាយវិញ។
ងាកមកកាន់ការបំបៅកូនដោយម្សៅទឹកដោះគោវិញ ជឿជាក់ថាអាណាព្យាបាលជាច្រើនបានដឹងពីដំណើរការនៃការរៀបចំទឹកដោះគោសម្រាប់កូនតូចៗរួចមកហើយ តែក៏នៅមានអាណាព្យាបាលមួយចំនួនតូចអាចនឹងភ្លេចខ្លួនទៅលើការឆុងម្សៅទឹកដោះគោមិនត្រឹមត្រូវតាមក្បួនខ្នាត ដែលកំហុសឆ្គងនេះអាចនាំទុកទោសដល់កុមារនាពេលអនាគត។
ជាក់ស្តែង ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO ក៏បានណែនាំពីវិធីសាស្រ្តងាយៗលើដំណើរការនៃការរៀបចំឆុងម្សៅទឹកដោះគោឱ្យបានត្រឹមត្រូវ រួមមាន ៖
១. លាងសម្អាត និង សម្លាប់មេរោគលើផ្ទៃនៃកន្លែងឆុងម្សៅទឹកដោះគោបន្ទាប់មកលាងសម្អាតដៃឱ្យបានស្អាតមុននឹងចាប់កាន់សម្ភារ និង ម្សៅទឹកដោះគោ។
២. រាល់ឧបករណ៍ដែលយកមកប្រើ គួរត្រូវបានសម្អាតជាមួយនឹងសាប៊ូក្មេង និង ស្ងោររម្ងាស់សម្លាប់មេរោគឱ្យបានត្រឹមត្រូវ។
៣. ទឹកដែលយកមកប្រើ ជាជម្រើសល្អបំផុត គឺទឹកឆ្អិនដាំពុះ និង ទុកឱ្យនៅសីតុណ្ហភាព 70⁰C ។
៤. មុននឹងធ្វើការវាល់ម្សៅ សូមអានការណែនាំលើសម្បកកំប៉ុងឱ្យបានចប់ ដើម្បីឱ្យប្រាកដថាការវាល់ទឹក ឬ ម្សៅរបស់ប៉ាម៉ាក់ត្រឹមត្រូវ ព្រោះការដាក់ទឹក ឬ ម្សៅខុសការណែនាំអាចបង្កឱ្យកុមារឈឺបាន។
៥. ជំហានបន្ទាប់ សូមធ្វើការវាល់ទឹកចូលឱ្យបានត្រឹមត្រូវតាមកម្រិត ដែលគេណែនាំ និង ទឹកនោះមិនគួរទុកឱ្យត្រជាក់ទាបជាង 70⁰C ឡើយ។
៦. មូលហេតុដែលអ្នកជំនាញណែនាំឱ្យលាយជាមួយទឹកឆ្អិនដាំពុះ និង រក្សាទុកនៅសីតុណ្ហភាព 70⁰C ព្រោះរាល់ម្សៅទឹកដោះគោមិនត្រូវបានគេសម្លាប់មេរោគទាំងស្រុងឡើយ ដែលវាអាចមានជាប់មេរោគបាក់តេរីមួយចំនួនបង្កជំងឺធ្ងន់ធ្ងរដល់ក្មេងបាន។
៧. បន្ទាប់មក សូមធ្វើការវាល់ម្សៅឱ្យបានត្រឹមត្រូវចូលក្នុងដប ដែលយើងបានដាក់ទឹករួច។ ក្រោយពីលាយរួច អាណាព្យាបាលអាចគ្រលែង ឬ ក្រឡុកដបដោះគោថ្នមៗ និង ដាក់ដបទឹកដោះគោចូលក្នុងចានទឹកត្រជាក់ ឬ ទឹកកកឱ្យវាឆាប់ត្រជាក់ (តែសូមដាក់ទឹកត្រាំឱ្យទាបជាងមាត់ដបទឹកដោះគោ ដើម្បីជៀសវាងការឆ្លងមេរោគផ្សេងៗ ចូលក្នុងទឹកដោះគោ)។ សូមជូតសម្អាតផ្នែកខាងក្រៅនៃដបទឹកដោះគោជាមួយកន្សែងស្អាត។
៩. មុននឹងផ្ដល់ទឹកដោះគោឆុងរួចឱ្យកូនបៅ សូមបន្តក់លើដៃបន្តិចដើម្បីប្រាកដថាសីតុណ្ហភាពទឹកដោះគោមិនធ្វើឱ្យរលាកមាត់ក្មេង។ ចំពោះទឹកដោះគោដែលក្មេងបៅសល់ សូមធ្វើការចាក់ចោល ព្រោះទឹកដោះគោដែលនៅសល់អាចមានលាយជាមួយមេរោគ ដែលអាចធ្វើឱ្យក្មេងឈឺបាន៕
ប្រភព៖ WHO & CDC អាមេរិក