ទឹកដោះគោកូនបៅនៅសល់ ទោះជាថ្មីៗក៏ដោយ តែមិនគួរឱ្យកូនម៉ិមម្តងទៀតឡើយ
ជាការពិតណាស់ អាចនឹងមានអ្នកម៉ាក់លោកប៉ាធ្លាប់បានធ្វើវារួចមកហើយ រាល់ពេលដែលឆុងទឹកដោះគោឱ្យកូនតូច ហើយកូនបៅមិនអស់ ភាគច្រើនមិនហ៊ានចាក់ចោលទេ ពោលគឺទុកដើម្បីឱ្យកូនបៅម្តងទៀត ដោយសារអ្នកម៉ាក់លោកប៉ាមួយចំនួនអាចនឹងមានការស្តាយទឹកដោះគោនៅសល់នោះ។
បើតាមការបញ្ជាក់ និង ណែនាំពី CDC អាមេរិក បានឱ្យដឹងថា ទឹកដោះគោដែលកូនបៅរួចនៅសល់នោះ មិនគួរទុកឱ្យកូនបៅម្តងទៀតបានទេ ដោយ CDC អាមេរិក បានបញ្ជាក់ពីកត្តាសំខាន់ៗ ៤ យ៉ាង រួមមាន ៖
១. ទឹកដោះគោដែលកូនបៅរួចហើយ មានន័យថា ទឹកដោះគោ ដែលប្រឡាក់ជាមួយទឹកមាត់កូនមិនអាចទុកបាននោះទេ ព្រោះមានការបង្ករោគ ហើយបើទុកគឺបានយ៉ាងយូរត្រឹម ១ ម៉ោងតែប៉ុណ្ណោះត្រូវតែចាក់ចោល ព្រោះនៅក្នុងទឹកមាត់កូនគឺមានមេរោគ។
២. នៅពេលកូនម៉ិមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ិមទឹកដោះគោដែលនៅសល់នោះ អាចបង្កឱ្យកូនឈឺពោះរាករូស ជាដើម។
៣. បើសិនជាយើងឆុងទឹកដោះគោហើយមិនទាន់ឱ្យកូនបៅទេ យើងអាចទុកក្នុងទូទឹកកកបានរហូតដល់ ២៤ ម៉ោង បន្ទាប់ពីយកចេញពីទូទឹកកហើយ កូនបៅមិនអស់យើងមិនអាចយកទឹកដោះគោនោះទៅដាក់ក្នុងទូទឹកកកវិញទេ ព្រោះតែទឹកដោះគោនោះខូចគុណភាពហើយ។
៤. ក្នុងករណីដែលអ្នកម៉ាក់លោកប៉ាឆុងទឹកដោះគោឱ្យកូនរួច តែកូនបែរជាគេងលក់ យើងអាចរក្សាទុកទឹកដោះគោទាំងនោះក្នុងបរិយាកាសធម្មតា នៅកន្លែងស្អាត បានរយៈពេលបានតែ ២ ម៉ោងប៉ុណ្ណោះ៕
ប្រភព៖ CDC អាមេរិក