ម៉ាក់ៗថ្មីថ្មោងគួរដឹង! វិធីសាស្រ្តងាយៗ ឱ្យអូនតូច ឆាប់ចំណាំមុខម៉ាក់ប៉ាបានលឿន
ជាការពិតណាស់ បន្ទាប់ពីទារកបានកើតមកហើយ កូនតូចរបស់ម៉ាក់ប៉ាគ្រប់គ្នាអាចសម្លឹងមើលឃើញព្រាលៗក្នុងរយៈចម្ងាយត្រឹមតែប្រមាណជាង ៣០ សង់ទីម៉ែត្រ ប៉ុណ្ណោះ។ រីឯការសម្លឹងមើលវត្ថុផ្សេងៗ គឺអាចឃើញព្រាលបានត្រឹមតែរយៈពេលពី ៤ ទៅ ១០ វិនាទី។ យ៉ាងណា នៅពេលទារកមានអាយុ ៤ ថ្ងៃ ការសម្លឹងរបស់ទារកនឹងមានការវិវឌ្ឍន៍ឃើញបានជាងមុនបន្ដិចម្ដងៗ។
ក្រោយទារកសម្រាលហើយ អូនតូចអាចសម្លឹងមើលឃើញមុខរបស់ ម៉ាក់ប៉ា បាន ប៉ុន្តែមិនច្បាស់នោះទេ។ ក្នុងនោះ កូនតូចរបស់ម៉ាក់ប៉ា អាចចំណាំទម្រង់មុខបាន នៅពេលដែលគេមានអាយុបាន ១ ខែ ហើយពេលនោះ អូនតូចអាចសម្លឹងមើលវត្ថុនានាបានក្នុងរយៈចម្ងាយប្រមាណជា ៣៨ សង់ទីម៉ែត្រ។ រហូតដល់បានអាយុ ៣ ខែ កូនតូចរបស់ម៉ាក់ប៉ា ក៏លូតលាស់ធំម្តងបន្តិចៗ និង អាចសម្លឹងមើលបានកាន់តែឆ្ងាយ ព្រមទាំងឃើញវត្ថុនៅជុំវិញខ្លួនកាន់តែច្បាស់។ ជាពិសេសនោះ នៅអាយុ ៤ ខែ អូនតូចអាចចង់ចាំបានទៀតផង។
ជាទូទៅ ក្នុងអំឡុងពេលមានអាយុ ២ ទៅ ៣ ខែ ភ្នែករបស់ទារកអាចធ្វើដំណើរការបានល្អបំផុត ដោយពណ៌ស និង ខ្មៅ ជាពណ៌ ដែលកូនតូចម៉ាក់ប៉ា អាចមើលឃើញច្បាស់មុនគេ ហើយដល់អាយុ ៣ ខែ កូនតូចម៉ាក់ប៉ា ចាប់ផ្តើមអាចសម្លឹងវត្ថុមានពណ៌ផ្សេងៗបានច្រើនឡើង រួចមើលច្បាស់ជាងគេនៅពេលម៉ាក់ប៉ា និង អ្នកផ្សេងចូលកៀកជិតគេ។
ជាដំបូង ការចាប់អារម្មណ៍របស់ទារក គឺចូលចិត្តមើលតែទឹកមុខរបស់មនុស្ស ដែលនៅក្បែរខ្លួន។ ជាពិសេសម៉ាក់ប៉ា ប្រសិនបើចង់ឱ្យកូនតូចចាំមុខបានឆាប់នោះ ម៉ាក់ប៉ាត្រូវស្ថិតនៅក្នុងក្រសែភ្នែកនៃការសម្លឹងរបស់កូនតូចជាញឹកញាប់ ព្រមទាំងនិយាយលេងជាមួយកូនឱ្យបានច្រើន៕
ប្រភព៖ Baby Center