កុំអង្រួនកូនលេងខ្លាំងៗពេក អាចប៉ះពាល់ខួរក្បាលក្មេង ហើយបើធ្ងន់ឈានដល់ពិការទៀត
ធម្មតាឪពុកម្តាយដែលស្រឡាញ់កូន តែងតែចាប់ថើប ក្នាញ់ក្រញ៉ិច និង អង្រួនកូនលេងជារឿងធម្មតា តែប៉ាម៉ាក់ភាគច្រើនមិនដឹងទេថា ទង្វើបែបនោះគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចនាំឱ្យកុមារជួបនឹងគ្រោះថ្នាក់បាន ជាពិសេស ការអង្រួនលេងបែបខ្លាំងៗ។
យ៉ាងណាមិញ បើតាមការណែនាំរបស់អ្នកជំនាញបានឱ្យដឹងថា ការចាប់អង្រួនកុមារ មិនមែនជារឿងដែលសប្បាយនោះទេ ជាពិសេស ទារកដែលមានអាយុក្រោម ១ ខួប ព្រោះទារកពុំទាន់មានសាច់ដុំហាប់ណែនឡើយដែលអាចប៉ះពាល់ដល់ទារក បើជ្រុលដៃអាចនាំឱ្យបាក់ឆ្អឹងកងទៀតផង។
ម៉្យាងវិញទៀត នៅពេលដែលចាប់អង្រួនកុមារក្រោយអាយុ ១ ខួប គឺធ្វើឱ្យខួរក្បាលមានការប៉ះទង្គិចទៅតាមចលនាអង្រួននោះ ដែលនេះអាចនាំឱ្យមានបញ្ហាហូរឈាមក្នុងខួរក្បាល អាចធ្វើឱ្យគ្រោះថ្នាក់ដល់កុមារឈានដល់ការបាត់បង់ជីវិត ឬ ពិការភាពមួយជីវិតក៏មាន។ ហេតុដូចនេះ អាណាព្យាបាល ឬ ឪពុកម្តាយគួរប្រុងប្រយ័ត្ននូវចំណុចទាំងនេះ ព្រោះថាមនុស្សភាគច្រើនតែងតែធ្វេសប្រហែសមិនចាប់អារម្មណ៍ឡើយ៕