កូនអាយុចាប់ពី ១៥ ខែហើយមិនទាន់ចេះដើរទៀត អាចមកពីមូលហេតុទាំងនេះ
ជាទូទៅ កុមារនឹងចាប់ផ្តើមដើរនៅចន្លោះអាយុ ៩ ខែ ទៅ ១៥ ខែ ប៉ុន្តែក៏មានកុមារជាច្រើនអាចនឹងមិនទាន់ដើរបានរហូតដល់ទៅអាយុ ១៨ ខែ ក៏មាន។ ម៉ាក់ប៉ា ក៏មិនចាំបាច់បង្រៀនកូនរបស់អ្នកឱ្យដើរនោះទេ ប៉ុន្តែម៉ាក់ប៉ា អាចមានវិធីជាច្រើនដើម្បីលើកទឹកចិត្តកូនតូចឱ្យចាប់ផ្តើមបោះជំហានដំបូងរបស់ពួកគេ។
ក្នុងរយៈពេល ១៥ ខែ ទៅដល់ ១៨ ខែ ប្រសិនបើកូនរបស់អ្នកនៅតែបន្តវារ លូន ឬរំកិលគូទរបស់គេនៅឡើយ ខណៈកុមារផ្សេងទៀត ដែលមានវ័យប្រហាក់ប្រហែលនឹងក្មេងដទៃអាចដើរបានហើយនោះ វាអាចជាសញ្ញាមួយ ដែលខុសធម្មតា។ នេះបើតាមការឱ្យដឹងពីវេជ្ជបណ្ឌិត Andrew Adesman នៃ Schneider Children’s Hospital ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
១. មូលហេតុ
បើកុមារអាចដើរបានតតេះតតះ តែមិនស្ទាត់នោះ គឺកូនតូចប៉ាម៉ាក់ អាចនឹងមិនទទួលបានការលើកទឹកចិត្ត ឬមិនមានឱកាសគ្រប់គ្រាន់ក្នុងការរៀនដើររបស់គេ។ ម្យ៉ាងវិញទៀត ការថយចុះសំឡេងសាច់ដុំ (hypertonia) ក៏អាចធ្វើឱ្យកូនតូចប៉ាម៉ាក់ពិបាកដើរក៏ថាបាន។ ប្រសិនបើ សំឡេងសាច់ដុំទាបពេក កុមារ នឹងពិបាកក្នុងការទទួលបានលំនឹង និង គ្រប់គ្រងខ្លួនឯងដោយសារតែអវយវៈរបស់ពួកគេនៅទន់ខ្សោយ។ ផ្ទុយទៅវិញ បើមានសំឡេងសាច់ដុំខ្ពស់ពេក ឬមានសាច់ដុំមួយចំនួនសកម្មខ្លាំងពេក កុមារអាចនឹងមានអវយវៈរឹង និង ពិបាកក្នុងការរក្សាតុល្យភាពរបស់ពួកគេដូចគ្នា។
ក្នុងករណីដ៏កម្រ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យបញ្ហាត្រគាក នៅពេលដែលកុមារដើរមិនទាន់ពេលវេលា។ លើសពីនោះ ការដើរយឺតក៏អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហា នៃការអភិវឌ្ឍដូចជាពិការភាពផ្នែកបញ្ញាជាដើម។
២. ដំណោះស្រាយ
អ្វីដែលវេជ្ជបណ្ឌិត បានណែនាំនោះ គឺម៉ាក់ប៉ាអាចស្វែងរកវិធី ដើម្បីលើកទឹកចិត្តកូនរបស់អ្នកឱ្យអភិវឌ្ឍជំនាញដើររបស់គេបាន។
ប្រសិនបើប៉ាម៉ាក់ មានការបារម្ភថាកូនកំពុងតែមានការយឺតយ៉ាវក្នុងការចាប់ផ្តើមដើរហើយនោះ ជំហានដំបូង គឺម៉ាក់ប៉ាគួរនាំកូនទៅពិនិត្យសុខភាព រួមទាំងការពិនិត្យផ្នែកសរសៃប្រសាទ និង ការវាយតម្លៃលើការឆ្លុះបញ្ចាំង ឥរិយាបថ និង សំឡេងសាច់ដុំរបស់កូន។
ជាងនេះទៅទៀត វេជ្ជបណ្ឌិត ក៏នឹងគិតគូរពីបញ្ហាអភិវឌ្ឍន៍ផ្សេងៗទៀតរួមមានភាសា ការសម្របសម្រួលនៃសាច់ដុំឆ្អឹង និង សរសៃប្រសាទ ដើម្បីបង្កើតចលនា រួមទាំងការទំនាក់ទំនងសង្គមផងដែរ៕