ទារកមានអាយុ ៩ ខែឡើង ឪពុកម្តាយគួរប៉ូវអាហារប្រភេទណាខ្លះ ដើម្បីមានការលូតលាស់ល្អ?
ពេលកុមារឈានចូលដល់អាយុ ៩ ខែ អ្នកម្ដាយគួរតែស្វែងរកអាហារល្អ និង សម្បូរជីវជាតិសម្រាប់ក្មេងញ៉ាំ ដូច្នេះហើយសម្រាប់អ្នកម្តាយថ្មោងថ្មីដែលមិនទាន់ដឹងថាគួរជ្រើសរើសរបបអាហារប្រភេទណាស័ក្តិសមសម្រាប់កុមារអាយុ ៩ ខែ តស់! មកដឹងទាំងអស់គ្នា ៖
១. អាហារដែលងាយស្រួលទំពា
អ្នកម្តាយនឹងឃើញ ធ្មេញរបស់កូនៗរបស់អ្នកចាប់ផ្តើមដុះចេញមក ប៉ុន្តែកូនរបស់លោកមិនទាន់អាចញ៉ាំអាហាររឹងៗបាននោះទេ ព្រោះធ្មេញនៅមិនទាន់រឹងមាំ។ អំឡុងពេលនេះ អាហារដែលអ្នកម្ដាយគួរតែជ្រើសរើសទន់ និង ងាយស្រួលទំពា ដើម្បីឱ្យងាយស្រួលលេប និង ងាយរំលាយ។
២. បបរខាប់
បបរខាប់ជាអាហារមួយដែលស័ក្តិសមសម្រាប់កុមារឈានចូលអាយុ ៩ ខែ ដោយសារតែបបរធ្វើឱ្យកាន់តែងាយស្រួលក្នុងការទំពារដោយខ្លួនឯង ហើយក្រពះក្មេងនៅខ្ចីក៏ដំណើរការល្អ និង ជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។
៣. បបរខាប់គ្រប់គ្រឿងជាមួយនឹងសាច់
អ្នកម្ដាយគួរតែធ្វើបបរខាប់គ្រប់គ្រឿងបន្ថែមជាមួយនឹងសាច់សម្រាប់កុមារងាយស្រួលញ៉ាំ និង ជួយឱ្យរាងកាយរបស់ក្មេងមានសារធាតុចិញ្ចឹមច្រើន ហើយថែមទាំងជួយបង្កើតភាពស៊ាំ ធ្វើឱ្យក្មេងមានសុខភាពល្អ ប៉ុន្តែមុននឹងឱ្យកូនញ៉ាំ អ្នកម្ដាយត្រូវកិនឱ្យម៉ត់ជាមុនសិន ដោយសារតែសាច់គឺរឹង ហើយធ្មេញក្មេងមិនទាន់ទំពាបានឡើយ។
៤. បន្លែ
កុមារអាយុ ៩ ខែ គួរតែញ៉ាំបន្លែបន្ថែម ប្រសិនបើអ្នកម្តាយកំពុងជួបប្រទះនឹងបញ្ហាកូនមិនញ៉ាំបន្លែ ដូច្នេះអ្នកគួរតែបង្រៀនកូនឱ្យញ៉ាំបន្លែដើម្បីបង្កើតមុខម្ហូបដែលកូនចង់ញ៉ាំ ធានាថាកូនពិតជាអាចញ៉ាំបន្លែបាន។
៥. ដំឡូងបារាំងកិនជាមួយនឹងថ្លើម
ដូចដែលអ្នកម្ដាយដឹងច្បាស់ហើយ ថ្លើមមានប្រយោជន៍ ជួយបន្ថែមជាតិដែកដល់រាងកាយកុមារបានយ៉ាងល្អ ហើយដំឡូងបារាំងក៏មានវីតាមីន និង ប៉ូតាស្យូមជាច្រើន ដែលជួយឱ្យរាងកាយកូនរបស់អ្នកមានសុខភាពល្អ។
៦. ទឹកដោះគោ
ទឹកគោដោះ គឺជាអាហារសម្រាប់កុមារសំខាន់បន្ទាប់ពីទឹកដោះម្ដាយដែលអ្នកម្ដាយមិនគួរមើលរំលង ព្រោះវាមានប្រយោជន៍ច្រើន ជំនួយដល់ភ្នែក និង ជួយបង្កើតភាពស៊ាំដល់រាងកាយកុមារ លើសពីនេះ ទឹកដោះគោអាចជួយដល់ប្រព័ន្ធរំលាយអាហារ និង ការលូតលាស់បានល្អផងដែរ៕