ក្មេងៗង៉ិកង៉ក់មិនចង់ដុសសម្អាតធ្មេញ ម៉ាក់ប៉ាលេងល្បិច ៥ យ៉ាងនេះ ធានាកូនៗនឹងដុសរាល់ថ្ងៃ ហើយមិនខ្ជិល
ជាការពិតណាស់ ការថែរក្សាសុខភាពមាត់ធ្មេញសម្រាប់កូនតូចៗរបស់លោកអ្នក គឺជាផ្នែកសំខាន់មួយនៃការរស់នៅរបស់គេ។ យ៉ាងណា ម៉ាក់ប៉ាមួយចំនួនក៏ធ្លាប់បានលើកឡើងពីផលវិបាកនៃការទម្លាប់ឱ្យកូនតូចៗចង់ដុសសម្អាតធ្មេញខ្លួនឯងជាប្រចាំ ដោយកូនតូចៗខ្លះនៅរអ៊ូរទាំ ឬ រករឿងពេលដល់ម៉ោងដុសធ្មេញម្តងៗ។
យ៉ាងណា ថ្ងៃនេះ «អ្នកម្តាយប្រជាប្រិយ» នឹងយកវិធីសាស្ត្រងាយៗ សម្រាប់ម៉ាក់ប៉ាបង្រៀនកូនៗនៃការដុសធ្មេញឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ ៖
១. នៅពេលដែលពួកគេកំពុងងូតទឹក ឬ លាងមុខ ប៉ាម៉ាក់គួរប្រើវិធីសាស្ត្រលួងលោមកូនតូចឱ្យដុសធ្មេញក្នុងពេលតែមួយ។
២. ជំហានដំបូង ម៉ាក់ប៉ាអាចដុសធ្មេញឱ្យពួកគេនៅមុខកញ្ចក់ ឬ ឱ្យពួកគេចាប់ផ្តើមរៀនដុសសម្អាតធ្មេញដោយខ្លួនឯង។ លើសពីនោះ ម៉ាក់ប៉ាអាចដុសធ្មេញមុនដើម្បីឱ្យកូនៗឃើញ ឬ អាចនាំកូនៗដុសធ្មេញក្នុងពេលតែមួយជាមួយអ្នក។
៣. សាកល្បងប្រើថ្នាំដុសធ្មេញរបស់កុមារ ជារសជាតិផ្លែឈើណាមួយដែលកូនតូចរបស់អ្នកចូលចិត្ត ហើយការប្រើថ្នាំដុសធ្មេញកុមារ គឺងាយស្រួលជាងការប្រើថ្នាំរបស់មនុស្សពេញវ័យ ដែលភាគច្រើនមានរសជាតិហឹរៗ។
៤. បើសិនជាកូនតូចរបស់ម៉ាក់ប៉ា នៅតែរឹងទទឹងមិនចង់ដុសធ្មេញ អ្នកគួរតែបង្កើតវាទៅជាការលេងហ្គេម។ ឧទាហរណ៍ ម៉ាក់ប៉ាគួរលេងហ្គេមជាការប្រណាំងដុសធ្មេញជាមួយកូន ឬ យកការដុសធ្មេញម្តងម្នាក់មកជាការកម្សាន្តក៏បាន។ ចំណុចទាំងនេះ នឹងអាចជាផ្នែកមួយធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថា ពួកគេកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសលើការដុសធ្មេញនេះ។
៥. បើកវីដេអូចម្រៀងកុមារ ដែលរៀនដុសធ្មេញ ដើម្បីឱ្យពួកគេមានអារម្មណ៍កម្សាន្ត និង ធ្វើសកម្មភាពតាម។-ល-៕
ប្រភព៖ Baby Center