កូនតូចៗយំមិនដឹងមូលហេតុ ម៉ាក់ប៉ាត្រូវចេះសង្កេតពីបញ្ហា និង ប្រើតិចនិចលួងទាំងនេះដើម្បីឈប់យំ
នៅពេលដែលកូនតូចៗយំ មិនថាយប់ ឬ ថ្ងៃ លោកប៉ាអ្នកម៉ាក់ភាគច្រើនប្រាកដជាយល់ថាកូនតូចឃ្លានបៅមិនខាន ប៉ុន្ដែបន្ទាប់ពីបៅឆ្អែតហើយអូនតូចនៅតែមិនព្រមបាត់យំ ទោះបីជាលួងយ៉ាងណាក៏មិនបាត់ នោះអាចបណ្ដាលមកពីមូលហេតុផ្សេង រួមមាន ហើមពោះ ចុកពោះ ទល់លាមក ឬ ឈឺ ជាដើម។ បើទោះជាយើងបានដឹងច្បាស់ ឬ មិនបានដឹងថាកូនតូចៗយំ ព្រោះហេតុផលណាមួយក្តី តែខាងក្រោមនេះ គឺជាវិធីសាស្ត្រលួងកូនឱ្យបាត់យំ ដែលម៉ាក់ប៉ាមួយចំនួនបានអនុវត្តន៍ ៖
១. ព្យាយាមរកមូលហេតុនៃការយំរបស់កូន
បើទោះជាម៉ាក់ប៉ាឱ្យកូនបៅឆ្អែតហើយ តែគេមិនបាត់យំ គួរតែឆាប់ពិនិត្យមើលពោះ ឬ លាមកកូន ព្រោះភាគច្រើនក្មេងយំមិនបាត់មកពីឈឺពោះ ឬ ទល់ខ្យល់ក៏ថាបាន។ ម៉ាក់ប៉ាគួរតែយកដៃទៅគោះពោះកូនតូចៗថ្នមៗ បើពោះកូនឮសូរផ្លុងៗ មានន័យថាកូនអ្នកហើមពោះហើយ ដូច្នេះត្រូវឆាប់រកថ្នាំមកលាបរឹត និង សម្អាតសម្ភារកូនប្រើប្រាស់ជាថ្មីឱ្យបានស្អាតល្អ។
២. យកកូនមកឱបផ្អឹបនឹងទ្រូង
នៅពេលកូនចាប់ផ្តើមយំខ្លាំងឡើងៗ ដោយមិនដឹងមូលហេតុ ម៉ាក់ប៉ាគួរយកកូនតូចមកឱបនឹងដើមទ្រូងឱ្យជាប់ និង អង្រួនតិច ដោយបន្លឺសំឡេងដើម្បីឱ្យកូនតូចដឹងថាគេមានអ្នកនៅក្បែរ។
៣. ចូលទៅគេងក្បែរឱបកូន
ប្រសិនបើកូនម៉ាក់ប៉ាយំដោយភាពឈឺចាប់ណាមួយដូចជាចាក់វ៉ាក់សាំង សត្វតិច ឬ ខាំៗនោះ ហើយលួងយ៉ាងណាក៏មិនបាត់យំ ម៉ាក់ប៉ាគួរតែលើកកូនព និង ចូលទៅគេងក្បែរឱបកូនឱ្យជាប់ក្នុងអង្រឹងឱបកូនថ្នមៗកុំឱ្យប៉ះមុខរបួស។
៤. លើកកូនពដាក់លើស្មា
ចំណុចនេះ ក៏ប្រហាក់ប្រហែលនឹងតិចនិកខាងលើដែរ ដោយម៉ាក់ប៉ាគួរលើកកូនមកព ហើយយកក្បាលគេទៅផ្ដេកលើស្មា គោះខ្នងតិចៗ និង ពកូនតូចដើរទៅដើរមក។ ការធ្វើបែបនេះ កូនអាចនឹងបាត់យំម្តងបន្តិចៗរហូតគេងក៏មាន។
៥. ច្រៀង ឬ ចាក់ភ្លេងបំពេ
នៅពេលលើកកូនមកព ឬ បីនឹងដៃ ម៉ាក់ប៉ាអាចច្រៀងបណ្តើរ ឬ ចាក់ភ្លេងបំពេកូនបណ្តើរក៏បាន ដោយចំណុចនេះក៏ជាផ្នែកជួយឱ្យកូនតូចៗរំងាប់អារម្មណ៍បាត់យំ និង គេងលក់ស្រួល។
៦. ជូតខ្លួន និង មុខកូនដោយទឹកក្តៅឧណ្ហៗ
ជួនកាលកូនតូចៗយំអាចមកពីភាពធុញថប់ និង ស្អុះស្អាប់ ដូច្នេះម៉ាក់ប៉ាគួរជ្រើសរើសការជូតខ្លួន និង មុខកូនដោយកន្សែងពូតជាមួយនឹងទឹកក្តៅឧណ្ហៗ។
៧. ខ្យល់អាកាសបរិសុទ្ធ
ម៉ាក់ប៉ាគួរតែស្វែងរកខ្យល់អាកាសបរិសុទ្ធ ដូចជាការបើកទ្វារបន្ទប់ ឬ ទ្វារមុខផ្ទះ ក្រោយផ្ទះ រួចបីកូនតូចចេញទៅស្រូបបរិយាកាសនោះ គឺគេអាចនឹងបាត់យំភ្លាមៗក៏ថាបាន។-ល-៕
ប្រភព៖ Baby Center