ម៉ាក់ៗថ្មោងថ្មី គួរដឹងអាហារដំបូងរបស់កុមារអាយុ ៦ ខែ គួរញ៉ាំសំខាន់ដល់ការរំលាយអាហារ
នៅពេលកុមារចូលដល់អាយុ ៦ ខែ កុមារត្រូវការអាហារបន្ថែមដែលពួកគេអាចញ៉ាំបាន ហើយអាហារដំបូងរបស់ពួកគេគឺជាអាហារសំខាន់ ដោយសារតែប្រព័ន្ធរំលាយអាហាររបស់ទារកមិនទាន់រឹងមាំនៅឡើយ ប្រសិនបើញ៉ាំអាហាររឹង វាអាចនឹងពិបាកក្នុងការរំលាយអាហារ និង ធ្វើឱ្យកូនរបស់អ្នកហើមពោះ ដោយសារការផ្តល់របបអាហារខុស។
ដូច្នេះថ្ងៃនេះ «អ្នកម្ដាយប្រជាប្រិយ» សូមលើកយកប្រភេទអាហារដំបូងសម្រាប់កុមារចូលដល់អាយុ ៦ ខែ អាចញ៉ាំបាន ដោយអ្នកម្តាយថ្មោងថ្មីគួរដឹងនឹងជ្រើសរើសយកអាហារណាមួយដែលអ្នកគួរឱ្យកូនរបស់អ្នកញ៉ាំ ហើយគួរឱ្យកូនរបស់អ្នកញ៉ាំក្នុងប្រមាណតិចតួច ក្នុងជំហានដំបូង។
១. អង្ករសំរូប
អង្ករសំរូបត្រូវបានចាត់ថាជាអាហារមួយសក្តិសមបំផុតសម្រាប់កុមារ ព្រោះអង្ករនេះមានទាំងប្រូតេអ៊ី និង កាបូអ៊ីដ្រាត។ សម្រាប់អ្នកម្ដាយសូមណែនាំឱ្យអង្ករសំរូបដាំជាបបរហើយកិនឱ្យម៉ត់ ទុកឱ្យត្រជាក់សឹមឱ្យកូនតូចរបស់អ្នកញ៉ាំ។
២. ផ្លែចេក
ផ្លែចេកគឺជាផ្លែឈើតាំងពីចាស់ពីដើមមកហើយ ភាគច្រើនគាត់ឱ្យញ៉ាំចេកជាអាហារដំបូងរបស់កូន ព្រោះថាចេកមានរសជាតិផ្អែម ងាយរំលាយ និង មានសារធាតុចិញ្ចឹមឆាប់ឆ្អែត ហើយជាអាហារងាយស្រួលឱ្យកុមារញ៉ាំ។
៣. ស៊ុតក្រហម
ស៊ុតក្រហម ក៏ជាអាហារសម្រាប់កុមារផងដែរ វាសក្តិសមបំផុតជាអាហារដំបូង ព្រោះស៊ុតក្រហមសម្បូរទៅដោយប្រូតេអ៊ីន ហើយមានវីតាមីនជួយពង្រឹងដល់រាងកាយរបស់កុមារ។ ប៉ុន្តែស៊ុតក្រហមអាចពិបាករំលាយបន្តិច ដូច្នេះអ្នកម្ដាយគួរតែឱ្យកូនញ៉ាំពីអាយុ ១ឆ្នាំឡើងទើបល្អ ។
៤. បន្លែ
ដោយសារតែបន្លែសម្បូរទៅដោយវីតាមីន និង សារធាតុរ៉ែដែលចាំបាច់សម្រាប់រាងកាយកុមារ ដូច្នេះបន្លែក៏ជាជម្រើសមួយក្នុងគ្រឿងផ្សំក្នុងអាហារដំបូងរបស់កុមារមានអាយុចាប់ពី ៦ខែឡើងដែរ។ មិនថា ផ្លែល្ពៅ ស្ពៃក្តោប ដំឡូងជ្វា ការ៉ុត ជាដើម អ្នកម្ដាយអាចយកស្ងោរ និង ចំហុយ ឬ ដាក់បបរកិនឱ្យម៉ត់ ដើម្បីឱ្យកូនញ៉ាំបាន។
៥. សាច់ត្រី និង សាច់មាន់
សាច់សម្បូរទៅដោយប្រូតេអ៊ីន ដូច្នេះ សាច់ត្រី និង សាច់មាន់ សម្រាប់អ្នកម្ដាយគួរជ្រើសរើសធ្វើជាអាហារដំបូងសម្រាប់កុមារមានអាយុ ៦ ខែ ដោយយកត្រី ឬ សាច់មាន់មកកិនឱ្យម៉ត់លាយជាមួយនឹងបាយ ឬ បបររបស់កុមារ ដើម្បីឱ្យកុមារទទួលបានប្រូតេអ៊ីនពីសាច់៕