ដឹងថាខ្លួនមានផ្ទៃពោះ គួរជៀសវាង និង ប្រយ័ត្នបំផុតលើការបរិភោគផ្លែឈើទាំង ១០ មុខនេះ
ពេលចាប់ផ្តើមមានផ្ទៃពោះ ស្ត្រីទូទៅតែងមានចំណូលចិត្តទទួលទានពពួកផ្លែឈើមានរសជាតិជូរ ឬ យើងហៅថាគ្រឿងម្ជូរ និង ផ្លែឈើរសជាតិផ្អែមជាជាងអាហារប្រចាំថ្ងៃ។ យ៉ាងណាមិញ ការបរិភោគផ្លែឈើដែលត្រឹមត្រូវពិតជាចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាល្អទាំងសុខភាពម្តាយ និង កូនក្នុងផ្ទៃ។ ថ្វីបើផ្លែឈើសុទ្ធសឹងផ្ទុកទៅដោយវីតាមីនចម្រុះដែលល្អចំពោះសុខភាព និង សម្រស់ តែទន្ទឹមគ្នានេះ មានផ្លែឈើមួយចំនួនដែលស្ត្រីមានគភ៌គ្រប់រូបគួរជៀសវាងទទួលទាននៅពេលចាប់ផ្តើមពពោះ។
១. ម្នាស់
ម្នាស់គឺជាផ្លែឈើនាំមុខគេក្នុងចំណោមផ្លែឈើទាំងអស់ដែលស្ត្រីមានគភ៌គួរជៀសវាងទទួលទាននៅអំឡុងត្រីមាសទីមួយ ដោយសារតែវាមានផ្ទុកទៅដោយសារធាតុម្យ៉ាងរបស់អង់ស៊ីមហៅថា bromelain ដែលអាចបណ្តាលឲ្យស្បូនរួញ និង ធ្លាក់ឈាម ដែលជាករណីបង្ខាំងដល់ការលូតលាស់របស់ទារក។ ដូចនេះមិនថាការបរិភោគម្នាស់ជាលក្ខណៈសាច់ស្រស់ ឬ ទឹកស្រស់ ឬ ចម្អិនក្នុងម្ហូប ស្ត្រីគួរផ្អាករហូតដល់ពេលសម្រាលកូនរួចរាល់ទើបប្រសើរ។
២. ល្ហុង
ថ្វីបើផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីនចម្រុះដែលល្អចំពោះសុខភាពរាងកាយ តែយ៉ាងណាស្ត្រីគួរជៀសវាងទទួលទានវានៅអំឡុងពេលមានផ្ទៃពោះ នេះក៏ព្រោះតែល្ហុងនឹងធ្វើឲ្យកំដៅខ្លួនកើនឡើង ស្របពេលដែលសារជាតិ Latex អាចបណ្តាលឲ្យស្បូនរួញ ឬ ធ្លាក់ឈាម និង បង្អាក់ដល់ការលូតលាស់របស់ទារក។
៣. ទំពាំងបាយជូរ
មិនថាទំពាំងបាយជូរក្រហម ទំពាំងបាយជូរបៃតង ឬ ទំពាងបាយជូរប្រភេទណាមួយ ស្ត្រីគួរជៀសវាងទទួលទាននៅអំឡុងពេលមានផ្ទៃពោះ។ នេះក៏ដោយសារតែវាជាប្រភេទផ្លែឈើសម្បូរសារជាតិម្យ៉ាងហៅថា resveratrol ដែលនឹងបង្កជាតិពុលនៅក្នុងរាងកាយ និង ធ្វើឲ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ។ ស្ត្រីដែលចាញ់កូនមានចំណង់បរិភោគទំពាំងបាយជូរនៅពេលព្រឹកអាចប្រឈមនឹងការរាករូសផងដែរ។
៤. ម្រះ
ម្រះផ្ទុកទៅដោយសារធាតុពុលមួយចំនួនរួមមាន quinine, saponin, glycosides និង morodicine ដែលសារធាតុទាំងនេះអាចបង្កឲ្យដៃស្បូនរលាក អាចជាករណីធ្វើឲ្យកូនកើតមុនខែ។ វាក៏ជាដើមហេតុបង្កឲ្យកើតអាការក្អួតចង្អោរ ឡើងកន្ទួលលើស្បែក ចុកឆ្អល់ពោះ ឬ រហូតដល់រាករូសផងដែរ។
៥. អំពិល
អំពិលផ្ទុកទៅដោយវីតាមី C យ៉ាងច្រើនលើសលុបដែលនឹងបង្អាក់ទៅដល់ការផលិតអ័រម៉ូន Progesterone ហើយករណីអ័រម៉ូននេះធ្លាក់ចុះអាចប្រឈមបង្អាក់ទៅដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ បើឃ្លានខានមិនបានអាចទទួលទានតិចតួចបំផុត តែបើជៀសបានកាន់តែល្អ។
៦. ចេក
ចេកជាអាហារដ៏មានសុវត្ថិភាព និង ល្អបំផុតចំពោះរាងកាយ តែការជៀសវាងគឺសម្រាប់តែស្ត្រីដែលឆាប់ប្រតិកម្មនឹងអ្វីៗជុំវិញខ្លួនក៏ដូចជាអាហារ និង ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ នេះក៏ដោយសារតែចេកមានផ្ទុកនូវសារជាតិ Latex, អង់ស៊ីម, Chitinase ពិសេសជាតិស្ករធ្វើឲ្យឡើងកំដៅ។
៧. ឪឡឹក
ឪឡឹកជួយផ្តល់ជាតិទឹកយ៉ាងច្រើនចំពោះរាងកាយ ហើយវាជួយជំរុញជាតិពុលចេញពីរាងកាយផងដែរ តែការជំរុញជាតិពុលចេញពីរាងកាយនេះនឹងធ្វើឲ្យជាតិពុលហូរមកទើរនៅស្បូនដែលបង្កឲ្យប៉ះពាល់ដល់សុខភាពទាករក។ ម្យ៉ាងវាគឺជាផ្លែឈើត្រជាក់ដែលមិនល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ។
៨. ល្ង
ល្ងត្រូវបានគេដឹងថាជាដើមហេតុនៃការធ្វើឲ្យស្បូនរួញ និង បណ្តាលឲ្យមានអាការចុករហូតធ្វើឲ្យរលូតកូនទៀតផង។ ដូច្នេះបើអាចគួរជៀសវាងទទួលទានល្ង ជាពិសេសនៅអំឡុងត្រីមាសទីមួយ។
៩. លម៉ើ
បើទោះផ្លែលម៉ើត្រូវបានគេស្រាវជ្រាវឃើញថាវាមានផ្ទុកនូវសារធាតុចិញ្ចឹម និង វីតាមីនចម្រុះច្រើន ប៉ុន្តែអ្នកជំនាញបានហាមប្រាមចំពោះស្ត្រីមានផ្ទៃពោះទៅវិញ។ ហេតុផលចម្បងដោយសារតែការហូបផ្លែលម៉ើនឹងធ្វើឲ្យខ្លួនឡើងកំដៅ ហើយអាចបង្កឲ្យស្បូនរួញដោយពង្រីកទៅដល់សាច់ដុំស្បូនកាន់តែធំឡើង។ ក្នុងករណីខានមិនបានស្ត្រីអាចញុំាត្រឹមតែមួយឬពីរផ្លែប៉ុណ្ណោះក្នុងមួយថ្ងៃ។
១០. ប៊ឺរី
ជៀសវាងទទួលទានប្រភេទផ្លែប៊ឺរីផ្សេងៗដែលក្លាសេកក។ ការយកផ្លែប៊ឺរីទៅក្លាសេកកវានឹងធ្វើឲ្យរសជាតិក៏ដូចជាសារធាតុចិញ្ចឹមត្រូវបានបាត់បង់ ដោយនាំមកវិញនូវសារធាតុពុលដែលនាំឱ្យប៉ះពាល់ដល់អ្នកម្តាយ ក៏ដូចជាទារកក្នុងផ្ទៃ។ បើចង់ញុំាផ្លែប៊ឺរី គួរញុំាបែបក្លាសេត្រជាក់ៗប្រសើរជាងក្លាសេកក។
ក្រៅពីផ្លែឈើស្រស់មួយចំនួនខាងលើ ស្ត្រីមានគភ៌គួរជៀសវាងផងដែរនូវការទទួលទានផ្លែឈើកំប៉ុងដូចជា មៀនកំប៉ុង និង សាវម៉ាវកំប៉ុង ជាដើម។ គួរផ្អាកវាមួយរយៈសិន ព្រោះពពួកផ្លែឈើកំប៉ុងមានផ្ទុកនូវសារធាតុរក្សាទុកបានយូរ ដែលជាជាតិពុលធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និង កូនក្នុងផ្ទៃ ឬ អាចបង្កទៅជាជំងឺផ្សេងៗនៅថ្ងៃខាងមុខ៕