ពេលជិះយន្តហោះ ម៉ាក់ៗទើបពពោះគួរស្វែងយល់ពីកត្តាសំខាន់មួយចំនួនពីអ្នកជំនាញ ដើម្បីសុវត្ថិភាព
ស្ត្រីពពោះថ្មោងថ្មីច្រើនតែមានចម្ងល់ថា តើការជិះយន្តហោះអាចមានផលប៉ះពាល់ឬទេ? ជាសំណាងល្អ ចម្លើយគឺមិនប៉ះពាល់នោះទេ តែអ្នកជំនាញបានផ្តល់ដំបូន្មានឱ្យស្ត្រីតាំងគភ៌ទាំងឡាយគួរចាយពេលស្វែងយល់ពីកត្តាសំខាន់ៗមួយចំនួន ដើម្បីសុវត្ថិភាពនៅពេលហោះហើរដូចខាងក្រោម ៖
១. ឆែកសុខភាព
ការការពារប្រសើរជាងព្យាបាល មុនពេលធ្វើដំណើរតាមយន្តហោះ អ្នកជំនាញផ្តល់ដំបូន្មានឱ្យស្ត្រីកំពុងពពោះគួរឆែកសុខភាព ជាពិសេសស្ត្រីមានជំងឺលើសឈាម ជំងឺបេះដូង និង ស្ត្រីមានបញ្ហាសុខភាពញឹកញាប់។
២. ធ្វើចលនា
បញ្ហាមួយមិនថាតែអ្នកធ្វើដំណើរទូទៅ ឬ ស្ត្រីមានផ្ទៃពោះតែងជួបប្រទះពេលជិះយន្តហោះ នោះគឺដំណើរកកឈាមក្នុងសរសៃឈាមដោយសារតែការអង្គុយបញ្ឈរជង្គង់រយៈពេលយូរ។ បើសិនធ្វើដំណើរយូរម៉ោង ស្ត្រីអាចប្រើវិធីដោះស្រាយដោយនៅរៀងរាល់កន្លះម៉ោង ឬ មួយម៉ោងម្តង ស្ត្រីអាចចាប់ផ្តើមពីការកម្រើកម្រាមជើង បន្ទាប់មកក្រោកដើរទៅមកនៅតាមផ្លូវដើរ។
៣. អង្គុយកៅអីទីតាំងទូលាយ
ដើម្បីបានកន្លែងអង្គុយទូលាយ ពេលទិញសំបុត្រយន្តហោះស្ត្រីត្រូវជ្រើសរើសកៅអីនៅជួរមុខគេដែលគេហៅថា Bulkhead Seats។ កៅអីជួរនេះមានកន្លែងដាក់ជើងទូលាយ ជិតបន្ទប់ទឹក និង ងាយស្រួលក្រោកដើរ ឬ ធ្វើចលនា។ មួយវិញទៀត បើអ្នកមិនស្រួលអារម្មណ៍ចំពោះការជិះទៅរលាក់ អ្នកអាចជ្រើសរើសជួរកៅអីនៅចំស្លាបយន្តហោះតែម្តង។
៤. ដាក់ខ្សែក្រវាត់ជាប់ជានិច្ច
ពេលពោះធំ អ្នកអាចនឹងធុញទ្រាន់ចំពោះការដាក់ខ្សែក្រវាត់ តែយ៉ាងណាយើងមិនអាចមើលឃើញថានឹងមានអ្វីកើតឡើងឡើយ។ ដូចនេះរាល់ពេលអង្គុយត្រូវដាក់ខ្សែក្រវាត់ឱ្យជាប់ និង ដាក់នៅក្រោមពោះរបស់អ្នក។
៥. រក្សាជាតិទឹក
នៅពេលជិះយន្តហោះជាតិទឹកក្នុងខ្លួននឹងចាប់ផ្តើមធ្លាក់ចុះ វាអាចជាករណីបង្កឱ្យស្ងួតបំពង់-ក និង ច្រមុះ។ ហេតុដូច្នេះ គួរផឹកទឹកឱ្យបានច្រើននៅអំឡុងពេលហោះហើរដើម្បីជៀសវាងកង្វះជាតិទឹកក្នុងខ្លួន។ ម្យ៉ាងការផឹកទឹកច្រើនក៏ជួយឱ្យយើងឆាប់បានក្រោកដើរទៅបន្ទប់ទឹកសម្រួលសរសៃដៃ សរសៃជើងផងដែរ។
៦. កុំបណ្តោយឱ្យខ្លួនឈឺ
តាមធម្មតាអាការចង់ក្អួតចង្អោរ ឬ ចាញ់កូនអាចកើតមានឡើងនៅចន្លោះសប្តាហ៍ទី ៨ ដល់សប្តាហ៍ទី ១០។ បើស្ត្រីមានគភ៌ជិះយន្តហោះចំអំឡុងសប្តាហ៍ដូចបានរៀបរាប់នេះ គួរជួបអ្នកជំនាញពិភាក្សាជាមុនដើម្បីត្រៀមខ្លួនទប់ទល់នៅពេលដែលវាកើតឡើង។
៧. កុំផឹក ឬ បរិភោគអាហារមានជាតិហ្គាស
មុន ឬ កំលុងពេលជិះយន្តហោះ គួរព្យាយាមជៀសវាងបរិភោគអាហារ និង ផឹកភេសជ្ជៈដែលបង្កឱ្យមានហ្គាសក្នុងខ្លួន ដូចជា ពពួកសណ្តែក ខាត់ណា និង ស្ពៃក្តោប ជាពិសេសភេសជ្ជៈដប ឬ កំប៉ុង។ អាហារប្រភេទនេះអាចធ្វើឱ្យហើមពោះបាន។
៨. ត្រៀមសម្រាប់បញ្ហារំលាយអាហារ
ការហោះហើរវែងឆ្ងាយអាចប្រឈមជាមួយបាក់តេរីច្រើនដែលវាងាយកើតរាករូសបាន។ គួរសុំអ្នកជំនាញឱ្យផ្តល់ថ្នាំទុកសម្រាប់ត្រៀមដោះស្រាយបញ្ហារាករូស ឬ ណែនាំពីវិធីសាស្ត្រសុវត្ថិភាពណាមួយដែលស្ត្រីមានផ្ទៃពោះអាចធ្វើបាន។
៩. រៀបគម្រោងមុន
តែងតែធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីគម្រោងហោះហើររបស់អ្នកមុនពេលកក់ជើងយន្តហោះ។ បើធ្វើដំណើរស្នាក់នៅរយៈពេលយូរ គួរឆែកមើលមន្ទីរពេទ្យសម្ភពណាដែលនៅជិតកន្លែងស្នាក់នៅ ដើម្បីងាយស្រួលក្នុងករណីមានអ្វីមិនប្រក្រតីកើតឡើងដោយប្រការណាមួយ៕