បើធ្វើបាននូវរឿងទាំងនេះ អ្នកនឹងក្លាយជាម្តាយដែលកូនស្រឡាញ់ និង គោរពខ្លាំងបំផុត
អ្នកម្តាយជាគំរូល្អដល់កូនៗគ្រប់រូប អ្នកម្តាយតែងផ្តល់ក្តីស្រឡាញ់ដល់កូនជានិច្ច មិនថាកូនខុស ឬ ត្រូវ ឬ ជួបទុក្ខលំបាកប៉ុនណា។ អ្នកម្តាយតែងតែនៅក្បែរ និង លើកទឹកចិត្តផ្តល់ភាពកក់ក្តៅដល់កូនគ្រប់ពេលមិនចេះជិនណាយ។ ការប្រៀនប្រដៅកូនឱ្យដើរផ្លូវល្អ និង ការចិញ្ចឹមបីបាច់ថែរក្សាបានល្អគឺជាគ្រឹះដ៏រឹងមាំដែលធ្វើឱ្យកូនគ្រប់រូបចេះដឹងគុណ និង តបស្នងអ្នកវិញដោយក្តីស្រឡាញ់ជ្រាលជ្រៅបំផុតនៅថ្ងៃអនាគត។ ចុះតើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកម្តាយដ៏ល្អដែលជាទីស្រឡាញ់របស់កូនៗ?
• តែងតែគាំទ្រកូនជានិច្ច
ជួយកូនសម្រេចនូវអ្វីដែលជាក្តីស្រមៃរបស់ពួកគេ ដោយតែងតែគាំទ្រ ជំរុញលើកទឹកចិត្ត និង ផ្តល់ឱកាសឱ្យបានច្រើន។ ឧទាហរណ៍ ប្រសិនបើកូនស្រីមិនចង់សិក្សាវិជ្ជាផ្នែកពេទ្យតាមបំណងរបស់អ្នក ចូរកុំខឹងសម្បា ដោយសារតែនេះជាចំណង់ចំណូលចិត្តនៃជីវិតរបស់ពួកគេ។ គួរឱ្យកូនធ្វើការសម្រេចចិត្តដោយខ្លួនឯង។ មួយវិញទៀត គ្មានអ្វីដែលចម្លែកទេ បើកូនរបស់អ្នកមានការគិតខុសច្រើនពីអ្នក ក៏ព្រោះពួកគេជាមនុស្សសម័យថ្មីរៀនសូត្រយល់ដឹងបានច្រើន ជួនគំនិតរបស់ពួកគេអាចល្អច្រើនជាងការគិតរបស់អ្នកទៅទៀត។
• អត់ធ្មត់
ធ្វើជាម្តាយ ពេលខ្លះអាចជួបនូវការប្រឆាំងគ្នាជាមួយកូនបន្តិចបន្តួចជៀសមិនផុត។ គួរព្យាយាមធ្វើចិត្តឱ្យត្រជាក់ និង អត់ធ្មត់ឱ្យបានកាន់តែច្រើនកាន់តែប្រសើរ។ ការបញ្ចេញកំហឹងមួម៉ៅស្តីបន្ទោសមិនមែនជាដំណោះស្រាយឡើយ គួរដោះស្រាយដោយសន្តិវិធីដោយពន្យល់ពីមូលហេតុជាក់ស្តែងដែលអ្នកមិនចង់ឱ្យកូនធ្វើអ្វីមួយ។
• ចាប់អារម្មណ៍ទៅលើចំណង់ចំណូលចិត្តរបស់កូន
ក្មេងៗតែងមានទំនោរចិត្តទៅលើអ្វីមួយរៀងៗខ្លួន។ ក្មេងខ្លះចូលចិត្តការលេងភ្លេង ឯក្មេងខ្លះទៀតចូលចិត្តស្លៀកពាក់តុបតែងខ្លួន ហេតុដូច្នេះជាម្តាយអ្នកគួរចំណាយពេលបន្តិចបន្តួចបំពេញនូវសេចក្តីត្រូវការ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ក៏ដូចជាបញ្ជាក់ពីការយកចិត្តទុកដាក់ផងដែរ។
• កុំកំណាញ់ខ្លាំងពេក
ការចំណាយលុយច្រើនពីមួយថ្ងៃទៅមួយថ្ងៃ វាមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកក៏មិនគួរបដិសេធចំពោះការស្នើសុំរបស់កូនញឹកញាប់ពេកដែរ។ បើអ្នកតែងតែបដិសេធចំពោះសំណើរបស់ពួកគេ អ្នកនឹងក្លាយទៅជាមនុស្សកំណាញ់ស្វិតម្នាក់នៅក្នុងចិត្តរបស់កូន។ គួរបំពេញនូវអ្វីដែលគេចង់បាន ករណីសំណើនោះធំពេកអ្នកអាចពន្យល់ណែនាំពួកគេឱ្យច្បាស់លាស់ពីហេតុផល ហើយឱ្យគេជ្រើសរើសអ្វីដែលសមល្មម និង ទុកសំណើចង់បាននៅពេលក្រោយ។
• ផ្តល់ភាពកក់ក្តៅ
តែងតែធ្វើជាម្តាយដែលយល់ចិត្ត ផ្តល់ភាពកក់ក្តៅ និង ស្តាប់សម្តីរបស់កូនជានិច្ច។ ត្រូវដឹងថាពេលខ្លះពួកគេអាចមានបញ្ហាហើយរត់មករកអ្នកដើម្បីសុំជំនួយ ឬ ទទួលយកដំបូន្មានល្អៗ ឬរត់ទៅឱបទទួលយកភាពកក់ក្តៅនៅពេលត្រឡប់មកពីសាលាជាដើម។ គ្មាននរណាម្នាក់ដែលអាចជាទីទុកចិត្ត និង ផ្តល់ភាពកក់ក្តៅក្រៅពីអ្នកមានគុណនោះទេ។ គួរឧស្សាហ៍និយាយស្និទ្ធស្នាលជាមួយពួកគេ ព្រមទាំងព្យាយាមស្វែងយល់ថាតើគេចង់បានអ្នកយល់ចិត្តប៉ុនណា។
• ទទួលស្គាល់កំហុស និង មិនខ្លាចប្រើពាក្យសុំទោស
អ្នកអាចមិនទម្លាប់និយាយពាក្យសុំទោសទៅកាន់កូន តែផ្ទុយមកវិញវាគឺជាទម្លាប់ដ៏ល្អដើម្បីធ្វើជាគំរូដល់កូនសម្រាប់ថ្ងៃនេះ និង ទៅថ្ងៃមុខ។ នៅពេលទទួលស្គាល់កំហុសរបស់ខ្លួន និង និយាយពាក្យសុំទោសទៅកាន់កូន កូននឹងធ្វើតាមអ្នកដូចគ្នានៅពេលពួកគេមានកំហុសចំពោះអ្នកក៏ដូចជាអ្នកដទៃ។
• គោរពការស្រឡាញ់របស់កូនចំពោះអ្នកដទៃ
ជាម្តាយមិនគួរច្រណែនក្តីស្រឡាញ់ដែលកូនមានចំពោះ ស្វាមី យាយតា មិត្តភក្តិ និង មនុស្សក្នុងរង្វង់គ្រួសារឡើយ។ គួរតែបើកចិត្តឱ្យទូលាយផ្តល់សិទ្ធិក្នុងការស្រឡាញ់ ការចូលចិត្តរបស់កូន ទោះបីអ្នកដឹងថាកូនស្រឡាញ់ឪពុក ឬ អ្នកដទៃច្រើនជាងក៏ដោយ។ ក្តីស្រឡាញ់មិនបានឃ្លាតទៅណាឆ្ងាយពីអ្នកនោះទេ កាលណាអ្នកផ្តល់ក្តីស្រឡាញ់ចំពោះកូនប៉ុនណា នោះពួកគេនឹងផ្តល់ក្តីស្រឡាញ់ចំពោះអ្នកខ្លាំងប៉ុណ្ណឹងដូចគ្នា៕