ស្វាមីល្អត្រូវដឹង! តិចនិចម៉ាស្សាភរិយាសំណព្វចិត្តនៅអំឡុងពេលមានផ្ទៃពោះ
ការម៉ាស្សាមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះដូចជា៖ ជួយបន្ធូរបន្ថយភាពចុកចាប់តាមសាច់ដុំ សម្រួលចលនាឈាម និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ស្ត្រីពពោះមិនស្រួលដូចយើងខ្លួនមួយប៉ុន្មានឡើយ មើលថែខ្លួនផង គិតពីស្វាមីផង ជួនធ្វើការងារផ្ទះថែមទៀត។ ដូចនេះជាស្វាមីល្អ អ្នកគួរគប្បីខ្វាយខ្វល់ពីសុខទុក្ខគ្នាដោយឆ្លៀតពេលទំនេរពីការងារសាកល្បងធ្វើការម៉ាស្សាឱ្យប្រពន្ធសំណព្វចិត្ត។ ការម៉ាស្សានេះមិនត្រឹមតែជួយសម្រួលរាងកាយប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធផងដែរ។
សាកល្បងវិធីម៉ាស្សា ៣ ចំណុចខាងក្រោម៖
• បន្ថយចុកចាប់តាមផ្នែកឆ្អឹងខ្នង
ចាប់ផ្តើមម៉ាស្សាឈ្លីថ្នមៗពីកញ្ចឹងកអូសមកសងខាងខ្សែឆ្អឹងខ្នងរហូតដល់ត្រគាក។ បន្ទាប់មកឈ្លីថយក្រោយមកដល់កញ្ចឹងកវិញ រួចឈ្លីសព្វពេញខ្នងទាំងសងខាង។
• បន្ថយចុករោយត្រង់ត្រគាក
ក្តាប់ដៃម៉ាស្សាលញ់ជារង្វង់ថ្នមៗលើឆ្អឹងត្រគាកដោយរុញចូលក្នុង និងចុះក្រោមរហូតដល់ភរិយាមានអារម្មណ៍ស្បើយពីភាពចុករោយ។
• សម្រួលជើងស្ពឹកស្រពន់
យកដៃឈ្លីជារង្វង់ដោយផ្តើមពីកំភួនជើង រួចអូសបន្តយឺតៗឡើងទៅភ្លៅ។ ត្រូវម៉ាស្សាចាប់ពីកំភួនជើងឡើងលើ និងជៀសវាងការម៉ាស្សាភ្លៅផ្នែកខាងក្នុង។
គួរកត់ចំណាំ
• ការម៉ាស្សាសម្រាប់ស្ត្រីពពោះត្រូវធ្វើឡើងនៅបន្ទាប់ពីត្រីមាសទី១ (បីខែក្រោយ)។
• ជៀសវាងសង្កត់ទៅលើសរសៃពួរស្បូន។
• ភ្នែកគោល និងកដៃ ជាចំណុចអាចរំញោចទៅដល់ស្បូន និងសាច់ដុំត្រគាកដែកអាចកើតជាករណីកន្ត្រាក់សាច់ដុំ។
• មិនត្រូវម៉ាស្សាប្រើកម្លាំងធ្ងន់ៗ ដោយងាកមកប្រើដៃស្រាលៗ និងថ្នមៗ។
• ត្រូវបញ្ឈប់ការម៉ាស្សាភ្លាម ប្រសិនបើភរិយារបស់អ្នកមានអារម្មណ៍មិនស្រួលខ្លួនឬវិលមុខ៕