ម៉ាក់ៗគួរដឹង! ការផឹកកាហ្វេអំឡុងពេលពពោះអាចបង្កហានិភ័យដល់អាយុជីវិតកូនក្នុងផ្ទៃ
កាហ្វេជាភេសជ្ជៈពេញនិយមប្រចាំថ្ងៃ វាមានជាតិអ៊ីនជួយដាស់ស្មារតីឱ្យភ្ញាក់ធ្វើការបានយ៉ាងសកម្ម។ ក្រៅពីមានរសជាតិឆ្ងាញ់ឈ្ងុយជាប់មាត់ កាហ្វេជាភេសជ្ជៈមិនល្អប៉ុន្មានឡើយចំពោះស្ត្រីមានផ្ទៃពោះ។
តាមការស្រាវជ្រាវ ជាតិកាហ្វេអ៊ីននឹងរំញោចទៅកាន់សុកហើយបង្កផលប៉ះពាល់ដល់ការលូតលាស់របស់ទារក។ នៅពេលអ្នកម្តាយពពោះផឹកកាហ្វេច្រើន នោះជាតិកាហ្វេអ៊ីននឹងធ្វើឱ្យចង្វាក់បេះដូង ក៏ដូចជាប្រព័ន្ធបម្លែងអាហាររបស់ទារកចាប់ផ្តើមលោតញាប់ឡើង។ ជាតិកាហ្វេអ៊ីនអាចកាត់បន្ថយលំហូរឈាមទៅកាន់សុក ជាករណីបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ទារកមិនគ្រប់គ្រាន់។ មួយវិញទៀតការផឹកកាហ្វេច្រើននៅអំឡុងពពោះ អាចរាប់បញ្ចូលក្នុងករណីធ្វើឱ្យទារកក្នុងផ្ទៃស្លាប់ឬរលូត។
វាពិតជាចាំបាច់ដែលស្ត្រីពពោះទាំងឡាយគួរជៀសវាងការផឹកកាហ្វេលើសកម្រិតនៅអំឡុងពេលពពោះនៅត្រីមាសទី១ និងត្រីមាសទី២ ដោយសារតែអំឡុងពេលនេះគឺជាពេលដែលខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារកចាប់ផ្តើមលូតលាស់។ ហើយជាពិសេសនៅអំឡុងត្រីមាសទី៣ ជាពេលដែលខួរក្បាលទារកកំពុងអភិវឌ្ឍន ដែលអាចបង្កផលប៉ះពាល់តាំងពីពេលនៅក្នុងផ្ទៃរហូតឈានដល់វ័យកុមារ និងវ័យជំទង់។ ហេតុដូច្នេះ អ្នកជំនាញបានផ្តល់ដំបូន្មានថា បើអាចជៀសបានគួរតែជៀស តែបើញៀនទ្រាំមិនបានអាចត្រឹមបរិមាណ ២០០មីលីក្រាមក្នុងមួយថ្ងៃ៕