ធានាមានប្រសិទ្ធភាព! ចេះតែ ៤ ជំហាននេះ ប៉ាៗនឹងអាចយកចិត្តម៉ាក់ៗឱ្យស្រឡាញ់លុះក្ស័យ
ភរិយាសប្បាយចិត្តជាអាថ៌កំបាំងមួយនៃសុភមង្គលគ្រួសារ។ ចង់ឱ្យភរិយាស្រឡាញ់ មានលុយតែមួយមុខគឺមិនគ្រប់គ្រាន់ទេ ត្រូវចេះបង្កើតទំនាក់ទំនងស្អិតល្មួត ភាពស្និទ្ធស្នាល ព្រមទាំងយល់ពីតម្រូវការរបស់នាង។ ខាងក្រោមនេះ ជា ៤ ជំហានដែលស្វាមីភាគច្រើនតែងមើលរំលង តែតាមពិតវាជាមន្តស្នេហ៍ដែលធ្វើឱ្យភរិយាស្រឡាញ់លុះក្ស័យ។
ជំហានទី ១
- តែងតែបង្កើតភាពរ៉ូមែនទិក ៖ មិនថារវល់ការងារខ្លាំងប៉ុនណា អ្នកត្រូវឧស្សាហ៍មានពេលវេលានាំប្រពន្ធចេញទៅខាងក្រៅនាពេលល្ងាច ហោចណាស់ម្តងឬពីរដងក្នុងមួយសប្តាហ៍ ឬម្តងក្នុងមួយខែ។ អាចជាការទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន ជិះកម្សាន្តជិតៗ ឬ មើលកុនជាដើម។
- រក្សាភាពស្រស់ស្អាត ៖ ទោះជាបុរសរឹងមាំ តែក៏ត្រូវមានភាពស្រស់ស្អាតប្រចាំកាយ។ រក្សាអនាម័យខ្លួនជានិច្ចដោយងូតទឹកសម្អាតខ្លួនជាប្រចាំ កោរពុកមាត់ សម្អាតតំបន់ងាយកខ្វក់ និង បន្ថែមក្លិនបែបប្រហើរ។ ទន្ទឹមនឹងនេះ ស្លៀកពាក់សមរម្យ និង ត្រូវទៅតាមកាលៈទេសៈ ជាពិសេសត្រូវចិត្តភរិយា។
- ធ្វើដំណើរកម្សាន្ត ៖ ឆ្លៀតពេលទំនេរពីការងារ ឬមានបុណ្យទាន នាំប្រពន្ធធ្វើដំណើរកម្សាន្តបែបរំភើបរីករាយទៅកាន់តំបន់ទេសចរណ៍ល្បីៗមួយចំនួននៅក្រៅប្រទេស ឬក្នុងប្រទេសដើម្បីមានពេលវេលាផ្អែមល្ហែមជាមួយគ្នា។ សម្រាប់កន្លែងឆ្ងាយ បើរវល់ខ្លាំងអាចត្រឹមតែ ១ ដងក្នុងមួយឆ្នាំ ឬ បើថវិកាមានកំណត់អាចត្រឹមពេលចុងសប្តាហ៍សម្រាកកម្សាន្តនៅរីសតជាយក្រុងក៏បាន។
- បង្កើតបរិយាកាសរ៉ូមែនទិកនៅផ្ទះ ៖ តែងតែមានបាច់ផ្កា ឬអាចត្រឹមកុលាបមួយទងយកមកជូនប្រពន្ធនៅផ្ទះម្តងក្នុងមួយសប្តាហ៍។ ផ្លាស់ប្តូរទម្លាប់ញុំាអាហារជុំគ្នាបែបធម្មតាមកទទួលទានអាហារក្រោមពន្លឺភ្លើងទៀនរួមទាំងក្រេបស្រាក្រហម អមនឹងតន្ត្រីបំពេញអារម្មណ៍បែបរ៉ូមែនទិក។ ឆ្លៀតពេលទំនេររៀបចំផ្ទះឱ្យរៀបរយ ជាពិសេសបន្ទប់គេងត្រូវតែស្អាតជានិច្ច និងមានក្លិនក្រអូបប្រហើរគ្រប់ពេលផងដែរ។
- តែងតែបង្ហាញក្តីស្រលាញ់ ៖ បើអ្នកចង់ឱ្យជីវិតអាពាហ៍ពិពាហ៍នៅតែស្អិតរមួត អ្នកត្រូវបង្ហាញការស្រលាញ់តាមរយៈសកម្មភាពតូចៗដូចជា និយាយពាក្យស្រលាញ់មុនពេលចូលគេង និងពេលភ្ញាក់ពីគេងរៀងរាល់ថ្ងៃ។ ត្រូវចេះផ្តល់ស្នាមថើប ឱប និងការយកចិត្តទុកដាក់ចំពោះភរិយា។
ជំហានទី ២
- ស្មោះត្រង់ និងបើកចិត្តឱ្យទូលាយ ៖ ភាពស្មោះត្រង់គឺជាផ្លូវនាំឆ្ពោះទៅកាន់ទំនាក់ទំនងយូរអង្វែង។ បើចង់ឱ្យប្រពន្ធសប្បាយចិត្ត គួរតែងតែចូលរួមចែករំលែក និង រីករាយនូវអ្វីដែលនាងបាននិយាយ។ ចំណុចណាមួយធ្វើឱ្យអ្នកមិនពេញចិត្ត គួរធ្វើការពិភាក្សាគ្នាតាមសម្រួលដោយក្តីស្រលាញ់។ តែងតែសរសើរចំពោះការតុបតែងខ្លួន និង អ្វីដែលនាងបានជ្រើសរើសដូចជា សម្លៀកបំពាក់ ឬធ្វើម៉ូដសក់ថ្មីៗ ជាដើម។ ពេលខ្លះមិនថានៅកន្លែងធ្វើការ ឬសង្គមខាងក្រៅអ្នកអាចមានមន្តស្នេហ៍ត្រូវបាននារីផ្សេងចាប់ចិត្ត ប៉ុន្តែយល់ល្អគួរប្រាប់រឿងទាំងនេះទៅកាន់ភរិយា និង មិនត្រូវដោះស្រាយដោយខ្លួនឯងឡើយ ពីព្រោះភរិយាគឺជាដៃគូជីវិតរបស់អ្នក នាងមានសិទ្ធិដឹងឮអ្វីៗគ្រប់យ៉ាង។
- សម្របសម្រួល ៖ នៅពេលធ្វើការពិភាក្សាអំពីការសម្រេចចិត្តអ្វីមួយ អ្នកគួរឱ្យភរិយាចូលរួមផ្តល់មតិយោបល់ និង ទទួលយកគំនិតរបស់នាងមកធ្វើការពិភាក្សាសម្របសម្រួលដើម្បីសម្រេចចិត្តចុងក្រោយ ជាជាងមានះយកឈ្នះតែម្នាក់ឯង។
- ចេះអភ័យទោស និង ដឹងកំហុស ៖ គ្មាននរណាម្នាក់ធ្វើអ្វីត្រូវរហូតនោះទេ ដូចនេះនៅពេលអ្នកធ្វើអ្វីមួយខុសត្រូវដឹងពីកំហុសរបស់ខ្លួន ហើយត្រូវប្រើពាក្យសុំទោសជាមួយទឹកមុខ និងកែវភ្នែកលួងលោម ដើម្បីឱ្យនាងដឹងថាអ្នកពិតជាសុំទោសពិតមែន។ ប្រសិនបើប្រពន្ធជាអ្នកខុសវិញ អ្នកត្រូវប្រាកដថាទទួលយកការសុំទោសរបស់នាងដូចគ្នា។
ជំហានទី ៣
- ធ្វើលំហាត់ប្រាណ ៖ គួរចំណាយពេល ២ ទៅ ៣ ថ្ងៃ ក្នុងមួយសប្តាហ៍ ឬរៀងរាល់ពេលល្ងាច ធ្វើលំហាត់ប្រាណជាមួយភរិយា។ អាចជាការដើរ រត់ ឬ ទៅក្លឹបហាត់ប្រាណដើម្បីបង្កើនភាពស្និទស្នាលក៏ដូចជាទទួលបានសុខភាពល្អ និងរាងស្អាតទាំងអស់គ្នា។
- ចង្វាក់ផ្លូវភេទ ៖ ទោះរវល់ខ្លាំងយ៉ាងណា ហោចណាស់ត្រូវប្រាកដថាប្តីប្រពន្ធបានរួមភេទម្តងក្នុងមួយសប្តាហ៍ និង មិនត្រូវអៀនខ្មាសក្នុងការបង្កើតក្បាច់ថ្មីៗ ជាពិសេសកុំភ្លេចនិយាយពាក្យស្រឡាញ់នៅពេលឡើងដល់ឋានសួគ៌ផងដែរ។
- ធ្វើការងារផ្ទះជាមួយគ្នា ៖ អ្នកអាចបង្កើនភាពស្និទ្ធស្នាលទ្វេឡើងដោយធ្វើការងារផ្ទះជាមួយភរិយាដូចជា សម្អាតផ្ទះ លាងឡាន ថែសួន រៀបចំបន្ទប់ និង ចម្អិនម្ហូបជាដើម។
ជំហានទី ៤
- ធ្វើជាប៉ាៗល្អ ៖ បើមានកូន អ្នកគួរព្យាយាមចំណាយពេលនៅជាមួយពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ភរិយានឹងស្រលាញ់កាន់តែខ្លាំងនៅពេលឃើញអ្នកយកចិត្តទុកដាក់ចំពោះកូនៗ។ ឆ្លៀតពេលទំនេរម្តងៗនាំប្រពន្ធកូនចេញទៅកម្សាន្តកន្លែងក្មេងលេង ញុំាអាហារពេលល្ងាច ឬ មើលកុនទាំងអស់គ្នាជាដើម។ ម្យ៉ាងវិញទៀតត្រូវត្រលប់មកផ្ទះនៅពេលដែលពួកគេនៅជុំគ្នា មិនមែនទាល់តែកូនគេងលក់អស់ទើបមកដល់នោះទេ។
- ផ្តល់ពេលវេលាផ្ទាល់ខ្លួន ៖ ត្រូវគោរពឱ្យតម្លៃគ្នាទៅវិញទៅមកដោយផ្តល់ឱ្យភរិយាមានពេលវេលា និង សេរីភាពផ្ទាល់ខ្លួនខ្លះទើបប្រសើរ។ ជួនឱ្យនាងទៅសួរសុខទុក្ខឪពុកម្តាយ ឬដើរលេងកម្សាន្តជាមួយមិត្តភក្តិ ឬ ចូលរួមកម្មវិធីផ្សេងៗដោយគ្មានអ្នក។ ជួយមើលថែកូនជំនួសនាងម្តងៗ ដើម្បីឱ្យនាងមានពេលថែរក្សាសម្រស់ដូចជាចូលហាងកក់សក់ និង ធ្វើក្រចក ជាដើម។
- យល់ពីស្ថានភាពការងាររបស់ប្រពន្ធ ៖ ប្រសិនបើប្រពន្ធមានការងារធ្វើ ឬ មុខរបរផ្ទាល់ខ្លួន គួរចំណាយពេលនិយាយជាមួយនាងអំពីកិច្ចការទាំងនោះនៅពេលមានភាពចាំបាច់។ បើប្រពន្ធរវល់ខ្លាំងត្រូវចេះរៀបចំបាយទឹកឱ្យនាងដើម្បីផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាបង្ហាញការស្រលាញ់បំពេញតួនាទីជាប្តីដ៏ល្អមួយរូប៕