ម៉ាក់ៗកំពុងពពោះកូនក្នុងផ្ទៃ តិចអត់ដឹងវិធីអនាម័យខ្លួនប្រាណចុះ?
ការអនាម័យជារឿងមួយដ៏សំខាន់ដែលមនុស្សទូទៅត្រូវតែធ្វើជាប្រចាំ។ បើសម្រាប់ស្ត្រីមានផ្ទៃពោះទៀតនោះ ការអនាម័យជារឿងកាន់តែចាំបាច់ដែលត្រូវធ្វើដើម្បីបញ្ចៀសខ្លួនពីមេរោគឆ្លងផ្សេងៗ ទាំងសម្រាប់ខ្លួនឯង ក៏ដូចជាកូនក្នុងផ្ទៃ។ «ប្រជាប្រិយ» សូមណែនាំស្ត្រីទាំងឡាយនូវវិធីអនាម័យពីក្បាលដល់ចុងជើងនៅអំឡុងពេលពពោះដូចតទៅ៖
នៅពេលមានគភ៌ក្រពេញរោមស្បែកនឹងធ្វើការច្រើនឡើង ហើយវានឹងធ្វើឱ្យញើសហូរមកកាន់តែច្រើនផងដែរ។ ដើម្បីអនាម័យ អ្នកត្រូវងូតទឹកសម្អាតខ្លួនជាមួយសាប៊ូឱ្យបានស្អាត និងជាប្រចាំ។ ចំណែកសក់ក្បាលត្រូវកក់ឱ្យបាន ២-៣ ក្នុងមួយសប្តាហ៍។ គួរបញ្ឈប់ការប្រើផលិតផលលាបសក់ដែលមានជាតិប្រេង។ ថែរក្សាក្បាលដោះឱ្យបានស្អាតជានិច្ច ដោយសារពេលគភ៌អាយុបាន ៣ ខែ អាចនឹងមានទឹកថ្លាចេញពីក្បាលដោះ ហើយដល់ខែទី ៤ នឹងមានទឹកដោះពណ៌លឿងហូរចេញមក ហេតុដូច្នេះគួរប្រយ័ត្នកុំឱ្យក្បាលដោះរបកក្លាយជាដំបៅ។
ចំពោះបរិវេណទ្វារមាសវិញ មិនគួរលាងសម្អាតដោយទឹកថ្នាំនោះទេ ព្រោះវាអាចបំផ្លាញប្រភេទបាក់តេរីដែលនៅប្រចាំការការពារត្រង់នោះ។ ជាក់ស្តែង បាក់តេរីនេះជារនាំងការពារមេរោគបាក់តេរីពីខាងក្រៅ រួមទាំងបង្កើតអាស៊ីដជួយរក្សាសមាមាត្រមិនឱ្យមេរោគរីកលូតលាស់។ ស្ត្រីគួរប្រើសាប៊ូលាងសម្អាតខាងក្រៅធម្មតា ហើយត្រូវលាងទឹកគ្រប់ពេលក្រោយពេលបត់ជើងរួច។ រីឯធ្មេញត្រូវដុសក្រោយពេលទទួលទានអាហារដើម្បីការពារអញ្ចាញពីបញ្ហាហើម អាប់សែ ដែលស្ត្រីពោះធំងាយកើតជាងអ្នកធម្មតា៕