ម៉ាក់ៗកត់ចំណាំ! នេះជារបៀបផ្តល់អាហារដល់កូនតូចនៅអាយុចន្លោះ ៦ ដល់ ១២ ខែ
ជាទូទៅ ដើម្បីបំពេញដល់ការលូតលាស់រាងកាយ កុមារមានតម្រូវការអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមរៀងរាល់ថ្ងៃ។ នៅអាយុ ៦ ខែ កុមារមានការលូតលាស់លឿនបំផុត ដែលនេះធ្វើឱ្យរាងកាយរបស់ពួកគេមានតម្រូវការថាមពល និង សារធាតុចិញ្ចឹមច្រើនជាងអំឡុងណាទាំងអស់។ ចាប់ពីអាយុ ៦ ខែ ទឹកដោះម្តាយនៅតែជាប្រភពសារធាតុចិញ្ចឹមជាចាំបាច់ តែយ៉ាងណាមិញ វានៅតែបំពេញមិនគ្រប់គ្រាន់នោះទេ។ ហេតុដូច្នេះ វាតម្រូវឱ្យអ្នកម្តាយផ្តល់អាហារបន្ថែមពីខាងក្រៅ និងជ្រើសរើសអាហារណាដែលសមស្របទៅតាមអាយុរបស់កូន។
- កុមារអាយុ ៦-៨ ខែ
សម្រាប់កុមារអាយុចាប់ពី ៦-៨ ខែ អ្នកម្តាយអាចផ្តល់អាហារបែបទន់ៗកន្លះពែង ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ កុមារអាចសាកល្បងញុំាអាហារទន់គ្រប់ប្រភេទ លើកលែងតែទឹកឃ្មុំដែលមិនគួរញុំារហូតដល់អាយុ ១២ ខែ។ លើសពីអាហារទន់ អ្នកម្តាយក៏អាចចាប់ផ្តើមផ្តល់អាហារសម្រន់បែបសុខភាពដូចជាផ្លែឈើកិនជាដើម។ ខណៈកូនចាប់ផ្តើមចេះញុំាអាហារទាំងនេះហើយ អ្នកម្តាយក៏ត្រូវបំបៅដោះទន្ទឹមគ្នាផងដែរ។
- កុមារអាយុ ៩-១១ខែ
ចាប់ពីអាយុ ៩-១១ ខែ កុមារអាចញុំាអាហារ ៣ ទៅ ៤ ដង ក្នុងមួយថ្ងៃ បូករួមជាមួយអាហារសម្រន់បែបសុខភាព។ អ្នកម្តាយអាចចាប់ផ្តើមប្តូរពីអាហារបែបកិន មកជាអាហារបែបកាត់ជាដុំតូចៗវិញ។ អំឡុងនេះ កុមារនឹងចាប់ផ្តើមប្រើដៃរបស់ពួកគេដើម្បីចាប់កាន់អាហារញុំាដោយខ្លួនឯងបណ្តើរៗ។ ចំណែកឯទឹកដោះម្តាយ នៅតែផ្តល់ទន្ទឹមគ្នា និងផ្តល់ឱ្យកូននៅពេលណាដែលពួកគេឃ្លាន។ គួរឱ្យដឹងដែរថា គ្រប់អាហារដែលផ្តល់ឱ្យកូនត្រូវតែងាយស្រួលញុំា សំខាន់ត្រូវជាអាហារផ្តល់នូវថាមពល និងសារធាតុចិញ្ចឹម។ ក្នុងនោះអាហារប្រចាំថ្ងៃក្រៅពីបន្លែផ្លែឈើ ក៏មានរួមអាហារសត្វសំខាន់ៗដូចជា៖ សាច់ ស៊ុត ត្រី អាហារធ្វើពីទឹកដោះគោ និងសាច់មាន់ជាដើម។ ការញុំាអាហារចម្រុះមុខរៀងរាល់ថ្ងៃ ក៏នឹងផ្តល់ឱកាសឱ្យកូនទទួលបានសារធាតុចិញ្ចឹមចម្រុះមុខគ្រប់គ្រាន់ផងដែរ។
គួរកត់ចំណាំដែរថា នៅពេលចាប់ផ្តើមផ្តល់អាហារដល់កូន អ្នកម្តាយត្រូវផ្តោតលើការអនាម័យជាចម្បង ពីព្រោះមេរោគអាចឆ្លងពីដៃរបស់កូនចូលទៅក្នុងមាត់ ហើយបង្កជាជំងឺផ្សេងៗ។ ដើម្បីសុវត្ថិភាព អ្នកត្រូវលាងដៃរបស់អ្នក និងកូនរបស់អ្នកទាំងមុនពេលធ្វើម្ហូប និងមុនពេលបញ្ចុកអាហារ៕