លែងបំបៅដោះនៅអាយុ ៦ ខែ តើម៉ាក់ៗត្រូវផ្តល់អាហារដល់កូនយ៉ាងដូចម្តេច?
ឈានមកដល់អាយុ ៦ ខែ និងអាយុចាប់ពី ៦ខែ ឡើងដល់ ១ ខួប ទឹកដោះម្តាយនៅតែជាអាហារដ៏ចាំបាច់។ បើអ្នកម្តាយចង់ផ្តាច់ដោះ ឬផ្តល់តែអាហារខាងក្រៅ ប្រាកដណាស់កូនរបស់អ្នកពិតជាមានតម្រូវការសារធាតុចិញ្ចឹមពីអាហារកាន់តែច្រើន។ ជាក់ស្តែង រាងកាយកុមារនឹងពឹងផ្អែកទៅលើសារធាតុចិញ្ចឹមទាំងស្រុងពីអាហារសំខាន់ៗ ជាពិសេសអាហារធ្វើទឹកដោះគោ។
នៅអំឡុងអាយុ ៦ ខែ អ្នកម្តាយអាចផ្តល់អាហារខាងក្រៅចម្រុះ ជាអាហារទន់ និងកិនម៉ដ្តដើម្បីឱ្យកូនងាយស្រួលលេប។ អ្នកអាចផ្តល់អាហារពី ២ ទៅ ៣ ស្លាបព្រាបាយ ៤ ដង ក្នុងមួយថ្ងៃ ដែលវានឹងផ្តល់សារធាតុចិញ្ចឹមដល់កូនគ្រប់គ្រាន់ដោយមិនចាំបាច់បំបៅដោះ។
នៅពេលកូនអាយុចាប់ពី ៦ ខែ ដល់ ៨ ខែ អ្នកអាចផ្តល់អាហារកន្លះពែង ៤ ដងក្នុងមួយថ្ងៃ និងបន្ថែមអាហារសម្រន់បែបសុខភាព ១ ដង ដូចជាផ្លែឈើកិនជាដើម។ ចំណែកអាយុចាប់ពី ៩ ខែ ដល់ ១១ ខែ អ្នកអាចផ្តល់អាហារកន្លះពែង ៤ ទៅ ៥ ដង ក្នុងមួយថ្ងៃ និងបន្ថែមអាហារសម្រន់បែបសុខភាព ២ ដង។
គួរចំណាំថា អាហារដែលផ្តល់ឱ្យកូនត្រូវតែជាប្រភេទអាហារដែលផ្តល់នូវថាមពល និងសារធាតុចិញ្ចឹមចម្រុះមុខ។ ក្នុងនោះក្រៅពីបន្លែផ្លែឈើ ក៏រួមអាហារសត្វសំខាន់ៗដូចជា៖ សាច់ ស៊ុត ត្រី អាហារធ្វើពីទឹកដោះគោ និងសាច់មាន់ជាដើម។ ការញុំាអាហារចម្រុះមុខរៀងរាល់ថ្ងៃ វាក៏នឹងផ្តល់ឱកាសឱ្យកូនទទួលបានសារធាតុចិញ្ចឹមចម្រុះមុខគ្រប់គ្រាន់ផងដែរ៕