ទង្វើរបស់ប៉ាម៉ាក់ ៥ យ៉ាង អាចជាកត្តាធ្វើឱ្យកូនៗរឹងក្បាល ហើយមិនព្រមស្តាប់បង្គាប់
ជាការពិតណាស់ ប៉ាម៉ាក់ភាគច្រើននៅពេលកូនៗមិនស្តាប់បង្គាប់ រមែងស្រែកដាក់កូនៗដោយមិនដឹងខ្លួននោះឡើយ ប៉ុន្តែប៉ាម៉ាក់បានដឹងទេថា ការស្រែកដាក់កូនៗ ឬ ការធ្វេសប្រហែសនៅចំពោះមុខកូនតូចៗរបស់អ្នក ពួកគេអាចនឹងចងចាំនូវរឿងទាំងអស់នោះទុក ហើយទទួលយករឿងអវិជ្ជមានទាំងអស់នោះតែម្ដង ដែលកត្តាទាំងនេះអាចធ្វើឱ្យអាណាព្យាបាលអាចនឹងឈឺក្បាលនៅថ្ងៃក្រោយ។
យ៉ាងណា ប៉ាម៉ាក់ធ្លាប់សង្កេតឃើញទេថា ពេលខ្លះកូនរបស់អ្នកមិនស្តាប់បង្គាប់ ព្រោះទម្លាប់ខ្លះៗដែលអ្នកបានប្រព្រឹត្តិដោយមិនដឹងខ្លួននៅចំពោះមុខពួកគេ។ តួយ៉ាង ប្រសិនបើអ្នកមានទម្លាប់ធ្វើរឿង ៥ ខាងក្រោមនេះ អាចជាកត្តាធ្វើឱ្យកូនៗលែងស្តាប់បង្គាប់អ្នកក៏ថាបាន។
១. ប៉ាម៉ាក់ ផ្តល់ការព្រមានច្រើនពេក
បើអ្នកទម្លាប់ធ្វើការព្រមានកូនម្តងហើយម្តងទៀតនោះ ច្បាស់ណាស់កូនរបស់អ្នកនឹងមិនស្តាប់អ្នកនូវពេលអ្នកប្រាប់គេជាលើកដំបូងនោះឡើយ។ ក្នុងនោះ អ្នកគួរតែប្រាប់គេជាលើកដំបូងសិន ហើយបើសិនជាកូនៗមិនកែប្រែ ឬ មិនស្តាប់បង្គាប់អ្នកអាចចាប់ផ្តើមធ្វើការព្រមានពួកគេ។
២. ប្រើពាក្យគំរាម តែមិនមានការអនុវត្ត
អាចនឹងមានឪពុកម្តាយភាគច្រើនប្រព្រឹត្តចំណុចនេះដោយមិនដឹងខ្លួន។ ឧទាហរណ៍ អ្នកប្រើពាក្យគំរាមកូនថា ៖ «បើកូនមិនសម្អាតបន្ទប់ នោះម៉ាក់នឹងយករបស់លេងកូនចោល» ប៉ុន្តែទីបំផុតនៅពេលដែលកូនមិនបានរៀបចំបន្ទប់ អ្នកក៏មិនបានយករបស់លេងគេទៅចោលនោះទេ។ ចំណុចនេះហើយចាត់ទុកថា «ការគំរាម តែមិនបានអនុវត្តន៍»។ ក្នុងនោះ បើអ្នកធ្វើរឿងនេះដដែលៗតែប៉ុន្មានដង នោះកូនលោកអ្នកច្បាស់ជាដឹងចិត្ត ហើយនឹងមិនស្តាប់អ្នកនោះឡើយ។
៣. ដំឡើងសំឡេងដាក់កូន
នៅពេលដែលកូនមិនស្តាប់ ឪពុកម្តាយភាគច្រើនរមែងដំឡើងសំឡេងរបស់ខ្លួនទៅកាន់កូនៗ។ អ្នកដឹងទេការដំឡើងសំឡេងនេះ អាចជាផលវិជ្ជមានធ្វើឱ្យកូននឹងមិនស្តាប់អ្នកនៅថ្ងៃក្រោយ។ លើសពីនោះ បើទោះអ្នកមិនបានប្រើការវាយដំទៅកាន់កូនក៏ពិតមែន ប៉ុន្តែការប្រើសំឡេងខ្លាំងៗ ក៏ចាត់ទុកជាការវាយដំផ្លូវចិត្តរបស់កូនដែរ។
៤. ស្រែកគំហក នៅពេលកូនៗមិនស្តាប់បង្គាប់
ពេលខ្លះឪពុកម្តាយរមែងស្រែកគំហកដាក់កូននៅពេលពួកគេមិនស្តាប់បង្គាប់ ដោយយល់ឃើញថាការស្រែកខ្លាំងៗបែបនេះអាចនឹងឱ្យកូនមិនបន្តសកម្មភាពរបស់គេ។ ក្នុងករណីនេះ ភាគច្រើនកូនៗបែរជាមិនស្តាប់បង្គាប់អ្នក ហើយបែរជាខឹង និង ឆ្លើយតបមកអ្នកខ្លាំងៗវិញក៏មាន។
៥. ប្រើពាក្យខ្លះ ដែលក្មេងមិនចូលចិត្ត
ឪពុកម្តាយជារឿយៗចាប់ផ្តើមប្រើពាក្យបដិសេធមួយចំនួនដូចជា «ទេ» «កុំ» និង «មិនអាច» ដែលជាពាក្យរារាំងកូនរបស់អ្នកមិនឱ្យស្តាប់អ្នក។ ពាក្យខាងលើនេះ អាចនឹងជាការរារាំងកូនៗមិនឱ្យធ្វើនូវអ្វី ដែលពួកគេចង់ធ្វើ បើទោះជារឿងនោះគេអាចធ្វើវាបានក៏ដោយ។ កត្តានេះដែរ ជាចំណុចមួយដែលធ្វើឱ្យកូនមិនចូលចិត្ត និង ចាប់ផ្តើមមិនសូវស្តាប់បង្គាប់អ្នក៕