កុំគិតថាកូននៅតូច! ក្មេងចូលរៀនថ្នាក់មត្តេយ្យមុនអាយុ ៥ ឆ្នាំ អាចមានផលល្អច្រើន
ការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យចាប់ផ្តើមនៅពេលដែលកុមារមានអាយុយ៉ាងតិច ៥ ឆ្នាំ។ តែយ៉ាងណា ប៉ាម៉ាក់ ក៏អាចជ្រើសរើសការបញ្ជូនកូនទៅសាលាមត្តេយ្យមុនកាលកំណត់ ប្រសិនបើកូនរបស់ពួកគេមានភាពចាស់ទុំគ្រប់គ្រាន់ និង ត្រៀមខ្លួនចូលសាលារៀន។
ជាក់ស្តែង បច្ចុប្បន្នប៉ាម៉ាក់មួយចំនួនបានបញ្ជូនកូនទៅសាលាតាំងពីអាយុ ៦ ខែ ម្ល៉េះ ក៏ព្រោះកត្តាចាំបាច់ និង ភាពមមាញឹកផ្ទាល់ខ្លួន។ លើសពីនោះ ថ្នាក់មត្តេយ្យសិក្សាត្រូវបានបែកចែកជា ៣ កម្រិតរួមមាន៖ «ថ្នាក់ថែទាំ៖ កុមារចាប់ពីអាយុ ៦ ខែឡើង» «ថ្នាក់មត្តេយ្យកម្រិតទាប៖ កុមារចាប់ពីអាយុ ៣ ឆ្នាំ ទៅ ៥ ឆ្នាំ» និង «ថ្នាក់មត្តេយ្យកម្រិតខ្ពស់៖ កុមារចាប់ពីអាយុ ៥ ឆ្នាំ ទៅ ៦ ឆ្នាំ»។
យ៉ាងណា ការចាប់ផ្តើមមត្តេយ្យលឿន ឬយឺតអាចមានអត្ថប្រយោជន៍ផ្សេងគ្នា អាស្រ័យលើតម្រូវការ និង កាលៈទេសៈផ្ទាល់ខ្លួនរបស់កុមារ។ ខាងក្រោមនេះ គឺអត្ថប្រយោជន៍នៃការបញ្ជូនកូនទៅរៀនសាលាមត្តេយ្យមុនអាយុ ៥ ឆ្នាំ៖
១. ការត្រៀមខ្លួនការសិក្សារួចរាល់៖
កុមារខ្លះ អាចមានភាពជឿនលឿនក្នុងការសិក្សា ហើយត្រៀមខ្លួនសម្រាប់កម្មវិធីសិក្សា ដែលផ្តល់ជូននៅថ្នាក់មត្តេយ្យអំឡុងពេលគេចូលរៀនលឿន។ ការចាប់ផ្តើមលឿនបែបនេះ អាចឱ្យពួកគេកាន់តែវៃឆ្លាត និង ត្រៀមខ្លួនរួចជាស្រេចក្នុងវគ្គសិក្សាពិបាកជាងមុន។
២. ទំនាក់ទំនងសង្គម៖
កុមារតូចៗ អាចមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍជំនាញសង្គមសំខាន់ៗតាមរយៈការប្រាស្រ័យទាក់ទងជាមួយមនុស្សចាស់។ ចំណុចនេះ អាចជួយឱ្យពួកគេសម្របខ្លួនបានលឿនជាងមុនទៅនឹងស្ថានភាពសង្គម និង បង្កើតទំនុកចិត្តតាំងពីនៅតូច។
៣. ភាពងាយស្រួលការបន្តកម្រិតសិក្សា៖
ការឱ្យកូនចាប់ផ្តើមមត្តេយ្យសិក្សាកម្រិតទាបទាំងវ័យក្មេង (ក្រោមអាយុ ៥ ឆ្នាំ) អាចជាស្ពានមួយធ្វើឱ្យកូនទទួលយកការអប់រំប្រកបដោយភាពរលូន រាប់ចាប់តាំងពីកម្រិតសិក្សាបន្តបន្ទាប់រហូតដល់បញ្ចប់ការសិក្សា។
៤. ការកំណត់សមត្ថភាពរបស់កូនបានលឿន៖
គ្រូបង្រៀនអាចកំណត់ សមត្ថភាពនៃបញ្ហាប្រឈមក្នុងការសិក្សា ឬសក្តានុពល និង ទេពកោសល្យពិសេសរបស់កូនៗបានលឿន។ ចំណុចនេះ មិនថាភាពខ្វះខាតរបស់កូនៗ គ្រូបង្រៀនអាចអន្តរាគមន៍ទាន់ពេលវេលា ឬភាពពិសេសរបស់កូន គ្រូបង្រៀនអាចនឹងបង្កើនប្រសិទ្ធភាពបានកាន់តែប្រសើរ៕