ម៉ាក់ៗចំណាំ! ទាំងនេះជាកត្តាដែលប្រឈមការសម្រាលបុត្រមុនខែ
ការសម្រាលកូនមុនខែឬមិនគ្រប់ខែ គឺជាការសម្រាលមុនពេលកំណត់អាចពី ៣ សប្តាហ៍មុនគ្រប់ខែឬមុនហ្នឹងទៀត។ តាមធម្មតាកូនដែលកើតគ្រប់ខែត្រូវពពោះប្រមាណ ៤០ សប្តាហ៍ ខណៈដែលកូនមិនគ្រប់ខែកើតនៅត្រឹម ៣៧ សប្តាហ៍ចុះក្រោម។ ជាទូទៅ ការសម្រាលកូនមុនខែអាចធ្វើឱ្យម្តាយ និងកូនប្រឈមបញ្ហាសុខភាពផ្សេងៗ។ ដូចនេះ ដើម្បីត្រៀមខ្លួន និងបង្ការខ្លួនពីបញ្ហានេះ ស្ត្រីកំពុងគម្រោងពពោះទាំងឡាយ គួរគប្បីស្វែងយល់ពីកត្តាជាក់លាក់មួយចំនួន។
អ្នកជំនាញខាងផ្នែកសុខភាពជាច្រើន បានសម្គាល់ករណីស្ត្រីមានការប្រឈមខ្ពស់នូវការសម្រាលកូនមុនខែមានដូចជា៖
- ស្ត្រីធ្លាប់មានបទពិសោធសម្រាលកូនមុនខែ (ជាករណីប្រឈមជាងគេ)
- ស្ត្រីពពោះកូនភ្លោះពីរ ឬបី ឬលើសពីនេះ, បើតាមការសិក្សាបានបង្ហាញថា ស្ត្រីពពោះកូនភ្លោះមានឱកាសកើតមុនខែដល់ទៅ ៥០% បើធៀបទៅស្ត្រីពពោះកូនតែមួយមានឱកាសកើតមុនខែត្រឹមតែ ១០% ប៉ុណ្ណោះ
- ស្ត្រីប្រើវិធីបង្កកំណើតដោយឧបករណ៍វិទ្យាសាស្ត្រ ឬក្នុងមន្ទីរពិសោធន៍
- ស្ត្រីមានសរីរាង្គបន្តពូជមិនប្រក្រតី
- ស្ត្រីមានមាត់ស្បូនខ្លីអំឡុងពពោះ ឬមាត់ស្បូនចាប់ផ្តើមខ្លីនៅអំឡុងគភ៌ ៤-៦ ខែ។
យ៉ាងណាមិញ ក្រៅពីករណីខាងលើ ក្នុងនោះក៏មានលក្ខខណ្ឌវេជ្ជសាស្ត្រជាក់លាក់មួយចំនួនដែលធ្វើឱ្យប្រឈមសម្រាលកូនមុនខែផងដែរ។ ក្នុងនោះមានដូចជា៖
- ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រ
- ជំងឺឆ្លងមេរោគតាមរយៈការរួមភេទ
- ការឆ្លងមេរោគតាមទ្វារមាស ដូចជាបាក់តេរីទ្វារមាស និងជំងឺផ្សិតទ្រីកូម៉ូណាស់(trichomoniasis)
- ឡើងសម្ពាធឈាម
- ការហូរឈាមពីទ្វារមាស
- ការអភិវឌ្ឍន៍ការបង្កកំណើតទារកមិនប្រក្រតី
- ការមានផ្ទៃពោះតាមរយៈការបង្កកំណើតនៅមន្ទីរពិសោធន៍
- ស្គមពេកឬធាត់ពេកមុនពេលមានផ្ទៃពោះ
- មានផ្ទៃពោះកូនបន្ទាប់លឿនពេក (ចន្លោះទើបកើតរួចតិចជាង ៦ ខែ)
- សុកពាំងមាត់ស្បូន
- បញ្ហាកំណកឈាមនៅក្នុងសរសៃឈាម
- ជាតិស្ករឡើងខ្ពស់ ឬ ស្ត្រីកើតជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។
ចំណែកកត្តាផ្សេងទៀតអាចមានដូចជា៖
- ស្ត្រីមានគភ៌អាយុក្រោម ១៨ ឆ្នាំ
- ស្ត្រីទើបចាប់ផ្តើមមានគភ៌នៅអាយុ ៣៥ ឆ្នាំឡើង ដោយសារក្នុងវ័យនេះស្ត្រីអាចមានជំងឺឡើងសម្ពាធឈាម ឬ ជំងឺទឹកនោមផ្អែម
- ទម្លាប់រស់នៅរួមមាន៖ មិនតាមដានសុខភាព ឬតាមដានសុខភាពយឺតពេល, ជក់បារី, ផឹកស្រា និងប្រើថ្នាំផ្សេងៗ
- ការប្រើអំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធផ្លូវកាយ ផ្លូវភេទ និងផ្លូវអារម្មណ៍
- អារម្មណ៍ស្ត្រេស
- ធ្វើការឈររយៈពេលយូរ
- រស់នៅក្នុងបរិស្ថានពោរពេញទៅដោយជាតិពុល៕