ប្តីល្អកម្រចោលប្រពន្ធ នេះជាភារកិច្ច ៧ យ៉ាង របស់ប្តីតែងធ្វើពេលប្រពន្ធចាញ់កូន
ចាញ់កូន ជាពាក្យត្រឹមតែពីរម៉ាត់ តែទម្រាំឆ្លងកាត់បានត្រូវជួបនូវអារម្មណ៍ និង អាការដែលហួសនឹងបរិយាយ។ អំឡុងចាញ់កូន ស្វាមីគឺជាមនុស្សតែម្នាក់ដែលនៅជិតបំផុត ទោះជួយអ្វីមិនបានច្រើន តែក៏ត្រូវតែជាមនុស្សម្នាក់ដែលអាចពឹងពាក់បាន។ នេះជាភារកិច្ចដែលស្វាមីល្អគួរធ្វើនៅពេលប្រពន្ធចាញ់កូន៖
១. តែងតែស្តាប់ និង ជាបង្អែក
មិនថារវល់យ៉ាងណា បើភរិយាយនិយាយអ្វី ទោះត្រូវចិត្ត ឬ មិនត្រូវចិត្ត អ្នកជាស្វាមីត្រូវតែធ្វើជាមនុស្សដែលតែងតែស្តាប់ និង ធ្វើតាមអ្វីដែលភរិយាចង់បានឱ្យបាន។ តួយ៉ាង នៅពេលចាញ់កូន ស្ត្រីភាគច្រើនតែងមានអារម្មណ៍មួម៉ៅ និង ឃ្លានអ្វីប្លែកៗសឹងថាខុសមនុស្សពីមុន។ អ្នកគប្បីប្រញាប់ស្វែងរក និងបំពេញអ្វីដែលភរិយាចង់បាន។ ទន្ទឹមគ្នានេះ អ្នកក៏ត្រូវនិយាយលើកទឹកចិត្តភរិយាផងដែរ ដោយសារពេលចាញ់កូនអាការមិនស្រួលខ្លួនអាចធ្វើឱ្យអារម្មណ៍ឆាប់ធ្លាក់ចុះបំផុត។
២. រៀបចំអាហារពេលព្រឹក
ដឹងថាភរិយាចាប់ផ្តើមចាញ់កូនភ្លាម អ្នកត្រូវតែជាមនុស្សម្នាក់ដែលដឹងសុខទុក្ខភ្លែត។ អ្នកអាចស្រាវជ្រាវនៅលើ Google អំពីអាហារពេលព្រឹកណាដែលល្អ ជាពិសេសអាហារសម្រួលក្រពះ សម្រួលអាការចាញ់កូន ដើម្បីត្រៀមទុករួចជាស្រេចមុនពេលភរិយាក្រោកពីដំណេក។ លើសពីអាហារពេលព្រឹក អ្នកអាចត្រៀមអាហារសម្រន់ផ្សេងៗសម្រាប់ភរិយាហូបពេញមួយថ្ងៃ។ ការធ្វើដូចនេះក៏អាចជួយផ្តល់សារធាតុចិញ្ចឹមបន្ថែមមានប្រយោជន៍ទាំងម្តាយ និងកូន។
៣. ជួយការងារធ្ងន់
រាល់ការងារផ្ទះធ្ងន់ៗ ឬការងារដែលអាចបង្កហានិភ័យចំពោះគភ៌ គួរមានអ្នកធ្វើជំនួស តែបើគ្មាន អ្នកជាស្វាមីត្រូវតែជាមនុស្សម្នាក់ដែលធ្វើរឿងទាំងនេះ។ សូម្បីការជូនចេញទៅខាងក្រៅ ឬ ជូនទៅធ្វើការក៏ត្រូវបានរាប់បញ្ចូលផងដែរ។
៤. នាំប្រពន្ធចេញស្រូបខ្យល់អាកាស
ពេលខ្លះការស្រូបខ្យល់អាកាសស្រស់ស្រាយអាចជួយបន្ធូរអារម្មណ៍មួយកម្រិត។ អ្នកអាចនាំភរិយាដើរចេញមកស្រូបខ្យល់អាកាសខាងក្រៅមួយថ្ងៃ ២ ទៅ ៣ ដង។ ការនៅតែក្នុងបន្ទប់ឬកន្លែងស្មុគដដែលៗអាចធ្វើឱ្យភរិយាកាន់តែកើតអារម្មណ៍តប់ប្រមល់ និង ចង់ក្អួតចង្អោរកាន់តែខ្លាំង។
៥. សម្រាកឱ្យបានច្រើន
ក្រៅពីឆ្លៀតស្រូបខ្យល់អាកាស អ្នកត្រូវឱ្យភរិយាសម្រាកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលសំខាន់កន្លែងសម្រាកត្រូវតែមានភាពស្ងប់ស្ងាត់ និង ខ្យល់ចេញចូលល្អ។
៦. រកសម្លៀកបំពាក់រលុងៗ
ការស្លៀកពាក់រឹបរាង អាចធ្វើឱ្យអាការៈចាញ់កូនកាន់តែយ៉ាប់យ៉ឺន។ ដូចនេះ បើភរិយាមិនទាន់បានត្រៀម អ្នកជាស្វាមីត្រូវស្វះស្វែងរកភ្លាម រកសម្លៀកបំពាក់ណាដែលរលុងៗ និង សាច់ក្រណាត់ត្រជាក់ស្រួលខ្លួន។
៧. មើលថែផ្ទាល់ដៃ
ចាញ់កូនរមែងតែមានអាការក្អួតចង្អោរ អ្នកជាស្វាមីគួរឆ្លៀតនៅមើលថែមិនថាការជួយគក់ច្របាច់នៅពេលក្អួត ជួយលើក ជួយគ្រានៅពេលប្រពន្ធគ្មានកម្លាំង។ ត្រូវជួយលើកទឹកចិត្តឱ្យភរិយាព្យាយាមញុំាអាហារប៉ូវផ្សេងៗដើម្បីបង្កើនកម្លាំង។ ករណីភរិយាពិបាកទ្រាំ ឬ ខ្សោយខ្លាំងគួរប្រញាប់យកទៅមន្ទីរពេទ្យ។ បើអ្នកមិនសូវនៅផ្ទះគួរមាននរណាម្នាក់ដែលអាចជួយមើលថែ ហើយឧស្សាហ៍ទូរស័ព្ទសួរសុខទុក្ខភរិយាឱ្យបានញឹកញាប់៕