កុំនឹកឃើញចេះតែញ៉ាំណា៎! អាហារ ៤ យ៉ាងនេះ អាចធ្វើឱ្យអាការចាញ់កូនកាន់តែខ្លាំងលើសដើម
៦៥ ភាគរយនៃស្ត្រីចាញ់កូន តែងកើតអាការក្អួតចង្អោរ ខណៈជាទូទៅវាកើតឡើងនៅពេលគភ៌មានអាយុពី ៤ ទៅ ៨ សប្តាហ៍ ហើយអាចបន្តរហូតដល់ ១២ ទៅ ១៦ សប្តាហ៍ឬលើសពីនេះ។
អំឡុងពេលចាញ់កូន ស្ត្រីតែងមានចំណង់អាហារប្លែកៗទៅតាមធម្មជាតិរបស់ខ្លួន។ ទន្ទឹមគ្នានេះ ការបរិភោគអាហារមួយចំនួនក៏អាចធ្វើឱ្យក្អួតចង្អោរផងដែរ។ ជាក់ស្តែង តាមអ្នកជំនាញលើកឡើង មានអាហារ ៤ យ៉ាងដែលធ្វើឱ្យអាការក្អួតចង្អោរកាន់តែអាក្រក់លើសដើម។ ក្នុងនោះរួមមាន អាហារផ្អែម, អាហារហឹរ, អាហារខ្លាញ់ ឬ អាហារបំពង និង ពពួកអាហារដែលធ្វើឱ្យក្តៅក្នុង។
សម្រាប់ការបរិភោគអាហារ ដើម្បីសម្រួល និង កាត់បន្ថយកុំឱ្យក្អួតចង្អោរ ស្ត្រីអាចអនុវត្តដូចខាងក្រោម៖
១. កុំផឹកទឹកនៅពេលកំពុងបរិភោគអាហារ ដោយសារពេលទឹកចូលទៅក្រពះច្រើនព្រមគ្នាអាចធ្វើឱ្យមានអារម្មណ៍ចង់ក្អួត។
២. ហូបអាហារតែនៅពេលឃ្លាន និង អាហារដែលធ្វើឱ្យអ្នកស្រួលអារម្មណ៍។
៣. បើក្រពះគ្មានអ្វីសោះ វាអាចធ្វើឱ្យកើតចង្អោររកក្អួត ដូចនេះត្រូវហូបអាហារ ឬ អាហារសម្រន់នៅរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។
៤. ហូបយឺតៗ ហូបមួយៗ កាលណាហូបលឿនអាចធ្វើឱ្យក្រពះទទួលយកមិនទាន់បង្កជាករណីរកក្អួតវិញ។
៥. បន្ទាប់ពីបរិភោគអាហារ ជៀសវាងគេងភ្លាមៗ អាចអង្គុយទម្រេតខ្លួន ៤៥ ដឺក្រេ ហោចណាស់ ៣០ នាទីបន្ទាប់ពីបរិភោគរួច៕