កុំភ័យបារម្ភអី! សញ្ញាសំខាន់ៗ ៧ យ៉ាងនេះ នឹងកើតមានឡើងនៅពេលអ្នកកំពុងមានបេប៊ីក្នុងត្រីមាសទីមួយ
ការចាប់ផ្តើមមានកូន ជាពិសេសស្ត្រីទើបមានកូនដំបូង តែងមានអារម្មណ៍ភ័យ និង បារម្ភនៅពេលមានសញ្ញាប្រែប្រួលណាមួយនៅលើរាងកាយ។ ការដឹងមុនពីសញ្ញាដែលនឹងកើតឡើង វាអាចជួយឱ្យអ្នកមានសុវត្ថិភាពផ្លូវចិត្ត និង បានត្រៀមទុកមុនពីវិធីទប់ទល់ ឬ គ្រប់គ្រងវាបានល្អ។ នៅអំឡុងមានផ្ទៃពោះបីខែដំបូង ឬ យើងហៅថាត្រីមាសទី ១ សញ្ញាប្លែកៗអាចកើតមានឡើងនៅលើរាងកាយ ក្នុងនោះបន្ទាប់ពីបាត់រដូវហើយនោះ នៅសប្តាហ៍បន្ទាប់អ្នកនឹងមានសញ្ញាដូចជា ៖
- ឡើងសុដន់ ៖ ពេលចាប់ផ្តើមមានផ្ទៃពោះ អ័រម៉ូនមានការផ្លាស់ប្តូរធ្វើឱ្យសុដន់ឆាប់ស្រៀវឬឈឺនៅពេលប៉ះ ប៉ុន្តែសញ្ញានេះវានឹងធូរស្បើយទៅវិញនៅ ២ ទៅ ៣ សប្តាហ៍បន្ទាប់។
- ក្អួតចង្អោរ ៖ អ្នកចាប់ផ្តើមមានអារម្មណ៍ចង្អោរក្រពះរកក្អួត ដែលជាទូទៅគេហៅអាការៈចាញ់កូន។ វាកើតឡើងមិនរើសពេលឡើយ ទាំងពេលថ្ងៃ និង ពេលយប់។ តាមធម្មតាអាការចាញ់កូនអាចកើតឡើងនៅចន្លោះរវាងសប្តាហ៍ទី ៤ ដល់សប្តាហ៍ទី ៩។ វាកើតឡើងដោយសារតែកម្រិតអ័រម៉ូនកើនឡើង។
- នោមញឹក ៖ អ្នកនឹងចាប់ផ្តើមនោមច្រើនជាងធម្មតា នេះក៏ដោយសារបរិមាណឈាមនៅក្នុងរាងកាយកើនឡើងច្រើនជាងមុន ដែលជាហេតុធ្វើឱ្យតម្រងនោមដំណើរការជាតិទឹកច្រើនជាងសព្វដង។
- រហិតរហៃ ៖ ចាប់ផ្តើមពពោះ អ្នកនឹងមានអារម្មណ៍អស់កម្លាំងរហិតរហៃខ្លាំង នេះក៏ដោយសារអ័រម៉ូន progesterone កើនឡើង។ អំឡុងនេះអ្នកគប្បីសម្រាកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អាចពេលថ្ងៃរសៀល ឆ្លៀតសម្រាករយៈពេល ១៥ នាទីជាប្រចាំ។ ដើម្បីបង្កើនកម្លាំងវិញ វាតម្រូវឱ្យអ្នកទទួលទានអាហារល្អចំពោះសុខភាព និងធ្វើលំហាត់ប្រាណខ្លះៗកាន់តែប្រសើរ។
- ជួនឃ្លាន ជួនខ្ពើមអាហារ ៖ នៅពេលពពោះ អ្នកនឹងមានចំណង់អាហារខ្លាំង ជាពិសេសម្ជូរ ជួនអាហារប្លែកៗផងដែរ។ ក្រៅពីនេះ ការចាប់ក្លិនរបស់អ្នកក៏មានការផ្លាស់ប្តូរ បើអាហារក្លិនខ្លាំងៗអាចនឹងធ្វើឱ្យកើតអារម្មណ៍ចង្អោរចង់ក្អួត។
- ក្រហាយទ្រូង ៖ អ័រម៉ូនប្រែប្រួលអាចធ្វើឱ្យការរំលាយអាហារធ្លាក់ចុះ។ ករណីនេះវាធ្វើឱ្យអាស៊ីតលេចទៅក្នុងបំពង់អាហារបង្កជាករណីក្រហាយទ្រូង។
- ទល់លាមក ៖ នៅពេលអ័រម៉ូន progesterone ឡើងខ្ពស់ វាធ្វើឱ្យចលនារំកិលអាហារទៅក្នុងប្រព័ន្ធរំលាយអាហារយឺតបង្កជាករណីទល់លាមក។ ចំណែកឯការរីកធំនៃស្បូនក៏បានដាក់សម្ពាធទៅលើពោះវៀនផងដែរ៕