ប្រុងប្រយ័ត្ន នេះជាកត្តាប្រឈមរលូតនៅអំឡុងពពោះត្រីមាសទី ១
ទើបចាប់ផ្តើមពពោះ ជាពិសេសនៅត្រីមាសទី១ ជាអំឡុងពេលងាយប្រឈមបញ្ហារលូតបំផុត។ ពពោះត្រីមាសទី ១ ឬ ១២ សប្តាហ៍ដំបូង ជាពេលដែលត្រូវយកចិត្តទុកដាក់ទៅលើការថែទាំខ្លួន រាប់តាំងពីឥរិយាបថ ដេក ដើរ ឈរ អង្គុយ រហូតដល់ការហូបចុក។ ការប្រឈមរលូតកូនអាចមានច្រើនករណី តែបើយើងបានដឹងមុន និងត្រៀមខ្លួនរួចរាល់ វាអាចជួយកាត់បន្ថយហានិភ័យបានមួយកម្រិតទៀត។ «អ្នកម្តាយប្រជាប្រិយ» សូមលើកពីកត្តា ៨ យ៉ាង ដែលស្ត្រីពពោះងាយប្រឈមរលូតកូននៅអំឡុងត្រីមាសទី ១។
១. ភាពមិនប្រក្រតីនៃក្រូម៉ូសូម ៖ កត្តាចម្បងនៃការរលូតកូននៅត្រីមាសទី១ គឺការមានភាពមិនប្រក្រតីនៃក្រូម៉ូសូមនៅក្នុងពេលទារកកំពុងបង្កកំណើតនៅក្នុងស្បូន។ បញ្ហានេះកើងឡើងនៅពេលដែលកោសិកាមានការបែងចែក និងរារាំងកោសិកាទារកពីការបង្កកំណើតត្រឹមត្រូវដែលបណ្តាទៅជារលូត។
២. កត្តាអាយុ ៖ នៅពេលស្ត្រីមានអាយុកាន់តែច្រើន គុណភាពនៃស៊ុតសម្រាប់បង្កកំណើតមានការធ្លាក់ចុះ ជាពិសេសស្ត្រីមានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ។ កត្តានេះអាចធ្វើឱ្យការបង្កកំណើតមានលទ្ធភាពខ្សោយ ជាករណីងាយរលូតបំផុត។
៣. អតុល្យភាពអ័រម៉ូន ៖ នៅពេលអ័រម៉ូនមិនមានតុល្យភាព ជាពិសេសកម្រិតអ័រម៉ូន progesterone វាអាចប៉ះពាល់ដល់លទ្ធភាពមានផ្ទៃពោះ និង បង្កើនហានិភ័យនៃការរលូតកូន។ ពិតប្រាកដណាស់ អ័រម៉ូន progesterone មានសារសំខាន់សម្រាប់ថែរក្សាស្រទាប់ស្បូន និងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។
៤. លក្ខខណ្ឌវេជ្ជសាស្ត្រ៖ លក្ខខណ្ឌវេជ្ជសាស្ត្រដែលបណ្តាលឱ្យរលូតកូនមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត (thyroid disorders) ជំងឺប្រព័ន្ធភាពសាំប្រឆាំងនឹងខ្លួនឯង (autoimmune diseases) ជំងឺថង់គីសក្នុងអូវែ (polycystic ovary syndrome) និងភាពមិនប្រក្រតីនៃប្រព័ន្ធបន្តពូជ។ លើសពីនេះជំងឺរុំារ៉ៃផ្សេងៗដែលមិនអាចគ្រប់គ្រងបានក៏អាចធ្វើឱ្យសុខភាពពពោះប្រឈមផងដែរ។
៥. ការឆ្លងមេរោគ ៖ ការឆ្លងមេរោគផ្សេងៗអាចមានដូចជា ឆ្លងមេរោគតាមរយៈការរួមភេទ ទ្វារមាសមានបាក់តេរី និង ការឆ្លងមេរោគតាមទឹកនោមជាដើម សុទ្ធសឹងអាចបង្កហានិភ័យរលូតកូនខ្ពស់។
៦. ទម្លាប់រស់នៅ ៖ ទម្លាប់អាក្រក់មិនត្រឹមតែប្រឈមការលូតប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ទៅដល់ការអភិវឌ្ឍន៍របស់សុក និង ស្ត្រីជាអ្នកពពោះផងដែរ។ ទម្លាប់ទាំងនោះមានដូចជា ការជក់បារី ផឹកស្រាច្រើន ប្រើប្រាស់ថ្នាំលេបញឹកញាប់ ការឡើងទម្ងន់ និង ការចូលចិត្តរស់នៅកន្លែងមានបរិយាកាសពោរពេញទៅដោយជាតិពុល។
៧. មិនថ្នមខ្លួន ៖ បើមិនផ្លាស់ប្តូរទម្លាប់ធ្វើសកម្មភាពប្រចាំថ្ងៃទេ មិនយូរមិនឆាប់អ្នកនឹងប្រឈមរលូតមិនខាន។ សកម្មភាពលើករបស់ធ្ងន់ៗ ការរត់ហក់លោត សូម្បីការជិះម៉ូតូឬកង់ក៏ត្រូវបានរាប់បញ្ចូលផងដែរ ដោយហេតុពេលមានគ្រោះថ្នាក់ងាយណាស់នឹងរលូត៕