ទោះចូលខែភ្លៀង តែជាតិទឹកនៅតែសំខាន់ ស្ត្រីពពោះគប្បីដឹងពីភេសជ្ជៈដែលគួរ និងមិនគួរផឹកនៅរដូវនេះ
សម្រាប់ស្ត្រីកំពុងពពោះ ជាតិទឹកពិតជាមានសារសំខាន់ ជាពិសេសមិនថានៅរដូវក្តៅ សូម្បីឈានចូលមកដល់រដូវភ្លៀង វាក៏តម្រូវបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ផងដែរ។ តួយ៉ាងការកើនឡើងកម្តៅនៅក្នុងខ្លួន ជាដើមហេតុធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដូចនេះស្ត្រីគប្បីផឹកទឹកដោយបានច្រើន រួមទាំងស្វែងយល់អំពីប្រភេទជាតិទឹកដែលផ្តល់ប្រយោជន៍ចំពោះសុខភាពក្នុងពេលតែមួយ។ «ប្រជាប្រិយ» សូមណែនាំនូវភេសជ្ជៈដែលស្ត្រីកំពុងពពោះគួរ និង មិនគួរផឹកនៅដើមរដូវភ្លៀងនេះ។
- ភេសជ្ជៈគួរទទួលទាន
ទឹក៖ ទឹកជាជម្រើសល្អបំផុតសម្រាប់បំពេញជាតិទឹក។ គួរផឹកទឹកឱ្យបានពី ២ លីត្រ ទៅ ២ លីត្រកន្លះក្នុងមួយថ្ងៃ។ ត្រូវផឹកទឹកដែលស្អាតអាចជាទឹកដាំឆ្អិន ឬទឹកចម្រោះ។
ទឹកដូង៖ ទឹកពីផ្លែឈើធម្មជាតិនេះ ជាប្រភពផ្ទុកទៅដោយសារធាតុ អេឡិចត្រូលីត (electrolytes) វាជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបំពេញជាតិទឹកបានល្អ។ វាក៏ជាប្រភពនៃប៉ូតាស្យ៉ូមដែលជួយសម្រួលសម្ពាធឈាមផងដែរ។
ទឹកក្រូចឆ្មារ Lemonade ត្រាំ៖ ជាទូទៅភេសជ្ជៈនេះគេធ្វើវាដោយប្រើក្រូចឆ្មារ Lemonade ឬក្រូចឆ្មារលឿងចិតជាចំណិតៗដាក់ត្រាំនៅក្នុងទឹករួចយកមកពិសា។ ភេសជ្ជៈនេះជួយបំពេញជាតិទឹកជាមួយវីតាមីន C ហើយជួយឱ្យអារម្មណ៍ស្រស់ស្រាយទៀតផង។ បើអាចជៀសវាងបន្ថែមស្ករច្រើន។
តែប្រហើរ៖ អាចមានដូចជាតែខ្ញី ឬ តែជីរអង្កាមជាដើម។ វាជួយបន្ធូរអារម្មណ៍ សម្រួលតឹងច្រមុះ ជាពិសេសសម្រួលអាការៈចាញ់កូន។ ដោយឡែកពីតែប្រហើរពីរខាងលើ មានតែប្រហើរមួយចំនួនដែលមិនមានសុវត្ថិភាពសម្រាប់ស្ត្រីពពោះ ដូច្នេះបើចង់សាកល្បងតែប្រហើរផ្សេងគួរពិភាក្សាជាមួយគ្រូពេទ្យជាមុន។
- ភេសជ្ជៈមិនគួរទទួលទាន
កាហ្វេ៖ ត្រូវកំណត់ការផឹកកាហ្វេ និងភេសជ្ជៈមានជាតិអ៊ីនឡើងវិញ ប្រសិនបើអ្នកស្គាល់ឃើញថាខ្លួនមានចំណូលចិត្តទៅលើវា។ ជាក់ស្តែង ជាតិកាហ្វេអ៊ីនច្រើនអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងបង្កផលវិបាកផ្សេងៗនៅអំឡុងពពោះ។
ភេសជ្ជៈមានជាតិស្ករ៖ ជៀសវាងភេសជ្ជៈដូចជាសូដា ទឹកក្រូចកំប៉ុង និងទឹកក្រូចកែច្នៃដែលបន្ថែមជាតិស្ករ។ វាជាករណីបង្កឱ្យឡើងទម្ងន់ និងប្រឈមជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ។
ភេសជ្ជៈគ្មានអនាម័យ៖ ជៀសវាងភេសជ្ជៈស្រស់ៗដែលមិនបានឆ្លងកាត់ស្តង់ដាអនាម័យត្រឹមត្រូវ ដូចជាទឹកដោះគោស្រស់ដែលច្របាច់មកភ្លាមៗជាដើម។ វាអាចនាំមកជាមួយបាក់តេរីដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃនៅអំឡុងពពោះ។
សុរា៖ មិនចាំបាច់ប្រាប់ក៏អ្នកដឹងថាស្រា ស្រាបៀរ និងភេសជ្ជៈមានជាតិអាកុល សុទ្ធតែមិនសមស្របសម្រាប់ទទួលទាននៅអំឡុងពេលមានផ្ទៃពោះ។ យល់ល្អចាំសម្រាលរួចសិនទើបជាការប្រសើរ៕